ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បើក​វគ្គ​បណ្តុះបណ្តាល​និង​វិក្រឹត​ការលើ “​វិធាន​និង​បទ​ប្បញ្ញត្តិ​ស្តីពី​លទ្ធកម្ម​សាធារណៈ​” ជូន​មន្ត្រី​ទទួលបន្ទុក​កិច្ចលទ្ធកម្ម​សាធារណៈ របស់​ស្ថាប័ន​អនុវត្ត​លទ្ធកម្ម និង អង្គភាព ថវិការ​អាណាប័ក​ផ្ទេរសិទ្ធិ​ពេញលេញ​

​នា​ព្រឹក​ថ្ងៃ​ពុធ ១៣ កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤ នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើក​វគ្គ​បណ្តុះបណ្តាល និង វិក្រឹ​តការ លើ ‹​វិធាន និង បទ​ប្បញ្ញត្តិ​ស្តីពី​លទ្ធកម្ម​សាធារណៈ​› ជូន​សិក្ខាកាម​គោលដៅ​ដែល​ជា​មន្ត្រី​ជំនាញ​ទទួលបន្ទុក​កិច្ចលទ្ធកម្ម​សាធារណៈ ចំនួន ២៤៦ នាក់ មក​ពី​ស្ថាប័ន​អនុវត្ត​លទ្ធកម្ម និង អង្គភាព​ថវិកា​អាណាប័ក​ផ្ទេរសិទ្ធិ​ពេញលេញ ។​

​ពិធី​បើក​វគ្គ​បណ្ដុះបណ្តាល និង វិក្រឹ​ត​ការនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ​ដោយ បណ្ឌិត​សភា​ចារ្យ ហ៊ាន សា​ហ៊ី​ប​រដ្ឋលេខាធិការ និង ជា​ប្រធាន​ក្រុម​ការងារ​កសាង​សមត្ថភាព នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មន្ត្រីរាជការ ឧទ្ទេសាចារ្យ និង​សិក្ខាកាម ។​

​ថ្លែង​នៅក្នុង​ពិធី​នោះ បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថា ការ​សាង និង ការអភិវឌ្ឍ​សមត្ថភាព គឺជា​ការងារ​អាទិភាព​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​គោលដៅ​លើកកម្ពស់​សមត្ថភាព​ជូន​មន្ត្រីរាជការ ដែល​ទទួល​មុខងារ​តួនាទី ភារកិច្ច ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ស្របពេល​ដែល​ច្បាប់ និង លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​កិច្ចលទ្ធកម្ម​សាធារណៈ ត្រូវបាន​ធ្វើ​បច្ចុប្បន្ន​កម្ម និង ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់ ។​

​បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ បាន​សង្កត់ធ្ងន់​ថា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ និង អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​កសាង និង អភិវឌ្ឍ​សមត្ថភាព ក្នុង​ក្របខ័ណ្ឌ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ចាប់តាំងពី​ដំណាក់កាល​ទី ១ មក​សម្រាប់​តម្រង់​ទិស​ការបណ្ដុះបណ្ដាល និង វិក្រឹ​តការ​សមត្ថភាព ជូន​មន្ត្រី​ជំនាញ​អនុវត្ត​ការងារ​ហិរញ្ញវត្ថុ​សាធារណៈ របស់​ក្រសួង​ស្ថាប័ន អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ក្នុង​ការរួមចំណែក​គាំទ្រ និង អនុវត្ត​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឱ្យ​សម្រេច​ជោគជ័យ ក្នុង​បី​ដំណាក់កាល​កន្លងមក​។​

​បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ បាន​បន្ថែមថា បច្ចុប្បន្ន ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទី ៤ ដែល​ជា​ដំណាក់កាល​ចុងក្រោយ ក្នុង​គោលដៅ​ពង្រឹង​គណនេយ្យភាព​សមិទ្ធ​កម្ម ដោយ​ត្រូវបាន​ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២០ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ ។

​ការណ៍​នេះ ធ្វើឱ្យ​ការកសាង និង ការអភិវឌ្ឍ​សមត្ថភាព កាន់តែ​មាន​សារៈសំខាន់​ថែម​ទៀត ព្រោះថា ការកែទម្រង់​នេះ បាន​ឈាន​ដល់​ដំណាក់កាល​ស្មុគស្មាញ ហើយ​សិទ្ធិ​អំណាច និង ការទទួលខុសត្រូវ​កា​ន់​តែ​ច្រើន​ឡើង ត្រូវបាន​ផ្ទេរ​ឱ្យ ក្រសួង​ស្ថាប័ន មន្ទីរ​អង្គភាព​ក្រោម​ឱវាទ និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​ការគ្រប់គ្រង​ថវិកា និង ហិរញ្ញវត្ថុ​, ក្នុងខណៈ​សមត្ថភាព​មន្ត្រី​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​អង្គភាព​ថវិកា នៅមានកម្រិត ពិសេស ពាក់ព័ន្ធ​ការគ្រប់គ្រង​កិច្ចលទ្ធកម្ម​សាធារណៈ ។​

​ទន្ទឹមនេះ​, ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ក៏​ត្រូវ​បាន​ដាក់ឱ្យ​អនុវត្ត​នៅ​តាម​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​ជំរុញ​តម្លាភាព ប្រសិទ្ធភាព និង ភាពត្រឹមត្រូវ​ទាន់​ពេល​នៃ​ព័ត៌មាន និង ទិន្នន័យ​ហិរញ្ញវត្ថុ សម្រាប់​វិភាគ និង ព្យាក​រ ដើម្ប​ធ្វើ​ការសម្រេចចិត្ត ប្រកបដោយ​ប្រសិទ្ធភាព និង ភាព​គ្រប់​ជ្រុងជ្រោយ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រព័ន្ធ FMIS ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​គាំទ្រ​ការសម្រេច​ជោគជ័យ នៃ​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ ប្រព័ន្ធ FMIS​នេះ បាន និង កំពុង​ក្លាយជា​ប្រព័ន្ធ​ស្នូល​ក្នុង​ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន និង ការត្រួតពិនិត្យ លើ​ការអនុវត្ត​ចំណូល​-​ចំណាយ​ថវិការដ្ឋ ជាពិសេស​មុខងារ​អនុវត្ត​កិច្ចលទ្ធកម្ម​សាធារណៈ​ពេញលេញ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ FMIS និង កំពុង​អនុវត្ត​នៅតាម​ក្រសួង​ស្ថាប័ន និង គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​មួយចំនួន ។​

​បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ទៀត​ថា វគ្គ​បណ្តុះបណ្តាល និង វិក្រឹ​ត​ការលើ ß​វិធាន និង បទ​ប្បញ្ញត្តិ​ស្តីពី​លទ្ធកម្ម​សាធារណៈ​à នាពេលនេះ ពិតជា​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង របស់​ស្ថាប័ន​អនុវត្ត​លទ្ធកម្ម និង អង្គភាព​ថវិកា ពាក់ព័ន្ធ​នឹង​នីតិវិធី​នៃ​ការអនុវត្ត​កិច្ចលទ្ធកម្ម​សាធារណៈ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ សម្រាប់​គាំទ្រ​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ ឱ្យ​កាន់តែ​មាន​ផលិតភាព និង ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ចូល​រួមចំណែក​អនុវត្ត​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឱ្យ​សម្រេច​ជោគជ័យ តាម​គោលដៅ​គ្រោងទុក សំដៅ​ចូល​រួមចំណែក​ធានា​ប្រសិទ្ធភាព តម្លាភាព និង សង្គតិភាព នៃ​ការគ្រប់គ្រង​ថវិការដ្ឋ សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ និង ការបម្រើ​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ជូន​ប្រជាពលរដ្ឋ ៕