ពលរដ្ឋ​ស្នើសុំ​ឯកឧត្តម ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក ផុន ខែម​រិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ជួយ​ទ​ប​ស្កាត់​ផង​ជនជាតិ​វៀតណាម ជាច្រើន​អ្នក​ប្រដាប់​ដោយ​រណារយន្ត​គ្រប់​ដៃ​កំពុង​ចូល​កាត់​រំលំ​ដើម​សម្រង​ព្រៃ​យក​ផ្លែ​នៅ​តំបន់​”​អូរ​ចា​ដង់​យ៉​ល​រហូត​ដល់​កន្ទុយ​នាគ​”

ខេត្ត​រតនគិរី​៖ តាម​សេចក្តីរាយការណ៍​ពី​ក្រុម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ថ្មីៗ​នេះ​ត្រូវ​គេ​ឃើញ​មាន​ជនជាតិ​វៀតណាម ជាច្រើន​អ្នក​បាន​សម្រុកចូល​ទឹកដី​ខ្មែរ ដោយ​ខុសច្បាប់ តាម​ច្រករបៀង​មួយចំនួន​តាម​ក្រវ៉ាត់​ព្រំដែន ក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក តា​វែង និង​ស្រុក​អណ្តូង​មាស ដើម្បី​ចូល​មក​រំលំ​ដើម​សម្រង​ព្រៃ​ទាំងនេះ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​យក​ផ្លែ​ជញ្ជូន​យក​ទៅ​ប្រទេស​វៀតណាម​។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់ទៀតថា ការចូល​កាប់​ដើម​សម្រង​ព្រៃ​យក​ផ្លែ​នេះ ដោយ​មាន​ការ​បើ​ដៃ​ពី​មន្ត្រី​បរិស្ថាន ស្រុក​តា​វែង និង​ស្រុក​អណ្តូង​មាស ផ្នែក​ខ្លះ​ប្រជាជន​ខ្មែរ ជា​អ្នក​កាប់រំលំ និង​កន្លែង​ខ្លះ​ទៀត ជា​ជនជាតិ​វៀតណាម ។ មិនតែប៉ុណ្ណោះ​ជនជាតិ​វៀតណាម ដែល​ចូលមក​កាត់​ដើម​សម្រង​ព្រៃ​ទាំងនោះ គេ​បាន​ប្រមូល​ទិញ​ផ្លែ​សម្រង​ព្រៃ​ទាំង​ផ្លែ​ចាស់ និង​ខ្ចី​។​

​ទាក់ទិន​ករណី​ជនជាតិ​វៀតណាម​ចូល​ទៅ​អារ​រំលំ​ដើម​សម្រង​ព្រៃ​យ៉ាង​អ​នាធិ​តេ​យ្យ​នៅ​តំបន់​ភូមិសាស្ត្រ​(​អូរ​ចា​ដង់​យ៉​ល រហូត​ដល់​ចំណុច​កន្ទុយ​នាគ​)​ខាងលើនេះ ពេលនេះ​សមត្ថកិច្ច​បរិស្ថាន​ដែល​នៅ​ឈរជើង នៅ​តំបន់​ស្រុក​តា​វែង និង​នៅ​តំបន់​ភូមិ​ចង​ទឹកដី​ស្រុក​អណ្តូង​មាស កម្លាំង​សមត្ថកិច្ច​ទាំងនោះ បាន​យាមកាម​យ៉ាង​តឹងរឹង​ហាម​មិន​អោយ​ប្រជាជន​មួយចំនួន​ចូលទៅ​រើស​ផ្លែ​សម្រង​ព្រៃ​ទាំង​នេះ​ឡើយ​។

​ជាក់ស្តែង នៅ​ដើមខែ មេសា ឆ្នាំ​២០២៤​នេះ ករណី​ជនជាតិ​វៀតណាម ចូល​មក​កាប់​ដើម​សម្រង​ខាងលើនេះ គឺ​ប្រដាប់​ដោយ​រណារយន្ត​គ្រប់​ដៃ សូមជម្រាបថា រណា​យន្ត​ទាំងនោះ​មិនសូវ​លាន់ឮ​សម្លេង​ខ្លាំង​នោះទេ តែ​ដើម​សម្រង​ព្រៃ​នៅ​ណុ​ច​ទីតាំង​ខាងលើ បាន​ដួលរលំ​យ៉ាង​រំគាល​។​

​យ៉ាងណា​ក៍ដោយ ករណី​ជនជាតិ​វៀតណាម​លួច​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ តាម​ច្រករបៀង​ដោយ​ខុសច្បាប់​នេះ ពលរដ្ឋ​ស្នើរ​សុំ​ដល់​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី និង​លោក ផុន ខែម​រិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី សូម​លោក​ទាំង​ពីរ​មេត្តា​មាន​ចំណាត់ការ​ជួយ​ទប់ស្កាត់​ជនជាតិ​វៀតណាម​ដែល​ចូល​កាប់រំលំ​ដើម​សម្រង​ព្រៃ​នៅ​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ចំណុច​អូរ​ចា​ដង់​យ៉​ល រហូត​ដល់​កន្ទុយ​នាគ បើ​ពុំ​ដូច​ច្នេះ​ទេ ព្រៃឈើ​និង​ផ្លែឈើព្រៃ​ដ៍​មានតម្លៃ​មហារ​សាល​ដ៍​ជា​ទ្រព្យសម្បត្តិ​ជាតិ​ទាំងនេះ និង​រលាយ​ហិនហោច​ជាក់​ជា​ពុំខាន​៕