
ជំនួបការងាររវាង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយ គណៈប្រតិភូ គណៈអធិការកិច្ចវិន័យ និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នៃបក្សកុម្មុយនិស្តចិន
នារសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងរដ្ឋ ខេត្តយូណាន ដឹកនាំដោយ ឯកឧត្តម Feng Zhili សមាជិកអចិន្ត្រៃយ៍ នៃគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន លេខាគណៈអធិការវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន និងជាប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន អមដំណើរដោយប្រតិភូ ៥រូប មកបំពេញទស្សនកិច្ចនៅ អ.ប.ព.។
ក្នុងជំនួបការងារនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គភាព បានជម្រាបជូនគណៈប្រតិភូ អំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយកម្ពុជា ដែលជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយបន្តមករាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយបានចាត់ទុកការកែទម្រង់ និងពង្រឹងអភិបាលកិច្ចជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គភាព ក៏បានលើកឡើង អំពីស្ថាប័នប្រឆាំងអំពើពុករលួយ អំពីភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ ចំណុចសំខាន់ៗនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងអំណាចស៊ើបអង្កេតរបស់ អ.ប.ព. ព្រមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលផ្តោតលើការងារសំខាន់បី គឺ ទី១.ការងារអប់រំ ទី២.ការងារបង្ការទប់ស្កាត់ និងការបង្ក្រាប និងទី៣.កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព. ។ជាការឆ្លើយតប ឯកឧត្តម Feng Zhili បានថ្លែងអំណរគុណចំពោះការអញ្ជើញ របស់ទេសរដ្ឋមន្ត្រី និងការទទួលស្វាគមន៍ដ៏កក់ក្តៅ ព្រមទាំងសម្តែងនូវសេចក្តីរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលនេះ។
ឯកឧត្តមក៏បានលើកឡើងអំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ ហើយមកទល់ពេលនេះបានឈានដល់ការកសាងសហគមន៍ជោគវាសនារួម និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។ឯកឧត្តមបានលើកឡើងអំពីការងារប្រឆាំងអំពើពុករលួយនៅសាធារណរដ្ឋប្រជាមានិតចិន ដែលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី ហ្ស៊ី ជិនពីង បានប្រកាន់យកគោលការណ៍តឹងរឹងនៃការអនុវត្តច្បាប់ និង វិន័យ ជាពិសេសពាក់ព័ន្ធនឹងអំពើពុករលួយ ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងសន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ ចិននិងកម្ពុជា ព្រមទាំងសម្តែងនូវសេចក្តីរីករាយ ក្នុងការចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤នេះ ៕