
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន”
ពិធីបើកជាផ្លូវការ “ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” បានប្រារព្ធឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន។
តាមរយៈគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹង ទំនាក់ទំនងនៃចំណងមិត្តភាពត្បូងពេជ្រ ។
នៅក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ មានសុទិដ្ឋិនិយមថា ការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន»។
សម្តេច បានគូសបញ្ជាក់ថា តាមរយៈការកំណត់ យកឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» នឹងអាចផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់ លើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
ពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យទេសចរណ៍ និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតប្រៀបបានសរសៃអំបោះដែលវេញចូលគ្នា បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនូវភាពទាក់ទាញ និងភាពប្រកួតប្រជែង សម្រាប់តំបន់ទេសចរណ៍ ក៏ដូចជាសម្រាប់ប្រទេសជាតិ។
វិស័យវប្បធម៌បានដើរតួនាទីជាឧបករណ៍ដ៏មាន ប្រសិទ្ធភាព សម្រាប់អភិវឌ្ឍផលិតផលទេសចរណ៍។ ជាមួយគ្នានេះ វិស័យទេសចរណ៍បានបង្កើតនូវប្រភពចំណូល និងធនធាន ដែលអាចគាំទ្រ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យនៃភាពច្នៃប្រឌិត និងសាកលភាវូបនីយកម្ម។ ទេសចរណ៍ និងវប្បធម៌ មានភាពផ្សារភ្ជាប់គ្នាតាមរយៈសក្កានុពលនៃកំណើនវិស័យទាំងពីរផងដែរ ក្នុងនោះទេសចរណ៍វប្បធម៌ គឺជាទីផ្សារទេសចរណ៍ពិភពលោកដែលមានទំហំធំជាងគេ និងមានការកើនឡើងខ្លាំងជាងគេ ហើយវប្បធម៌ និងឧស្សាហកម្មសិល្បៈច្នៃប្រឌិត ត្រូវបានកំពុងប្រើប្រាស់កាន់តែខ្លាំងឡើងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍នីមួយៗ។
ការប្រើប្រាស់ និងការច្នៃប្រឌិតវប្បធម៌ដើម្បីបង្កើនភាពទាក់ទាញនៃទីផ្សារទេសចរណ៍ បានជំរុញឱ្យមានភាពសម្បូរបែបនៃអត្តសញ្ញាណក្នុងតំបន់ និងលើកស្ទួយរូបភាពនៃគោលដៅទេសចរណ៍។ កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ ។
ពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូ មិត្តភាពកម្ពុជា-ចិន រួមជាមួយការ ទូងស្គរ ប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរ កម្ពុជា-ចិន សរុបជាង ១០០០នាក់។
ព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានការផ្សាយផ្ទាល់ពិសេសដោយ ទូរទស្សន៍ជាតិកម្ពុជា ទទក រួមទាំងមានការផ្សាយបន្តផ្ទាល់នៅលើបណ្តាញទូរទស្សន៍នៅកម្ពុជា ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា នៃប្រទេសចិន ៕