ព្រះអង្គ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី មកដល់​ខេត្ត​រតនគិរី និមន្ត​ទៅ​ទស្សនកិច្ច នៅ​ច្រក​ទ្វារ​ព្រំ​ ​ដែន​អន្តរជាតិ អូរយ៉ាដាវ​-​ឡេ​ថាញ់ កម្ពុជា វៀតណាម​

ព្រះអង្គ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៤​នេះ បាន​និមន្ត​ទស្សនកិច្ច​ទៅដល់​ខេត្តរតនគិរី​ហើយដោយ​ឆ្លងកាត់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​។​ការ​និមន្ត​មកដល់​របស់​ព្រះអង្គ ត្រូវបាន​អញ្ជើញ​ទៅ​ទទួល​បដិសណ្ឋាកិច្ច​នៅ​ព្រំប្រទល់ រវាង​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ពី​សំណាក់ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី និង​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី​និង​លោកជំទាវ ព្រមទាំង​មន្ត្រី​អ្នក​មុខ អ្នកការ​ជាច្រើន​អ្នក​ទៀត​។​

​ក្នុង​ដំណើរ​និមន្ត​ទស្សនកិច្ច​មក​ដល់​របស់​ព្រះអង្គ សង្កេត​ឃើញ ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ យ៉ាង​
​ច្រើន​កុះករ នៅ​សងខាង​ផ្លូវ រង់ចាំ​ស្វាគមន៍​ព្រះអង្គ និង​បាន​ជួប​ព្រះភ័ក្រ​ផ្ទាល់ សុំ​ពរជ័យ​សេរី​សួស្តី សេចក្តីសុខ​សេចក្តីចម្រើន​។​រួច​ព្រះអង្គ និមន្ត​ទៅ​ជួប​ពុទ្ធបរិស័ទ​នៅ​ស្រុក​អូរយ៉ាដា​វដែល​រស់នៅ​តាម​បន្ទា​ត់​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម និង​និមន្ត​ទៅ​ទត​បង្គោល​ខណ្ឌសីមា​ព្រំដែន លេខ​៣០ និង​លេខ​
២៩​លើ​៣ និង​លេខ​២៩​លើ​៤​ដែល​ស្ថិតនៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ាវ​-​ឡេ​ថាញ់ កម្ពុជា​-​វៀតណាម​។​

​នៅពេល​ព្រះ​ធម្ម​វនវាសី ចន្ទ មុនី បាន​ទត​ឃើញ​ផ្ទាល់ នូវ​បង្គោល​ព្រំដែន​នា​ពេល​ព្រះអង្គ​មាន​សង្ឃដីកា​ថា ទឹកដី​ប្រទេស​កម្ពុជា​នៅ​តំបន់​ភូមិភាគ​ឦសាន​នេះ មិន​មាន​ការបាត់បង់​ទឹកដី​អ្វី​នោះទេ ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​និង​បង្គោល​ព្រំដែន ផុស​ឡើង​យ៉ាង​ស្អាត​និង​រឹងមាំ ដើម្បី​ជា​ព្រំប្រទល់​រវាង​ប្រទេស​ពីរ​នៅ​ជិតគ្នា​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ព្រះ​ធម្ម​វនវាសី អាចនិយាយបាន​ថា ជា​ព្រឹត្តិការ​យ៉ាង​កម្រ​មួយ​ដែល​ព្រះ​អង្គ​និមន្ត​មក​ដល់​តំបន់​ភូមិភាគ​ឦសាន គិត​ចាប់ពី​ព្រះអង្គ​ត្រូវ​បាន​ពុទ្ធបរិស័ទ​នូវ​ទូទាំងប្រទេស​បាន​ស្គាល់​ព្រះអង្គ​។

​ក្រោយ​បញ្ចប់​ការ​ទស្សនកិច្ច​នៅ​តំបន់​ព្រំដែន​ហើយ​នោះ ព្រះ​ធម្ម​វនវាសី បាន​ផ្តល់​ជា​ឱវាទ​ខ្លះ​ដល់​ពុទ្ធិ​បរិស័ទ​ថា ក្នុងការ​និមន្ត​មក​ដល់​នេះ គឺ​ក្រោយពេល​ដែល​ព្រះ​ទទួល​ជ្រាប​ព័ត៌មាន​ថា​មាន​ការ​ញុះញុង​ឱ្យ​ប្រឆាំង​ទៅ​លើ​គំរោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ហៅ​កាត់​ថា​CLV​។​ថែមទាំង​មានការ​កាត់​ទឹកដី​ខេត្ត​ចំនួន​៤​ខេត្ត​ថែមទៀត​ផង​។​

​ព្រះអង្គ​បន្ត​ថា ព្រះអង្គ​បាន​ធ្វើដំណើរ​លើ​ផ្លូវ​ខ្សែ​បន្ទាត់​ព្រំដែន​និង​តែង​បើក​ផែនទី​មើល បន្ត​ដោយ​ការសាកសួរ​ទៅ​មន្ត្រី​និង​ប្រជាជន​តាម​តំបន់ ឃើញថា ពុំ​មាន​ការបាត់បង់​ទឹកដី​អ្វី​ទេ ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​គ្នា​ទៅវិញទៅមក​។ ហើយ​ព្រះអង្គ​នឹង​នាំយក​ការពិត ប្រាប់​ទៅ​ប្រជាពលរដ្ឋ​និង​ពុទ្ធិ​បរិស័ទ ដែល​ពុំ​បាន​មកដល់​ចំណុច​ដែល​គេ​ចោទប្រកាន់​ថា បាត់បង់​ទឹកដី​។

​ក្នុង​ពេល​នេះ​ដែរ​គេ​សង្គេតឃើញថា មាន​ប្រជាពលរដ្ឋ​ដ៏​ច្រើន​ត្រៀបត្រា ដែល​មាន​ជំនឿ​លើ​ព្រះអង្គ បាន​នាំគ្នា​ទិញ​ទៀន ធូប ផ្កា ក្រមួន ទឹកបរិសុទ្ធ និង​គ្រឿង​សក្ការៈបូជា​នានា​ជាច្រើន​ទៀត មក​អង្គុយ​រង់ចាំ​ទទួល​ព្រះ​ធម្ម​វនវាសី ចន្ទ មុនី នៅតាម​ផ្លូវ​ប្រវាត់​ព្រំដែន និង​តាម​វត្ត​អារាម​ផងដែរ​។​

​សូម​រំលឹក​ថា មុន​ពេល​និមន្ត​ទៅ​តំបន់ CLV នេះ ព្រះអង្គ​ធម្ម​វនវាសី ចន្ទ មុនី បាន​មាន​ថេរដិ​ការផ្សាយ​តាម​បណ្តាញ​សង្គម​ថា ក្នុង​ដំណើរ​និមន្ត​ទស្សនកិច្ច​របស់​ព្រះអង្គ​នេះ គឺ​និមន្ត​ទៅ​ជួប​ពុទ្ធបរិស័ទ​នៅតាម​បន្ទាត់​ខ្សែ​ព្រំដែន​តំបន់ CLV ដែលមាន​៤​ខេត្ត ដោយ​ផ្តើម​ពី​ខេត្ត​ក្រចេះ​។​

​ព្រះអង្គ​បាន​បញ្ជាក់​អំពី​គោលបំណង​នៃ​ដំណើរ​និមន្ត​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ចូលរួម​ដោះស្រាយ​មន្ទិលសង្ស័យ​ដើម្បី​ធ្វើអោយ​ប្រាកដប្រជា​ជុំវិញ​រឿង​បាត់បង់​ទឹកដី​ដោយសារ​កិច្ចព្រមព្រៀង តំបន់​អភិវឌ្ឍន៍​ជាមួយ​វៀតណាម​និង​ឡាវ ។​ហើយ សម្តេច​តេជោ​កាលពី​ថ្ងៃទី​១៩​សីហា បាន​ធ្វើ​ការណែនាំ និង​ផ្តាំផ្ញើ​អោយ​អាជ្ញាធរ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹង​
​ត្រែង ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ព្រះអង្គ ក្នុង​ដំណើរ​និមន្ត​ទស្សនកិច្ច​នេះ ព្រមទាំង​រក្សា​សន្តិសុខ និង​សុខភាព​ប្រគេន​ព្រះអង្គ​។​

​សូមបញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុម​ប្រឆាំង​បាន​លើកយក​រឿង កិច្ចព្រមព្រៀង​តំបន់​អភិវឌ្ឍន៍​កម្ពុជា​-​វៀតណាម​និង​ឡាវ ដោយ​មាន​ចេតនា​បំពុល​សន្តិសុខ​សង្គម​កម្ពុជា ហើយ​ប្រកាស​ប្រមូល​កម្លាំង​ធ្វើ​បាតុកម្ម ដោយ​បង្កប់​នូវ​យុទ្ធសាស្ត្រ រុញ​អោយ​ផ្ទុះ​ហិង្សា ហើយ​ឈាន​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ មេដឹកនាំ​ម្នាក់​ពី​ប្រទេស​ជប៉ុន​បាន​ញុះញង់​មហាជន​អោយ​ដុត​បំផ្លាញ​សេដ្ឋកិច្ច​ខ្មែរ​អោយ​ដាំ​ក្បាល​ចុះ​៕​