ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិក​រដ្ឋសភា អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធីបុណ្យ​បញ្ចុះ​សព ឯកឧត្តម លី វ៉ាន់​ហុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន​

បន្ទាប់ពី​បាន​តម្កល់​ធ្វើ​បុណ្យ​អស់​រយៈពេល ៦​ថ្ងៃ​នៅ​គេហដ្ឋាន​នៃ​សព​ស្ថិតនៅ​បុរី​ប៉េង​ហួត​បឹង​ស្នោរ រួចមក សព ឯកឧត្តម លី វ៉ាន់​ហុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន ត្រូវបាន​ក្រុមគ្រួសារ រៀបចំ​ធ្វើការ​ដង្ហែ​យក​មក​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះសព នៅ​បរិវេណ​វត្ត អង្គ​ត្រងៀ​ត ខណ្ឌ​ពោធិ​សែន​ជ៏យ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ រាជធានី​ភ្នំពេញ​។​

​ពិធីបុណ្យ​បញ្ចុះសព ឯកឧត្តម លី វ៉ាន់​ហុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ ក្រោម​វត្តមាន​អញ្ជើញ​ជា​កិត្តិយស​ពី ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិក​រដ្ឋសភា និង​ជា​អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​ព័ត៌មាន ក្រុមគ្រួសារ បងប្អូន​ដាច់​ញាត្តិ​យ៉ាងច្រើន​កុះក​រ​។​

​តាមរយៈ​វិយោគកថា​សង្ខេប​អាន​ដោយ ឯកឧត្តម កឹម គុណ​វ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានអោយដឹងថា កុមារ លី វ៉ាន់​ហុង កើត​នៅ​ឆ្នាំ​១៩៦៦ ជា​កូន​អាជីវករ មាន​ដើមកំណើត​នៅ​សង្កាត់​លេខ​១ ក្រុងភ្នំពេញ លោក​ជា​កូន​ទី​៧ ក្នុងចំណោម​បងប្អូន​ប្រាំ​បីនាក់ ដែល​មាន​ឪពុក​ឈ្មោះ ហៃ ងួន និង​ម្តាយ​ឈ្មោះ លី ហេង​ណៃ​។​

​ប្រវត្តិ​ការងារ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ជីវភាព រស់នៅ​របស់​ក្រុម​គ្រួសារ​ក្នុង​ដំណាក់កាល​ការពារ​កសាង​ប្រទេស យុវជន លី វ៉ាន់​ហុង បាន​ចាប់យក​អាជីព និង​ប្រកប​មុខរបរ​ជា​អ្នក​ថតរូប​មាន​ស្នាដៃ​ល្អ និង​មាន​ប្រជាប្រិយ៍ភាព​ម្នាក់​ក្នុងចំណោម​អ្នក​អាជីព​ថតរូប​នៅ​មុខ​ព្រះ​បរ​ម រាជ​វាំង​។

​លោក លី វ៉ាន់​ហុង ក៏បាន​ជ្រើស​ឱ្យ​ចូល​បម្រើ​ការងា​ររ​ដ្ឋ​នៅ​អង្គភាព​ទីភ្នាក់ងារ​សារព័ត៌មាន​ខ្មែរ (SPK) ក្នុង​នាយកដ្ឋាន​ទស្សនាវដ្ដី​កម្ពុជា​ការពារ និង​កសាង ។ នៅ​ឆ្នាំ​១៩៨៥ ជា​មន្ត្រី​យក​ព័ត៌មាន​រូបថត និង​ជា​អ្នកយក​ព័ត៌មាន​រូបថត​ប្រចាំ​នៅ​តំបន់​សមរភូមិ​នា​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។ ក្នុង​ឆ្នាំ​១៩៩៧ ដោយ​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​ប្រឡង​ប្រណាំង និង​ជាទី​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ លោក លី វ៉ាន់​ហុង ត្រូវ បាន​តែងតាំង​ជា​ប្រធានការិយាល័យ​រោង​ពុម្ព នៃ​ទីភ្នាក់ងារ​សារព៌ត័មាន​កម្ពុជា (AKP) ក្រោយមក​បាន​ប្តូរ ជា​អគ្គនាយកដ្ឋាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា (AKP)​។ នៅ​ឆ្នាំ​២០០២ លោក ក៏​ត្រូវបាន​តែងតាំង​ជា អនុប្រធាន​នាយកដ្ឋាន​រោង​ពុម្ភ នៃ​អគ្គនាយកដ្ឋាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា (AKP) ។ ក្នុង​ការកសាង​សមត្ថភាព​ចំណេះដឹង​ដោយ​រៀន​ផង ធ្វើការ​ផង នៅ​ឆ្នាំ​២០០៨ លោក លី វ៉ាន់​ហុង បន្ត​ការសិក្សា​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​ពី​សាកលវិទ្យាល័យ ចំរើន​ពហុ​បច្ចេកវិទ្យា ក្នុង​មុខ​ជំនាញ​រដ្ឋបាល​សាធារណៈ​។​

​តាមរយៈ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ល្អ​នៅក្នុង​ឆ្នាំ​២០០៤ លោក លី វ៉ាន់​ហុង ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន តែងតាំង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ទីភ្នាក់សារ​ព័ត៌មានក​ម្ពុ​ជា (AKP)​។ ក្នុង​រយៈពេល ១៣​ឆ្នាំ​នៃ​ការងារ​ល្អ និង​ជា​មន្ត្រី​មាន​គុណា​ធិបតេយ្យ តាម​សំណើ​របស់ សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​២០១៧ ឯកឧត្តម លី វ៉ាន់​ហុង បានទទួល ព្រះរាជក្រិត្យ​ត្រាស់បង្គាប់​ពី ព្រះករុណា​ព្រះមហាក្សត្រ តែងតាំង​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន រហូតមក​ទល់​នឹង​ពេល​រូប ឯកឧត្តម ទទួលមរណភាព​។​

​ក្នុង​ជីវិត​ការងារ​របស់ ឯកឧត្តម លី វ៉ាន់​ហុង បាន​រួម​ចំណែក​ដ៏​ធំធេង​ក្នុង​វិស័យ​រដ្ឋបាល ព៌ត័មាន និង​សោតទស្សន៍ របស់​ក្រសួង​ព័ត៌មាន​។ ឯកឧត្តម នៅ​បាន​បំពេញ​ការងារ​បំរើ​រាជរដ្ឋាភិបាល បំរើ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​ចុះ​បំពេញការងារ​រាជរដ្ឋាភិបាល និង​ការងារ​គណបក្ស​នៅក្នុង ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ខេត្ត​កំពង់ចាម និង​ខេត្ត​ក្រចេះ ឯកឧត្តម ជា​ថ្នាក់ដឹកនាំ​មួយរូប​តែងតែមាន ព្រហ្ម​វិហារធម៌ ជាទីគោរព និង​ទទួល​ការកោតសរសើរ​ពី​សហភា​តរ​:​ជា​មន្ត្រីក្រោមឱវាទ​។​

​មរណ​:​ភាព​របស់ ឯកឧត្តម លី វ៉ាន់​ហុង គឺជា​ការបាត់បង់​ថ្នាក់​ដឹកនាំ​ដ៏​ល្អ​មួយ​រូប​ពី​លោក​យើង នេះ​និង​ក៏​ជា​ការបាត់បង់​សហការី​ដ៏​វិសេសវិសាល​ម្នាក់​របស់​ក្រសួង​ព័ត៌មាន ។​

​នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើ​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ​ជូន​ចំពោះ ក្មួយ​ស្រី លី ណាវិន ត្រូវជា​កូន​នៃ​សព ឯកឧត្តម លី វ៉ាន់​ហុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន ព្រមទាំង​ក្រុមគ្រួសារ ដោយ​ក្នុង​សារលិខិត​បាន​គូសបញ្ជាក់ថា ជំនួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​ព័ត៌មាន មាន​សេចក្ដី​ក្ដុកក្ដួល និង​សោកស្តាយ ឥតឧបមា ដោយ​បាន​ទទួល​ដំណឹង​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​របស់ ឯកឧត្តម លី វ៉ាន់​ហុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន ត្រូវជា​ឪពុក​របស់​ក្មួយ​ស្រី ដែល បាន​ទទួលមរណភាព នៅ​ថ្ងៃ​ពុធ ៥​កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ១១:៣០ នាទី​ព្រឹក ក្នុង​ជន្មាយុ ៥៩​ឆ្នាំ ដោយ​រោគាពាធ​។​

​យើងទាំងអស់គ្នា សូម​សម្តែង​នូវ​ការសោកស្តាយ ស្រណោះ​អាឡោះអាល័យ ចំពោះ​ការបាត់បង់​ឪពុក និង​សមាជិក​គ្រួសារ​ជាទី​គោរព​ស្រឡាញ់​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ចំពោះ ក្មួយ​ស្រី និង​ក្រុមគ្រួសារ​។ ការបាត់បង់ ឯកឧត្តម លី វ៉ាន់​ហុង គឺជា​ការបាត់បង់​ថ្នាក់ដឹកនាំ ១​រូប ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ និង​កម្លាំងចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ចូលរួម​ចំណែក យ៉ាងសកម្ម ក្នុង​បុព្វហេតុ​ការងារ​របស់​ក្រសួង​ព័ត៌មាន​។​

​ជាថ្មី​ម្តងទៀត យើង​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន សូម​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ ក្មួយ​ស្រី លី ណាវិន ព្រមទាំង​ក្រុមគ្រួសារ និង​សូម​ឧទ្ទិស​បួងសួង​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​សព ឯកឧត្តម លី វ៉ាន់​ហុង សូម​បាន​ចាប់បដិសន្ធិ និង សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ត​មក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ អស់លោក លោកស្រី ជា​មន្ត្រីរាជការ តាម​បណ្តា​អគ្គនាយកដ្ឋាន អង្គភាព​ចំណុះ​អោយ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម លី វ៉ាន់​ហុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន ដែល​បាន​ទទួលមរណភាព​គួរអោយ​សោកស្តាយ និង​អាឡោះអាឡៃ​បំផុត​៕​