
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជាអធិបតីនៅក្នុងវេទិកាយុវជន ស្ដីពី វិធានការពន្ធថ្នាំជក់
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អ្នកជក់បារីភាគច្រើនជាអ្នកដែលមានកម្រិតជីវភាពទាប នៅពេលដែលការតម្លើងពន្ធបារីកាន់តែខ្ពស់ បារីមានតម្លៃកាន់តែថ្លៃ នឹងធ្វើឱ្យអ្នកជក់បារី អាចកាត់បន្ថយបានដោយស្វ័យប្រវត្តិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងយ៉ាងដូចនេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជាអធិបតីនៅក្នុងវេទិកាយុវជនស្ដីពី វិធានការពន្ធថ្នាំជក់ ដោយមានការចូលរួមពី ឯកឧត្តម សោម ចិន អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា, ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកវេជ្ជ. មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) រួមទាំងមានសិស្ស និស្សិតចូលរួមជាច្រើនទៀតផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា «ចំណុចមួយទៀតដែលយើងត្រូវពិចារណាទាំងអស់គ្នា ដោយយើងត្រូវបង្កើនពន្ធ ពីព្រោះអ្នកជក់បារី ដែលជាបញ្ញាវន្តមានតិចណាស់ តែអ្នកជក់បារីភាគច្រើនជាអ្នកដែលមានជីវភាពទាប ហើយកាលណាបារីកាន់តែមានតម្លៃខ្ពស់ គាត់គ្មានលុយទិញ គាត់នឹងកាត់បន្ថយដោយស្វ័យប្រវត្តិ ត្រូវដាក់រូបខូចសួត ខូចបេះដូង និងបញ្ហាផ្សេងៗនៅលើកញ្ចប់បារី និងនៅកន្លែងលក់បារី ដើម្បីឱ្យអ្នកជក់គ្រាន់តែឃើញគិតថា កំពុងតែដុតបំផ្លាញខ្លួនឯង»។ ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងទៀតថា អ្នកជក់បារីបានបំផ្លាញដូចជា បំផ្លាញសុខភាពខ្លួនឯង បំផ្លាញសង្គមគ្រួសារ បំផ្លាញប្រទេសជាតិ, នៅពេលដែលស្លាប់ដោយសារបារី បានធ្វើឱ្យកំព្រាកូន ប្រពន្ធបាត់ប្តី ប្តីបាត់ប្រពន្ធ និងចំណុចមួយទៀតនោះគឺបំផ្លាញដល់សង្គម។
ឯកឧត្តម សុខ ទូច បានបញ្ជាក់ទៀតថា ការជក់បារីបានបង្ករបញ្ហាមួយចំនួនដូចជា បណ្តាលឱ្យកើតមានបញ្ហាតានតឹងចិត្ត (stress), បង្ករការរំខានដល់អ្នកដ៏ទៃ, បង្ករចិញ្ចឹមជំងឺនៅក្នុងខ្លួន, បង្ករឱ្យកើតមានជំងឺទឹកនោមផ្អែម, បណ្តាលឱ្យកើតជំងឺមហារីក, បណ្តាលឱ្យមានបញ្ហាជំងឺបេះដូង និងជំងឺផ្សេងៗទៀតជាច្រើនផងដែរ។ ឯកឧត្តម សុខ ទូច បានបន្ថែមថា ដើម្បីចូលរួមកាត់បន្ថយការជក់បារី យើងត្រូវនាំគ្នាឱ្យតម្លៃទៅលើអ្នកជក់បារីឱ្យបានកាន់ទាប ហើយរាល់ការជក់បារីខុសសណ្តាប់ធ្នាប់ត្រូវតែមានការផាកពិន័យឱ្យបានតឹងរឹង ដើម្បីឱ្យអ្នកជក់បារីត្រូវតែមានសណ្តាប់ធ្នាប់ និងត្រូវយកច្បាប់មកអនុវត្តន៍លើអ្នកជក់បារីដែលគ្មានសណ្តាប់ធ្នាប់។
លោកវេជ្ជ. មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានគាំទ្រការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដោយថ្លែងថា“គ្រប់ប្រទេសដែលបានដំឡើងអាករពិសេសលើបារី សុទ្ធតែទទួលបានប្រាក់ចំណូលពន្ធកើនឡើងយ៉ាងច្រើន។
ជាក់ស្ដែងនៅប្រទេសថៃ នៅពេលរដ្ឋាភិបាលថៃយកអាករពិសេសលើបារី 55% នៅឆ្នាំ1993 រដ្ឋទទួលបានប្រាក់ចំណូលត្រឹមតែ 530 លានដុល្លារ ប៉ុន្តែនៅពេលរដ្ឋាភិបាលដំឡើងអាករពិសេសលើបារីរហូតដល់ 90% នៅឆ្នាំ2017 រដ្ឋទទួលបានប្រាក់ចំណូលរហូតដល់ ២២៨៧ លានដុល្លារ ហើយករណីដំឡើងអាករពិសេសលើបារី នាំឱ្យកើនចំណូលពន្ធរដ្ឋនេះ ក៏បានកើតឡើងនៅប្រទេសហ្វីលីពីនផងដែរ។
សូមបញ្ជាក់ថា យោងតាមការសិក្សារបស់អង្គការអន្តរជាតិចំនួន៣ បានរកឃើញថា ថ្នាំជក់នៅតែកត្តាហានិភ័យចម្បង ដែលប៉ះពាល់ដល់សុខភាព សង្គម សេដ្ឋកិច្ច និងបរិស្ថាន ដោយបានបង្កឲ្យខាតបង់ចំណូលថវិកាជាតិ (GDP) 3% និង មានពលរដ្ឋប្រមាណ ១៥០០០ នាក់ស្លាប់ ជារៀងរាល់ឆ្នាំ ៕