​ឯកឧត្តម​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សមត្ថភាព​កីឡាករ កីឡាការិនី​វ័យក្មេង តេក្វាន់​ដូ ITF ជា​ថ្នាល​បន្តវេន​ប្រកបដោយ​ក្តី​សង្ឃឹម​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់​ដូ ITF កម្ពុជា​បាន​លើកឡើង​ថា ៖«​ខ្ញុំ​ពិតជា​មាន​ក្តី​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ឃើញ​ពី​ការបញ្ចេញ​អស់ពី​សមត្ថភាព​របស់​កីឡាករ កីឡា​រិនី​វ័យក្មេងៗ ប្រកបដោយ​ក្តី​សង្ឃឹម ដែលជា​អ្នក​បន្តវេន​កីឡា​តេក្វាន់​ដូ ITF កម្ពុជា​»​។​

​នេះ​ជា​ការលើកឡើង​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី នៅក្នុង​ឱកាស​បិទ​ការប្រកួត​កីឡា​តេក្វាន់​ដូ ITF សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ ឆ្នាំ​២០២៤ កាលពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២៤ នៅ​សាល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
​ឯកឧត្ដម កែវ រ៉េមី មានប្រសាសន៍ថា ៖«​ខ្ញុំ​មាន​សេចក្តីត្រេកអរ ដោយ​បាន​ឃើញ​អ្នក​បន្តវេន​របស់​កីឡាករ កីឡាការិនី​វ័យក្មេង​លើ​ប្រភេទ​កីឡា​តេក្វាន់​ដូ ITF កម្ពុជា ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដោយ​បង្ហាញ​សមត្ថភាព​ល្អ​សឹង​មិន​គួរឱ្យ​ជឿ​។

​អ្នក​បន្តវេន​ទាំងអស់​នឹង​បន្ត​ត្រៀម​ឆ្ពោះ​ទៅ​ចូលរួម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​កម្រិត​អាស៊ី និង​ពិភពលោក នា​ថ្ងៃ​អនាគត​។ ទំពាំង​ស្នង​ឫស្សី​នេះ គឺ​យើង​មិន​អាច​ភ្លេច​នូវ​ការដឹងគុណ​ចំពោះ​សម្តេច​តេជោ អតីត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​បន្ត​មក​ដល់​សម្តេច​ធិបតី ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ ដែល​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​សេនាធិការ ដោយ​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ដល់​កីឡា​តេក្វាន់​ដូ ITF កម្ពុជា ក៏ដូចជា​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​»​។​

​ឯកឧត្ដម​ប្រធាន​សហព័ន្ធ​ក៏​បាន​កោតសរសើរ​ចំពោះ​កីឡាករ កីឡា​រិនី ព្រម​ទាំង​ឪពុក​ម្តាយ អាណា​ព្យាបាល​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​គាំទ្រ​ដល់​កូនៗ​របស់ខ្លួន ដើម្បី​បន្ត​បណ្តុះបណ្តាល​ថ្នាល​បន្តវេន​តទៅ​ថ្ងៃ​អនាគត​។

​ការហ្វឹកហាត់​កីឡា​នាំឱ្យ​មាន​សុខភាព​ល្អ មាន​ស្មាតី​រឹងមាំ ព្រមទាំង​ការគោរព​វិន័យ​បាន​ល្អ​ប្រសើរ​ផង​ដែរ​។ «​ប្អូន​ក្មួយៗ​មិន​តែ​មាន​សមត្ថភាព​ល្អ​ទាំង​វ័យក្មេង​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ចិត្ត​ស្រឡាញ់​គ្នា​ក្នុងនាម​ជា​កីឡាករ​-​កីឡាការិនី​ដូចគ្នា​។

​ជាក់ស្ដែង​នៅ​ពេល​មានការ​ប៉ះពារ​តែង​មាន​ការជួយ​លើកគ្នា​ញញឹម​សប្បាយរីករាយ ដែល​នេះ​ស្ដែង​ឱ្យឃើញ​ពី​ទឹកចិត្ត​ល្អ​ប្រពៃ​ក្នុង​ចំណងមិត្តភាព តាមរយៈ​ការប្រកួត​កីឡា​»​។ ចំណុច​សំខាន់​មួយទៀត គឺ​អ្នក​ហាត់​គុន​ទាំងអស់​អាច​ការពារ​ខ្លួនឯងបាន ហើយ​សូម​បន្ត​ការខិតខំ​រៀនសូត្រ​នៅ​សាលា ដោយ​ត្រូវ​ខំ​រៀន​ផង និង​ខំ​ហ្វឹកហាត់​ក្បាច់គុន​ផង​។​

​ជុំវិញ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ លើ​ប្រភេទ​កីឡា​តេក្វាន់​ដូ ITF នេះ ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ សហព័ន្ធ​កីឡា​តេក្វាន់​ដូ ITF កម្ពុជា​បាន​បញ្ជាក់ជូន​ថា ការ​តេក្វាន់​ដូ ITF នេះ​មាន​១១​រាជធានី​-​ខេត្ត​បាន​ចូលរួម ដោយ​មាន​កីឡាករ កីឡាការិនី​សរុប ៦៣​នាក់ ក្នុងនោះ​កុមារា ៣៤​នាក់ និង​កុមារី​ចំនួន​២៩​នាក់​។​

​ក្រោយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​លើ​វិញ្ញាសា​ចំនួន​៨ ជ័យលាភី​រួមមាន​៖ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តរតនគិរី​ឈរ​លេខ​១​ដោយ​ដណ្តើមបាន​មេដាយមាស​២​គ្រឿង ប្រាក់​១​គ្រឿង​, មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង​ឈរ​នៅ​លេខ​រៀង​ទី​២ ដោយ​ទទួលបាន​មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​២ ខណៈ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​ទទួលបាន​មេដាយមាស​១​គ្រឿង និង​មេដាយប្រាក់​២​គ្រឿង​៕