ពិធី​កម្ទេច​ឧបករណ៍​ល្បែង​ខុសច្បាប់ បាន​បង្ហាញ​អំពី​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុង​វិស័យ​ល្បែង​ពាណិជ្ជកម្ម​

ខេត្ត​ព្រះសីហនុ​៖ លោក រស់ ភីរុណ អគ្គលេខាធិការ​គណៈកម្មកា​រ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​លោក នៃ គង់ អភិបាលរង ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​កម្ទេច​ឧបករណ៍​ល្បែង​ខុសច្បាប់ ដោយ​មាន​ការចូលរួម​ពី លោក លោកស្រី ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​កងកម្លាំង​សមត្ថកិច្ច​ម្ចាស់​អាជីវកម្ម​នានា​។​

​លោក រស់ ភីរុណ អគ្គលេខាធិការ​គណៈកម្មកា​រ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ការកម្ទេច​ឧបករណ៍​ល្បែង​ខុសច្បាប់​នាពេលនេះ ដោយ​មាន​គោលបំណង​បង្ហាញ​អំពី​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុង​វិស័យ​ល្បែង​ពាណិជ្ជកម្ម និង​ការអនុវត្ត​ក្របខ័ណ្ឌ​ការងារ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ត្រួតពិនិត្យ​លើ​ឧបករណ៍​ឬ​កម្មវិធី​ល្បែង​ដែល​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​គ្រប់គ្រង​ពាណិជ្ជកម្ម​កម្ពុជា ដែល​ហៅ​កាត់​ថា​(​គ​.​ល​.​ក​.) ត្រូវបាន​បង្កើតឡើង តាមរយៈ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​មាន​សមាសភាព​ចំនួន ១១​រូប មកពី​ក្រសួង​-​ស្ថាប័ន ចំនួន ៧​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​វិស័យ​ល្បែង​ពាណិជ្ជកម្ម​ដោយផ្ទាល់​។​

​លោក​ក៏​បាន​បន្ថែមថា ដោយយោង​តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម បាន​បញ្ញត្តិ​ថា​”​នីតិបុគ្គល​អាច​ប្រតិបត្តិការ​ល្បែង​ពាណិជ្ជកម្ម​បាន លុះត្រាតែ​មាន​អាជ្ញា​បណ្ណ​ជាមុន ចំពោះ ឧបករណ៍ ឬ​កម្មវិធី​ល្បែង​ដែល​អាច​ស្នើសុំ​ចុះបញ្ជី និង​អាច​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​កាស៊ីណូ​បាន​លុះត្រាតែ​ការផលិត​ការដំឡើង ការ​នាំចូល ការលក់ និង​ចែកចាយ​ដោយ​ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​បណ្ណ​ពី​(​គ​.​ល​.​ក​) ដូចនេះ​ហើយ​ឧបករណ៍​ល្បែង​ដែល​ដំណើរការ​ដោយ​មិន​មាន​ការអនុញ្ញាត​ពី​(​គ​.​ល​.​ក​)​ត្រូវបាន​ចាត់ទុក​ថា​ជា​ឧបករណ៍​ល្បែង​ខុសច្បាប់​ដែល​ជា​កម្មវត្ថុ នៃ​ការ​រឹបអូស និង​កម្ទេច​ចោល​។​

​ដោយយោង​តាម​ដីកា​សម្រេច​ប្រគល់​វត្ថុតាង​ចាប់​យក​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ប្រគល់​វត្ថុតាង​មួយ​ចំនួន ជា​ឧបករណ៍​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស គឺ​ត្រូវ​បំផ្លាញចោល ដូចនេះ​ពិធី​កម្ទេច​ឧបករណ៍​ល្បែង​ខុសច្បាប់​នាពេលនេះ គឺ​ដើម្បី​អនុវត្ត​អនុលោម​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​ស្រប​តាម​ដីកា​សម្រេច​ខាងលើនេះ ដែល​មាន​សម្ភារៈ និង​ឧបករណ៍​ល្បែង​ខុសច្បាប់ ត្រូវ​បាន​កម្ទេច​ចោល រួមមាន​៖

​ម៉ាស៊ីន​ល្បែង ចំនួន ២៦​គ្រឿង​ជើង​កាមេរ៉ា ចំនួន ៣​គ្រឿង និង ក្បាល DVR ចំនួន ៨​គ្រឿង ។​

​លោក​បញ្ជាក់​ជូន​ផងដែរ​ថា ការធ្វើ​អាជីវកម្ម​ល្បែង​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ពី​(​គ​.​ល​.​ក​)​គឺជា​បទល្មើស​ដែល​ត្រូវ​អនុវត្ត​នីតិវិធី​អនុលោម​តាម​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​សហកា​រ​យ៉ាង​ពេញទំហឹង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​តាមដាន និង​ចាត់វិធានការ​ក្នុង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងស៊ីសង​ខុសច្បាប់ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព ដោយ​ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​ឈាន​ដល់​លុបបំបាត់​ឱ្យ​បាន​នូវ​សកម្មភាព​លួចលាក់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រតិបត្តិការ​ចម្រុះ​,​អាជ្ញាធរ​ដែនដី​, មន្ត្រីនគរបាល​យុត្តិធម៌ រួម​ទាំង​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​លោក នៃ គង់ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា តាងនាម​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយ​នៅ​ពេល​កន្លងមក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​កាស៊ីណូ​អន្តរជាតិ​តោ​ពីរ ដែល​ធ្វើ​អាជីវកម្ម​កាស៊ីណូ​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ដែល​ត្រូវបាន​ដកហូត​មក​កម្ទេច​ចោល​នាពេលនេះ ហើយ​សូម​បញ្ជាក់​ផងដែរ​ថា​អំពី​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ការចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ល្បែង​អន​ឡាញ​ខុសច្បាប់ និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Scammed Online) ព្រមទាំង​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ខេត្ត​ព្រះសីហនុ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ ដោយ​មាន​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជា​សេនាធិការ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​បាន​អនុវត្ត​យ៉ាង​សកម្ម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​គោលនយោបាយ និង​គោលការណ៍​នានា​របស់​រាជរដ្ឋាភិបាល​ចូលរួម​ថែរក្សា ការពារ​បាន​យ៉ាងរឹងមាំ​នូវ​សន្តិភាព អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជំរុញ​ជាប់​ជា​ប្រចាំ​នូវ​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​»៕​