ឈ្មួញ​ឈើ​ចាស់វស្សា​ម្នាក់​នៅ​ខេត្ត​ក្រចេះ ឈ្មោះ ធី កា​ប៉ូ ដែល​គេ​ដឹកឈើ​បម្រុង​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ត្រូវបាន​ក្រឡាប់​រថយន្ត​ដឹកឈើ​ទាំង​កណ្តាល​អាធ្រា​ត្រ​ចេញ​សុទ្ធតែ​ឈើប្រណិត​ខុសច្បាប់​

​ខេត្ត​ក្រចេះ​៖ ឈ្មួញ​ឈើ​ឈ្មោះ ធី កា​ប៉ូ ដែល​គេ​ដឹងថា បាន​ប្រើប្រាស់​រថយន្ត​សេរី​ទំនើប​ជាច្រើន​គ្រឿង ដើម្បី​ដឹក​ឈើ​ទៅ​លក់​ឲ្យ​ជនជាតិ​វៀតណាម នៅ​ទឹកដី​ប្រទេស​វៀតណាម នៅ​ពាក់កណ្តាល​អាធ្រា​ត្រ វេលា​ម៉ោង​១១ និង ៤០​នាទី​យប់ ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ បាន​ក្រឡាប់​រថយន្ត​ដឹក​ឈើ​ខុសច្បាប់ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤២៣ និង ៤២៤ ស្ថិតនៅក្នុង​ភូមិ​អូរ​កណ្តៀរ ឃុំ​អូរ​កណ្តៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​។​

​តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា នៅក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹកឈើ ១​គ្រឿង​នោះ ក្រុម​ឈ្មួញ​ទាំងនេះ​បាន​ប្រញាប់ប្រញាល់​យក​រថយន្ត​ផ្សេងទៀត មក​ដឹក​ជនរងគ្រោះ និង​ឈើ​ល្មើសច្បាប់ ជម្លៀស​យកចេញ​ទៅ​លាក់ទុក​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ នៅ​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ក៍​មាន​អ្នកកាសែត​តាម​ភូមិ​ក្នុង​ឃុំ​អូរ​កណ្តៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ បាន​ចុះ​ទៅ​ថត​ផ្តឹត​រូបភាព​ពី​សកម្មភាព រថយន្ត​ដឹក​ឈើ​របស់​ឈ្មោះ ធី កា​ប៉ូ បាន​ដោយ​សុ​វត្ថ​ភាព រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​មួយ​គ្រឿង​នេះ​ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7257 ។ ដែល​មាន​ផ្ទុក​ឈើ​ក្នុង​រថយន្ត​ពេញ ឈើ​ទាំ​នេះ​មាន​ប្រភេទ​ឈើ​កកោះ​ជា​ច្រើន​សន្លឹក និង ប្រភេទ​ឈើ​ដុំ​ជាច្រើន​ទៀត​។​

​តាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ​នេះ បើក​បោះពួយ​យ៉ាង​លឿន នៅលើ​ដងផ្លូវ​ជាតិ​លេខ​7 លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​គេ​ឃើញ ក្រឡាប់​រមៀល​ធ្លាក់​ពី​លើ​ទ្រូងផ្លូវ​ជាច្រើន​ត្រឡប់ បាន​ធ្វើអោយ​រថយន្ត​មួយ​គ្រឿង​នេះ​ផ្ងារជើង​ឡើងលើ ធ្លាយ​ចេញ​សុទ្ធតែ​ឈើប្រណិត​គ្មាន​ច្បាប់​។​

​ក្រោយ​កើតហេតុ ឈ្មួញ​ឈើ​បាន​ជម្លៀស​ឈើ​ចេញ​ពី​រថយន្ត​ដែល​កើតហេតុ​នោះ​ចេញ​អស់ ទើប​បាន​សមត្ថកិច្ច​ចុះ​មក​ដល់​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ ត្រូវ​គេ​ឃើញ​បក្ខពួក​ឈ្មូញ​ឈើ បាន​យក​រថយន្ត​មក​ស្ទូច​អូស​យក​ទៅ​ជួសជុល​យ៉ាង​ដោយ​សុ​វត្ថ​ភាព ដោយ​គ្មាន​ការរំខាន ឬ​មាន​ការពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​ជំនាញ​នោះទេ​។ បើ​តាម​ការសាកសួរ ជា​ព័ត៌មាន ទៅ​សមត្ថកិច្ច មន្ត្រី​ជំនាញ​ទាំងនោះ​បាន​ឆ្លើយថា ជា​ករណី​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ទើប​មិន​អាច​យក​រថយន្ត​មក​រក្សាទុក​។​

​ចំណែក​លោក​វរសេនីយ៍ លន់ ហុង អធិការនគរបាល​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​បានឱ្យដឹងថា ករណី​ក្រឡាប់​រថយន្ត​នេះ បាន​កើតឡើង​នៅ​ពេលយប់ ទើប​សមត្ថកិច្ច​មិន​បាន​ទទួល​ព័ត៌មាន ជាហេតុ​ធ្វើឱ្យ​ក្រុម​ឈ្មួញ​មានឱកាស​យក​ឈើ ជម្លៀស​ដាក់​រថយន្ត​ផ្សេង​ទៀត​ដឹក​ចេញពី​កន្លែងកើតហេតុ​ខាងលើនេះ​។ លោក​ថា រថយន្ត​កើតហេតុ​ខាងលើ​នេះ​ត្រូវ​ឱ្យ​ទៅ​ម្ចាស់​គេ​យក​ទៅ​ជួសជុល​វិញ​ហើយ ព្រោះ​ករណីនេះ ពួកគេ​បាន​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ សមត្ថកិច្ច​គ្មាន​សិទ្ធិ​ឃាត់​យកទៅ​រក្សាទុក​នោះទេ​។​

​យ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​បាន​និយាយថា សមត្ថកិច្ច​គួរតែ​ឃាត់​រថយន្ត នឹង​ឈ្មួញ​ដឹកឈើ​ចំនួន​៣​នាក់ ខាងលើនេះ ដែល​នៅក្នុង​ជាមួយ​រថយន្ត​ដឹកឈើ​ខុសច្បាប់ ម៉ាក​ហាយ​ឡែន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG- 7257 នេះ​។ ទើប​ដឹង​ពី​អត្តសញ្ញាណ អោយ​កាន់តែ​ច្បាស់ ដើម្បី​សួរនាំ និង​យក​ទៅ​ផ្តន្ទាទោស​ទៅតាម​និតិ​វិធី​ច្បាប់​៕​ា​