ទូក​នាគ​កម្ពុជា ដណ្តើម​បាន​មេដាយ ៣​គ្រឿង មាស​១ និង​សំរឹទ្ធ ២​គ្រឿង ក្នុង​ការប្រកួត​ទូក​នាគ​អន្តរជាតិ នៅ​ប្រទេស​រុស្ស៊ី​

ក្រុម​ជម្រើសជាតិ​ទូក​នាគ​កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប ៣​គ្រឿង មាស ១​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង​ពី​ការប្រកួត​កីឡា​កីឡា​ទូក​នាគ​អន្តរជាតិ (International Dragon Boat Festival នៅ​ប្រទស​រុស្ស៊ី ។​

​មេដាយ​សរុប​៣​គ្រឿង​នោះ មេដាយមាស​១​គ្រឿង​ដណ្តើមបាន នា​ល្ងាច​ថ្ងៃទី​៣០ ខែ មិថុនា លើ​វិញ្ញ​សា​ប្រណាំង ២០០០​ម៉ែត្រ ចំណុះ ១២​នាក់​បុរស និង​មេដាយ​សំរឹទ្ធ​២​គ្រឿង​ដណ្តើមបាន​លើ​វិញ្ញាសា​ប្រណាំង ២០០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ខណៈ​មួយទៀត ដណ្តើម​បាន​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ មិថុនា​នេះ ។​

​បើ​តាម​ប្រសាសន៍ ឯកឧត្តម ចាយ ស៊ី​ជឿន អគ្គលេខាធិការរង និង​ជា​ប្រធាន​ប្រតិភូ បាន​គូសបញ្ជាក់ថា ជោគជ័យ​ដណ្តើមបាន​នេះ គឺជា​មោទនៈភាព​របស់​កម្ពុជា ដែល​កើតចេញ​ពី​ការខិតខំ​ប្រ​ប្រឹង​របស់​កីឡាករ និង​ការលើក​ទឹក​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​យកចិត្ត​ទុក​ពី​ឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មា​ហា​ផ្ទៃ ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អ៊ីង​កម្ពុជា​។​

​ព្រឹត្តិការណ៍​អន្តរជាតិ នៅ​ប្រទេស​រុស្ស៊ី នេះ​មាន​៩​ប្រទេស​ចូលរួម ក្នុងនោះ ម្ចាស់ផ្ទះ រុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី ម៉ា​យ៉ាន់​ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូ​ស​បេគី​ស្ថាន វៀតណាម និង ម៉ាឡេស៊ី ខណៈ​ដែល​ប្រទេស​រុស្ស៊ី​ម្ចាស់ផ្ទះ​មាន​ច្រើន​ទូក​ចូលរួម​។​

​គួរបញ្ជាក់​ថា ការប្រកួត​កីឡា​ទូក​នាគ​អន្តរជាតិ (International Dragon Boat Festival) នៅ​ប្រទេស​រុស្ស៊ី​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​ចូលរួម​លើ​៣​វិញ្ញាសា​ទូក​នាគ​បុរស​ចំណុះ ១២​នាក់ វិញ្ញាសា ២០០​ម៉ែត្រ ៥០០​ម៉ែត្រ និង​២០០០​ម៉ែត្រ ក្នុងចំណោម ៣​វិញ្ញ​សា​នេះ កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប ៣​គ្រឿង មេដាយមាស ១​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង ៕​