លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​កម្មវិធី​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា បំបួស​កុលបុត្រ កុល​ធីតា ចំនួន ៦៣០ អង្គ​/​នាក់ វគ្គ​ទី​១១ ឆ្នាំ​ទី​១១ នា​បរិវេណ​វត្តភ្នៀ​ត​សិ​ម្ពលី​

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ពិធី​បិទ​កម្មវិធី​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា បំបួស​កុលបុត្រ កុល​ធីតា ចំនួន ៦៣០ អង្គ​/​នាក់ វគ្គ​ទី​១១ ឆ្នាំ​ទី​១១ ដែល​មាន​រយៈពេល​៧​ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ដល់​ទី​៧ ខែកក្កដា ឆ្នាំ​២០២៤ នា​បរិវេណ​វត្តភ្នៀ​ត​សិ​ម្ពលី ស្ថិតនៅ​ក្នុង​សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០២៤ ។​

​ពិធី​បិទ​កម្មវិធី​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា បំបួស​កុលបុត្រ កុល​ធីតា ចំនួន ៦៣០ អង្គ​/​នាក់ វគ្គ​ទី​១១ ឆ្នាំ​ទី​១១ នា​ឱកាស​នេះ​មានការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ដោយ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះ​ចតុមុខ​មង្គល ព្រះ​មេគណ​រាជធានី​ភ្នំពេញ , សម្តេច​សង្ឃ និង​, ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ​, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា និង​លោកជំទាវ សូ ភ​ត្ត្រា ចាយ​បូរិន​, , លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ឯកឧត្តម​, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ធនធានទឹក​និង​ឧតុនិយម និង​លោកជំទាវ , ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ , និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការ​និង​សាសនា ព្រមទាំង​ឯកឧត្តម លោកជំទាវ ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​ជម្រាបជូន លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ថា ជ្រក​ក្រោម​ម្លប់​សន្តិភាព​និង​ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​បន្ត​ដឹកនាំ​លើ​មាគ៌ា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ការរីកចម្រើន​ឥតឈប់ឈរ​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ។​

​នា​ឱកាស​នេះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា តាមរយៈ​ការបើក​វគ្គ​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា បំបួស​កុលបុត្រ កុល​ធីតា ដែល​រៀបចំ​ដោយ ព្រះ​សិរី​កោស​ល សុំ សុខា ឧត្តម​ទីប្រឹក្សា​គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សមាជិក​លេខាធិការដ្ឋាន គណៈ​សង្ឃនាយក ព្រះ​វិន័យធរ​គណ​រាជធានី​ភ្នំពេញ ព្រះគ្រូ​អនុគណ​ខណ្ឌ​កំបូល ព្រះចៅអធិការ វត្តភ្នៀ​ត​សិ​ម្ពលី និង​ជា​ព្រះប្រធាន​ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ បដិបត្តិ​សមាធិ ធ្វើឲ្យ​ចិត្តស្ងប់​ជំរះ​នូវ​ទុក្ខ​កង្វល់ ចេះ​អប់រំ​ផ្លូវចិត្ត និង​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​កសាង​អភិវឌ្ឍ​សង្គមជាតិ​ប្រកបដោយ​គុណភាព​។​

​លោកជំទាវ​បណ្ឌិត បាន​មាន​បញ្ជាក់​ថា ការអភិវឌ្ឍ​ន៏​ប្រទេស​មួយ​ត្រូវការ​ចំ​បាច់​នូវ​ធនធានមនុស្ស ពិសេស​ប្រកាន់យក​នូវ​ព្រហ្ម​វិហារធម៌ មេត្តា ករុណា តាម​ព្រះ​ពុទ្ធឱវាទ​ព្រះពុទ្ធសាសនា ដែល​មាន​ព្រះសង្ឃ​ជា​ស្រែបុណ្យ ។​

​ទន្ទឹមនឹងនេះ លោកជំទាវ​បណ្ឌិត បាន​លើកឡើង​ថា តាមរយៈ​យ​កម្មវិធី​ព្រះពុទ្ធសាសនា ផ្សារភ្ជាប់​សង្គម របស់​ក្រសួង​ធម្មការ​និង​សាសនា ដែល​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អនុសាសន៍​ណែនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ ព្រមទាំង​បាន​នាំ​ណែ​ឲ្យ​ក្រសួង​ធម្មការ​និង​សាសនា ដើម្បី​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី តួនាទី ភារកិច្ច​និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​។

​ក្នុងនោះ​លោក​ជំទាវ​បណ្ឌិត បាន វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​រៀបចំ​ដាក់បញ្ចូល​កម្មវិធី​សមាធិ ក្នុង​កម្មវិធីសិក្សា​របស់​សិស្សានុសិស្ស ជា​ផ្នែក​មួយ​ន័យ​ការអប់រំ​ដ៏​មាន​គុណភាព ធ្វើ​ឲ្យ​ក្មួយៗ​សិស្ស និស្សិត មាន​យល់​ដឹក​កាន់តែ​ច្បាស់​នូវ​អំពើ ខុស ត្រូវ ល្អ អាក្រក់ ពិសេស​ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ​ផងដែរ ។​

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី សូម​ស្នើរ​ដល់​គណៈ​សង្ឃនាយក បន្តសកម្មភាព​បំបួស​កុលបុត្រ​កុលធីតា​ខ្មែរ​ដើម្បី​អប់រំ​សីលធម៌ ចរិយា​ធម៌ និង​គុណធម៌​ឱ្យ​បាន​ជាប់​ជាប្រចាំ ហើយ​សូមឱ្យ​បន្ត​ពង្រីក​កម្មវិធី​នេះ នៅ​គ្រប់​រាជធានី​ខេត្ត ព្រោះ​កម្មវិធី​នេះ​ជា​ផ្នែក​មួយ ជួយ​ធ្វើឱ្យ​ធនធាន ព្រះសង្ឃ​មាន​ចំនួន​កើនឡើង​ប្រកប​ដោយ​គុណវុឌ្ឍិ​ពិត និង​ធានាបាន​នូវ​ការរីកចម្រើន​នៃ​ព្រះពុទ្ធសាសនា និង​សូម សិក្ខាកាម​ដែល​បួស​ហើយ ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់ ក្នុង​ការសិក្សា​និង​ប្រតិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ក្រេប​យក​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធសាសនា ហើ យ​យកទៅអនុវត្ត​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។​

​នា​ឱកាស​នេះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​នាំ​យក​សទ្ធា​ជ្រះថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រគេន​នូវ​ទេយ្យទាន និង​បច្ច័យ​មួយចំនួន​ប្រគេន និង​ជូន​ដល់ សម្តេច​សង្ឃ ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ តាជី យាយជី សីល​វ័ន ស័ល​វ​តី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាយរិ​ទ្ធ​កម្ពុជា យុវជន​កាកបាទក្រហម​កម្ពុជា ,​យុវជន អ​.​ម​.​ត​, យុវជន​សស​យក , និង​យុវជន​សមាគម​ន៏​ក្មេង​វត្ត ។​

​សូម​ជម្រាប​ជូន​ថា កម្មវិធី​អប់រំ​សីលធម៌ ព្រះពុទ្ធសាសនា បំបួស​កុលបុត្រ កុល​ធីតា វគ្គ​ទី​១១ ឆ្នាំ​ទី​១១​នា​ឱកាស​នេះ​បាន​ប្រារព្ធ​ឡើងវិញ​បន្ទាប់ពី​បាន​អាក់ខាន​រយៈពេល​៤​ឆ្នាំ​ដោយ​សារ​ជំងឺ​រាតត្បាត​សកល​កូវី​ត​១៩ ដែល​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ការអប់រំ​សីលធម៌​ព្រះពុទ្ធសាសនា អប់រំ​ចិត្តគំនិត និង​បដិបត្តិ​សមាធិ ដោយ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ដល់​ទី​៧ ខែកក្កដា ឆ្នាំ​២០២៤ មានការ​បំបួស​កុលបុត្រ កុល​ធីតា ចំនួន ៦៣០ អង្គ​/​នាក់ ក្នុងនោះ​សីលវតី​ចំនួន​៣៧៦​អង្គ​/​នាក់​៕