កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ទទួល​ប្រតិភូ​សារព័ត៌មាន​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​-​ឡាន​ឆាង ក្នុង​កម្មវិធី សង្ក្រាន្ត​-​សៀមរាប​

នា​ព្រឹក​ថ្ងៃទី ១៤ ខែ​មេសា ឆ្នាំ​២០២៤ តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈ​ក្រុមការងារ បាន​អ​ញ្ញើញ​ជា​អធិបតីភាព និង​ទទួល​បដិសណ្ឋារកិច្ច អ្នកសារព័ត៌មាន​មក​ពី​ប្រទេស​ជាប់​ទន្លេ​មេគ្គង​រួមមាន ចិន វៀតណាម ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា​។​

​ឯកឧត្តម ហាស់ សំអាត បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី និង​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ឧបត្ថម្ភ និង​គាំទ្រ​លើ​គម្រោង​នេះ​។

​ឯកឧត្តម ហាស់ សំអាត បាន​គូសបញ្ជាក់​ពី​ភាពជោគជ័យ​របស់​ក្រសួង​ព័ត៌មាន ក្នុង​ការទទួល​បដិសណ្ឋារកិច្ច​អ្នកសារព័ត៌មាន​អាស៊ាន ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​កាលពី​ឆ្នាំ ២០១៨ ដោយ​អ្នកសារព័ត៌មាន​មកពី​បណ្តាល​ប្រទេស​អាស៊ាន បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ក្នុង​ការចូលរួម​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត និង​បាន​ផ្សព្វផ្សាយ​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រទេស​នី​មួយៗ​ផងដែរ​។​

​លោក លូ ឈី​ជី ទីប្រឹក្សា​ប្រចាំ​ស្ថានទូត​ចិន​នៅ​កម្ពុជា តំណាង​ស្ថាន​ទូក​ចិន​នៅ​កម្ពុជា បាន​សម្តែង​ភាព​រីករាយ និង​ស្វាគមន៍ ដល់​ដំណើរ​ទស្សន​:​កិច្ច​របស់​អ្នកសារព័ត៌មាន​មកពី​ប្រទេស ជាប់​ដង​ទន្លេរ​មេគង្គ​ទាំងអស់ និង​បញ្ជាក់​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​មិន​ត្រឹមតែ​សម្រាប់​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ ដែល​មាន​ភាព​ស្រដៀង​គ្នា​ទៅ​ហ្នឹង​ជនជាតិភាគតិច​ចំនួន ១៥៦ ជនជាតិ​របស់​ប្រទេស​ចិន ដែល​បាន​ប្រារព្វ​កម្មវិធី​ប្រភេទ​នេះ​ដូចគ្នា ។

​កម្មវិធី​នេះ​បាន​ជម្រុញ​ទំនាក់ទំនង សាមគ្គីភាព មិត្តភាព​កាន់តែ​ជិត​សិទ្ធ រវាង​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក សំ​កុល សុចិ​ត្រា អភិបាលរង​ខេត្តសៀមរាប និង​ជា​អនុប្រធាន ស​.​ស​.​យ​.​ក ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា ឆ្នាំ​២០២៤​នេះ ជា​លើក​ទី​៣ ហើយ​ដែល​ខេត្តសៀមរាប​បាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ទ្រង់ទ្រាយ​ធំ ។

​សម្រាប់​ឆ្នាំ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​រៀបចំ​នូវ​កម្មវិធី​ជាច្រើន​តាម​ទីតាំង​សំខាន់ៗ ដែល​កម្មវិធី​ដែល​បាន​រៀបចំ​រួម​មាន​៖ ល្បែង​ប្រជាប្រិយ ការ​ប្រណាំងទូក ការ​បង្ហោះ​ខ្លែង ការតាំង​ពិព័ណ៍ ស្តង់​លក់​ម្ហូប​គ្រប់​ប្រភេទ ការប្រគុំ​តន្ត្រី សម្តែង​សិល្ប​: និង​កម្មវិធី​ជា​ច្រើន​ទៀត​។​

​លោក សំ​កុល សុចិ​ត្រា បាន​ស្វាគមន៍ អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំនេះ និង​សង្ឃឹមថា បន្ទាប់​ពី​ត្រលប់​ទៅវិញ អ្នកសារព័ត៌មាន​នឹង​ធ្វើ​ការផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែ​ទូលំទូលាយ​។​ ​ជាពិសេស​កម្មវិធី​នេះ ធ្វើឡើង​ដើម្បី​បង្កើត​ទំនាក់ទំនង សាមគ្គីភាព រវាង​ប្រទេស​ជាប់​ទន្លេរ​មេគង្គ “​មេគង្គ​-​ឡាន​ឆាង​”៕​