សិក្ខាកាមវិស័យការពារជាតិចំនួន ៥០០នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់ App Nodrug
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានអ្នកចូលរួមសរុប ៥០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ផេង កុយ សាកលវិទ្យាធិការរង បានមានមតិស្វាគមន៍ និងរបាយការណ៍ពីការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ថា និន្នាការនៃការផលិត ការចរាចរ ការជួញដូរនិងប្រាស់គ្រឿងញៀននៅតែមានកំណើនខ្លាំងទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់និងអនុតំបន់ ដែលបណ្តាលឱ្យកម្ពុជានៅបន្តរងការគំរាមកំហែងពីនិន្នាការគ្រឿងញៀនពិភពលោក និងរងឥទ្ធិពលដោយផ្ទាល់ពីតំបន់ត្រីកោណមាសនិងការប៉ុនប៉ងកែច្នៃផលិតគ្រឿងញៀនសំយោគនៅក្នុងប្រទេសដោយការលួចបង្វែសារធាតុគីមីផ្សំពីការនាំចូលដោយស្របច្បាប់ទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បន្តថា ឆ្លើយតបទៅនឹងស្ថានភាពគំរាមកំហែងពីគ្រឿងញៀននិងកាត់បន្ថយក្តីកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការអាទិភាពនិងបានបន្តដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៩ រួមទាំងបទបញ្ជា សារាចរណែនាំ លិខិតបទដ្ឋានគតិយុត្តនានាសំដៅពង្រឹង និងលេីកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងនោះការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន ដោយអនុវត្តតាមវិធីសាស្ត្របែបទាន់សម័យ មានប្រសិទ្ធភាព គុណភាព របៀបថ្មីប្លែក និងភាពទាក់ទាញ ក្នុងការបណ្តុះបណ្តាលជនបង្គោលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជំរុញដល់ប្រជាពលរដ្ឋពិសេសយុវជន សូមទាញយកកម្មវិធីទូរស័ព្ទដៃ App NoDrug មកប្រើប្រាស់នៅលេីស្មាតហ្វូនរបស់ខ្លួនទាំងអស់គ្នា ដេីម្បីទទួលបាននូវព័ត៌មានទាន់ហេតុការណ៍អំពីគ្រឿងញៀន អំពីគ្រោះថ្នាក់ កន្លែងទទួលសេវាព្យាបាល ការស្រាវជ្រាវ រួមទាំងចេះរាយការណ៍ពីសកម្មភាពប្រេីប្រាស់ និងជួញដូរគ្រឿងញៀនខ្លួនបានដឹងឬជួបប្រទះនៅក្នុងមូលដ្ឋានដល់សមត្ថកិច្ចដេីម្បីចុះទៅអន្តរាគមន៍ និងរក្សាការសំងាត់ខ្ពស់ជូនអ្នករាយការណ៍៕