ប្រកាស​តំណែង​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ផ្ដល់​គោលការណ៍​គន្លឹះ និង​ណែនាំ​ដាច់ខាត​កុំឱ្យ​ផ្សព្វផ្សាយ​ល្បែង​សុីសង​តាម​ទីសាធារណៈ​

ពី​វេទិកា​អធិបតី នៃ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​សម្ដែង​ការកោតសរសើរ​ភាព​លេចធ្លោ​របស់​រដ្ឋបាល​ខេត្ត ដែល​អនុវត្ត​គោលការណ៍​តឹងរឹង​មិន​ឱ្យ​ផ្សព្វផ្សាយ​ផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​តាម​ទីសាធារណៈ ស្នាដៃ​ទាក់ទាញ​គម្រោង​វិនិយោគ​តម្លៃ​ក្រោម​៥​លាន​ដុល្លារ ដែល​រាជរដ្ឋាភិបាល​ទើបតែ​បាន​វិមជ្ឈការ​មក​កាល​ចុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។​

​ទន្ទឹមនឹង​ភាព​លេចធ្លោ​ដែល​ទទួល​បាន​ការ​សាទរ​ពី​សាធារណជន​ខាងលើនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បាន​ផ្ដល់​គោលការណ៍​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ រួម​ទាំង​ខេត្ត​ផ្សេងៗ​ទៀត កុំ​អនុញ្ញាត និង​ទប់ស្កាត់​ឱ្យបាន​នូវ​ការផ្សព្វផ្សាយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​តាម​ទីសាធារណៈ លើកលែង​តែ​ការផ្សព្វផ្សាយ​នៅ​តាម​ទីតាំង​ឯកជន​ដែល​ទទួលបាន​ការអនុញ្ញាត​តាម​ផ្លូវច្បាប់​។​

​ស្របពេល​ដែល​ថ្មីៗ​នេះ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ទើបតែ​ទទួល​ទាំង​អភិបាល​ខេត្ត​ថ្មី និង​ស្នងការ​ថ្មី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការយកចិត្តទុកដាក់ លើ​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​ករណី​គ្រឿងញៀន ជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ ក្មេង​ទំនើង និង​ល្បែង​សុីសង ដោយ​ការងារ​នេះ គណៈ​អភិបាលខេត្ត​ត្រូវ​រៀបចំ​ពេលវេលា​ដើម្បី​ជួប​និង​ស្ដាប់​សេចក្ដីរាយការណ៍​ពី​សភាពការណ៍​ទូទៅ​ឱ្យ​បាន​ទៀងទាត់​ជាមួយ​ថ្នាក់ដឹកនាំ​កម្លាំង​អនុវត្ត​ច្បាប់ រួម​ទាំង​ស្នងការ​ខេត្ត​។

​ជាមួយគ្នានេះ ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត យកចិត្តទុកដាក់​ឱ្យបាន​ម៉ឺងម៉ាត់​លើ​ការធានា​សុវត្ថិភាព​ឱសថ និង​ម្ហូបអាហារ​ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ណែនាំ​ឱ្យ​បន្ត​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ យកចិត្តទុកដាក់​ពង្រឹង​សភាពការណ៍​មូលដ្ឋាន គ្រប់គ្រង​ឱ្យបាន​នូវ​ចំនួន​និង​សកម្មភាព​អង្គការ សមាគម និង​សហជីព​ផ្សេងៗ ឱ្យស្រប​តាម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ និង​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​មូលដ្ឋាន​។

​ទន្ទឹមគ្នានេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ណែនាំ​ឯកឧត្តម​អភិបាលខេត្ត​ថ្មី បន្ត​រៀបចំ​ប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ចុះ​ទៅ​កាន់​រដ្ឋបាល​ក្រុង ស្រុក និង​ជួប​ពលរដ្ឋ ព្រមទាំង​ជំរុញ​មន្ត្រី និង​កងកម្លាំង​យកចិត្តទុកដាក់​ពង្រឹង​ការផ្ដល់​សេវា​ប្រកបដោយ​គុណភាព និង​ឥរិយាបទ​សមរម្យ​។​

​សូមបញ្ជាក់​ថា ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អតីត​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្អឺ ជំនួស​ឯកឧត្តម វ៉ី សំណាង ដែល​ផ្ទេរ​ទៅកាន់​មុខ​តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ​៕​