លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អញ្ជើញ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ពាណិជ្ជកម្ម​ចម្រុះ​

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ពាណិជ្ជកម្ម​ចម្រុះ​។​

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោកជំទាវ​រដ្ឋមន្ត្រី មានប្រសាសន៍ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការលើកកម្ពស់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម និង​សេដ្ឋកិច្ច ហើយ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​ដែល​បង្កើតឡើង​ដោយ​អនុ​ស្សរណៈ​នេះ នឹង​ក្លាយជា​យន្តការ​មួយ ដែល​អនុញ្ញាត​ឱ្យ​ភាគី​ទាំងពីរ​ស្វែងរក​មធ្យោបាយ ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ធុរកិច្ច និង​អ្នកវិនិយោគ ព្រមទាំង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ពង្រីក​មូលដ្ឋាន​ផលិតកម្ម និង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ភាគី​ទាំងពីរ​។​

​ជាមួយ​នឹង​ការបង្កើត​គណកម្មាធិកា​រ​ពាណិជ្ជកម្ម​ចម្រុះ កម្ពុជា​និង​ប៉ា​គី​ស្ថាន នឹង​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ក្នុង​ការចូលរួម​យ៉ាង​សកម្ម​ជាមួយ​វិស័យ​ឯកជន រួមមាន​៖ សភាពាណិជ្ជកម្ម និង​សមាគម​ធុរកិច្ច ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​ពាណិជ្ជកម្ម លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​បើក​ដំណើរការ​នូវ​ស្តង់ដា បទ​ប្បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយតម្លៃ​អនុលោមភាព​សម្រាប់​វិធានការ​/​បទ​ប្បញ្ញត្តិ​ស្តីពី​អនាម័យ​និង​ភូតគាម​អនាម័យ និង​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម ដើម្បី​សម្រួល​ដល់​ការនាំចេញ​៕