
សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា ប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក
នៅព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អនុញ្ញាតឱ្យឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា (Saia Ma’u Piukala) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា និងសហការី ក្នុងឱកាស មកបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជាជាលើកដំបូង បន្ទាប់ពី ឯកឧត្តមវេជ្ជបណ្ឌិត ត្រូវបានជ្រើសតាំងជាប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងមក ។ ក្នុងកិច្ចជំនួស, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេច អំពី កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងរយៈកាលជាច្រើន ទស្សវត្សន៍កន្លងមក និងបានវាយតម្លៃខ្ពស់ ចំពោះអង្គការសុខភាពពិភពលោកក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា រហូតរៀងមក ដែលរួមមានទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ និងជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងដំណើរបេសកកម្មការងាររបស់ឯកឧត្តម ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីកចំរើនសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សំគាល់ ។ ទន្ទឹមនេះ, ឯកឧត្តមវេជ្ជបណ្ឌិតក៏បានថ្លែងកោត សរសើរកម្ពុជាលើភាពជោគជ័យក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកែ ទម្រង់ប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពរីកចំរើនប្រកបដោយភាពធន់ និងរឹងមាំ ដែលអាចត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាប្រឈម និងជំងឺរាតត្បាតជាយថាហេតុនានាដែលអាចកើតមានឡើងនាពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានថ្លែងអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅ កម្ពុជាឆ្នាំ ២០២៤-២០៣៥” ព្រមទាំងបានបញ្ជាក់អំពីការគាំទ្រយ៉ាងមុតមាំរបស់អង្គការសុខភាពពិភពលោកតាមរយៈកិច្ចសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់នេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាមួយនឹងការថ្លែងអំណរគុណជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ភាពជោគជ័យ និងសមិទ្ធិផលរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺជាផ្លែផ្កានៃការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។ ជាមួយគ្នានេះ, ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី, “មនុស្ស” គឺជាអាទិភាពគន្លឹះទី ១ នៃ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” ហើយ “ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា”, ការបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ, ប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, និងចីរភាព គឺជាកម្មវិធីគោលនយោបាយអាទិ-ភាពទី ១ សម្រាប់ការអភិវឌ្ឍប្រទេស ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។
ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គការសុខភាពពិភពលោកបន្តគាំទ្រកម្ពុជាទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចជាសកល របស់សន្និបាតអង្គការសុខភាពពិភពលោកស្តីពីបញ្ហាសុខភាព និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាកម្មវិធី ការងារទូទៅទីដប់បួនថ្មីរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០២៥-២០២៨ ដែលមានគោលបំណងលើក កម្ពស់ការការពារសុខភាព និងសុខុមាលភាពសម្រាប់មនុស្សទាំងអស់គ្នានៅគ្រប់ទីកន្លែង ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្ត្រី បានជូនពរ ឯកឧត្តមវេជ្ជបណ្ឌិត ព្រមទាំងសហការីឱ្យទទួលបានជោគជ័យក្នុងដំណើរបេសកកម្មរបស់ខ្លួន និងជឿជាក់យ៉ាងមុតមាំថាបេសកកម្មការងារនេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយ អង្គការសុខភាពពិភពលោកឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕