ក្រុមហ៊ុន​ផលិតកម្ម​កម្សាន្ត​ឈាន​មុខ​មួយ​នៅលើ​ពិភពលោក​របស់​កូរ៉េ កំពុង​ស្វែងរក​ឱកាសរ​ពង្រីក​ការវិនិយោគ និង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក ប៉ាក សុង​ជីន (PARK Sungjin) តំណាង​ក្រុមហ៊ុន SM Entertainment និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ពី​ថ្ងៃ​ទី​១៥-១៨ ខែ​ឧសភា ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​ប៉ាក សុង​ជីន បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម ព្រមទាំង​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​អំពី​វឌ្ឍនភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន ដែល​ផ្ដោត​លើ​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ដូចជា ការប្រគុំ​តន្ត្រី និង​ការសម្តែង​សិល្បៈ ហើយ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ក៏​កំពុងតែ​មាន​កិច្ចសហការ និង​ការធ្វើ​អាជីវកម្ម​នៅ​តាម​បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​។

​លោក​ប៉ាក សុង​ជីន បាន​បន្ថែមថា ក្រុមហ៊ុន​កំពុង​ស្វែងរក​ឱកាស​ពង្រីក​ការវិនិយោគ និង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន​បន្ថែមទៀត ដែល​រួមមាន កម្ពុជា ជាដើម​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្ដែង​នូវ​ការរីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប៉ាក សុង​ជីន និង​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការស្វែងរក​ឱកាស​ធ្វើ​អាជីវកម្ម ក៏​ដូចជា​ការវិនិយោគ​លើ​វិស័យ​សិល្បៈ​កម្សាន្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្ដេច​បាន​បញ្ជាក់​ថា បច្ចុប្បន្ននេះ ខ្សែភាពយន្ត​កូរ៉េ (K-Drama) និង តន្ត្រី K-Pop កំពុងតែ​ពេញនិយម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅក្នុង​ស្រទាប់​យុវវ័យ​។

​សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ការធ្វើ​អាជីវកម្ម ឬ​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ដូចជា​ការប្រគុំ​តន្ត្រី​ជា​ដើម​នេះ គឺជា​ការរួមចំណែក​នៅ​ក្នុង​ការលើកកម្ពស់​កា​រ​ផ្លាស់ប្ដូរ​វប្បធម៌ ក៏ដូចជា​ការទាក់ទាញ​ទេសចរណ៍ នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា​ក្រសួង​ទេសចរណ៍​កម្ពុជា ដើម្បី​សិក្សា​អំពី​ឱកាស និង​សក្ដានុពល​វិនិយោគ​លើ​វិស័យ​នេះនៅ​កម្ពុជា ៕​