
សន្និសីទសារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡា កាបាឌី ពានរង្វាន់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារកីឡា កាបាឌីកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡា កាបាឌី ពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡានៃក្រសួងមហាផ្ទៃ ឯកឧត្តម ជិន សំណាង ប្រធានក្រុមការងារកាបាឌីកម្ពុជា និងលោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក។
បន្ទាប់ពីលោក ជិន សំណាង ប្រធានក្រុមការងារកាបាឌីកម្ពុជា បានមានប្រសាសន៍ស្វាគមន៍ និងបានជម្រាបជូនអំពីការរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា កាបាឌី ពានរង្វាន់ពិភពលោក ដែលនឹងប្រព្រឹត្តិទៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ រួចមក លោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក បានមានប្រសាសន៍ថា ការប្រកួតកីឡា កាបាឌី ពានរង្វាន់ពិភពលោក នៅប្រទេសកម្ពុជានេះ នឹងក្លាយជាការប្រកួតជាលើកទីពីរ បន្ទាប់ពីព្រឹត្តិការណ៍ដំបូងបានប្រារព្ធធ្វើនៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៩ ។
ការប្រកួតនេះ នឹងមានប្រទេសចំនួន១៨ ចូលរួម ដែលមានដូចជាប្រទេសឥណ្ឌា អូស្ត្រាលី អាហ្វហ្គានីស្ថាន អាល់ហ្សេរី កាណាដា កាមេរូន អេហ្ស៊ីប អង់គ្លេស ហុងកុង អ៊ីតាលី កេនយ៉ា ម៉ាឡេស៊ី ស្កុតឡែន តង់ហ្សានី ទុយនីស៊ី និងអ៊ូហ្គង់ដា ដែលមានកីឡាករសរុបប្រមាណ ៤០០នាក់ មកពីទ្វីបទាំង៥នៃពិភពលោក។
លោក អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក បានមានប្រសាសន៍បន្តថា ការរៀបចំការប្រកួត កីឡាកាបាឌីពាន់រង្វាន់ពិភពលោកនៅរាជធានីភ្នំពេញ គឺជាជំហានឆ្ពោះទៅមុខក្នុងការផ្សារភ្ជាប់កាន់តែ ជិតស្និតរវាង ឥណ្ឌា-កម្ពុជា ដើម្បីលើកកម្ពស់ និងអភិវឌ្ឍកីឡាកាបាឌីបន្ថែមទៀត ព្រមទាំងជាគោលដៅ និងជាដៃគូដ៏ល្អប្រពៃសម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗដទៃទៀត។
ឯកឧត្តមឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡានៃក្រសួង មហាផ្ទៃ បានសំដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ថ្នាក់ដឹកនាំ របស់ក្រុមការងារកាបាឌីកម្ពុជា និងសហព័ន្ធកាបាឌីពិភពលោក ដែលបាននាំយកកីឡានេះមក រៀបចំការប្រកួតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យកីឡាទូទាំងប្រទេស។
ទន្ទឹមនឹងនេះ កម្ពុជាក៏នឹងបានចូលរួមចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ក៍ដូចជារឹតចំណងមិត្តភាព សាមគ្គីភាព អរិយធម៌ និងវប្បធម៌រវាងប្រទេស និងប្រទេសផងដែរ។
ក្នុងការរៀបចំការប្រកួតកីឡាកាបាឌីពានរង្វាន់ពិភពលោកនេះ និងលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនី តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ធ្វើការត្រៀមខ្លួនឱ្យបានគ្រប់លក្ខណៈ ទាំងការគោរពវិន័យ និងការខិតខំហ្វឹកហាត់ និងអនុវត្តស្របតាមលក្ខន្តិកៈរបស់សហព័ន្ធកីឡាកាបាឌីពិភពលោក ដែលក្នុងនាមប្រទេសជាម្ចាស់ផ្ទះ រៀបចំការប្រកួតកម្រិតពិភពលោករបស់ប្រភេទកីឡាមួយនេះ អោយទទួលបានជោគជ័យ៕