​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំ​គណៈប្រតិភូ​នៃ​ស្ថានទូត​បណ្តា​សមាជិក​អាស៊ាន​ប្រចាំ​កម្ពុជា ចុះ​ទស្សនកិច្ច​សកម្មភាព​បោសសម្អាត​មីន​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​

ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ តាងនាម សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​ស្ថានទូត​បណ្តា​សមាជិក​អាស៊ាន​ប្រចាំ​កម្ពុជា​ទាំងអស់ ចុះ​ពិនិត្យ​សកម្មភាព​បោសសម្អាត​មីន​របស់​អង្គការ Halo Trust នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន Prince Holding Group ។​

​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​នេះ រៀបចំ​ឡើង​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ដឹកនាំ​ដោយ ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​នៃ​មជ្ឈមណ្ឌល ARMAC និង​លោកស្រី ប៊ុត រតនា នាយិកា​ប្រតិបត្តិ ARMAC ។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី និង​ភារកិច្ច​របស់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​(ARMAC) ក្នុង​ការដឹកនាំ និង​សម្របសម្រួល​វិស័យ​សកម្មភាព​មីន​ថ្នាក់​តំបន់​អាស៊ាន​កន្លងមក ដែល​មជ្ឈមណ្ឌល​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ហើយ​បច្ចុប្បន្ន​សម្តេច​តេជោ ត្រូវបាន​ជ្រើសរើស​ជា​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ ត្រូវបាន​ទទួល​ការអបអរសាទរ និង​គាំទ្រ​ពី​បណ្តា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ទាំងអស់ កាលពី​អំឡុង​ពេល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២​។​

​ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​អំពី​គោលនយោបាយ​ការទូត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបន្ត​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឱ្យ​អាស៊ាន​សម្រេចបាន​នូវ​គោលដៅ “​សហគមន៍​រួម វាសនា​រួម​” និង​ដើម្បី​ផលប្រយោជន៍​រវាង​ប្រទេស​ជាតិ​និង​ប្រទេសជាតិ ប្រជាជន​និង​ប្រជាជន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ក្នុង​ការដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំង​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ពិភពលោក តាមរយៈ​ការចូលរួម​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល​បច្ចេក​ទេស និង​មន្ត្រី​ជំនាញ ជាដើម​។​

​ជា​ចុងក្រោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​សហការ​រៀបចំ​របស់​អង្គការ Halo Trust ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​សម្រេចបានរ​បស់​អង្គការ Halo Trust ដែល​បាន​ចូលរួម​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩១ ហើយ​បាន​ចាត់ទុក​អង្គការ Halo Trust ជា​ដៃគូ​យ៉ាងរឹងមាំ​ឆ្ពោះទៅ​រក​កម្ពុជា​មួយ​ដែល​គ្មាន​មីន​នាពេល​ដ៏​ខ្លី​ខ​ខាងមុខ​៕