កិច្ចប្រជុំ​លើក​ទី​៦ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ The 6th GMS Environment Ministers’ Meeting, EMM-6

​រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​លើក​ទី​៦ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម សាន វណ្ណ​ទី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​បើក​សិក្ខាសាលា​អន្តរជាតិ ស្តីពី​«​ការ​ពន្លឿ​នសកម្មភាព​ធន់ នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​និរន្ត​ភាព​បរិស្ថាន នៅក្នុង​មហា​អនុ​តំបន់​មេគង្គ គោលបំណង ដើម្បី​ចែករំលែក​បទពិសោធន៍ ចំណេះដឹង និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ ក្នុងចំណោម​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ ដែល​រួមមាន​ប្រទេស ចិន មី​យ៉ាន់​ម៉ា​  ​ថៃ ឡាវ កម្ពុជា វៀតណាម​។​

​កិច្ចពិភាក្សា បាន​ផ្តោត​ការយកចិត្តទុកដាក់ ទៅលើ​ប្រធានបទ​រង​សំខាន់ៗ​រួមមាន​៖
-​ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង គ្រោះមហន្តរាយ ( building climate and disasters resilience)
-​ការសម្របសម្រួល​ហិរញ្ញប្បទាន​ដែល​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អាជីវកម្ម​ដែល​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ (Facilitating low carbon transition)
-​ការលើកកម្ពស់​ភាព​ធ​ន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការធ្វើ​កសិកម្ម​ឆ្លាត​វៃ​(promoting climate-smart landscapes)
-​ការលើកកម្ពស់​គុណភាព​បរិស្ថាន​តាមរយៈ​ការត្រួតពិនិត្យ​ការបំពុល និង​ការគ្រប់គ្រង​សំណល់​(Enhancing Environmental Quality through pollution control and waste management

-​ការប្រើប្រាស់​នូវ​ប្រពន្ធ័​បច្ចេកវិទ្យា ឌីជីថល ក្នុង​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង និរន្ត​ភាព​បរិស្ថាន (Deploying Digital Technologies for climate action and environmental sustainability)
-​ការបង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង ការរៀបចំ​ហិរញ្ញវត្ថុ​ធន់​នឹង​ហានិភ័យ​ដែល​បង្ក​មក​ពី​គ្រោះ​ហ​ន្ត​រាយ (innovation climate and disaster risk financing instruments
​ក្នុងឱកាស​នោះ ឯកឧត្តម សាន វណ្ណ​ទី បាន​ថ្លែងថា កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​«​យុទ្ធសាស្ត្រ​វិស័យ​ច​ក្រា​ឆ្នាំ​២០២៣-២០២៨» កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។

​យុទ្ធសាស្ត្រ​នេះ​គឺជា​ផែនទី​ចង្អុល​ផ្លូវ និង​ជា​ផែនការ​សកម្មភាព​ជាអាទិ​ភាព ដើម្បី​ធានាបាន​នូវ​និរន្ត​ភាព​បរិស្ថាន​  ​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការ​លើ​កម្ពស់​សេដ្ឋកិច្ច​បៃតង ដើម្បី​ឆ្ពោះ​ទៅ សម្រេច​គោលដៅ ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃ ៦០% នៅ​ឆ្នាំ​២០៥០​។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​ទៅលើ​ភាព​ស្អាត បៃតង និង​ចីរភាព​។

​ចំពោះ​ភាព​ស្អាត យើង​ផ្តោត​ទៅលើ ការត្រួតពិនិត្យ​ការបំពុល តាមរយៈ​ការបំពាក់​នូវ​ប្រពន្ធ័​ត្រួតពិនិត្យការ​បំពុល​ទំនើប និង​ការធ្វើអោយ​ប្រសើរឡើង នូវ​ការ​វាយ​តំលៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។ ចំពោះ​ភាព​បៃតង យើង​ផ្តោត​ទៅលើ​ការដាំ​ដើមឈើ ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង តំបន់ការពារធម្មជាតិ​ប្រកប​ដោយ​និរន្ត​ភាព និង​ការលើកកម្ពស់​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​។ និង​ចុងក្រោយ​គឺ និរន្ត​ភាព យើង​ផ្តោត​ទៅលើ​ការត្រួតពិនិត្យ​អនុលោមភាព ការពង្រីក និង​ពង្រឹង កិច្ចសហប្រតិបត្តិការ​។​

​គួរបញ្ជាក់​ថា កិច្ចប្រជុំ​លើក​ទី​៦ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤​។

​វេទិកា​ដ៏​មាន​សារៈសំខាន់ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃនេះ ក្រុមការងារ​នៃ​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ នឹង​ជួប​ជជែក​ពិភាក្សា ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​រវាង​គ្នា ដើម្បី​ប្តេជ្ញាចិត្ត​រួមគ្នា ឆ្ពោះទៅ និរន្ត​ភាព​បរិស្ថាន និង សកម្មភាព​ធន់ នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការរួម​គ្នា​ពុះពារ​នូវ​បញ្ហា​ប្រឈម​នានា ដើម្បី​កសាង​នូវ​អនាគត ដ៏​ភ្លឺស្វាង សំរាប់​មហា​អនុ​តំបន់​មេគង្គ​។

​ក្រៅ​ពី​ប្រតិភូ​បណ្តា​ប្រទេស​មហា​អនុ​តំបន់​មេគង្គ សិក្ខាសាលា​អន្តរជាតិ​នាពេលនេះ​  ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​ភ្ញៀវ​កិត្តិយស និង​ប្រទេស​ដៃគូ​សម្រាប់​កិច្ចសហប្រតិបត្តិការ មួយចំនួន រួមមាន​ប្រទេស​ដា​ណឺ​ម៉ាក​,​អាល្លឺម៉ង់ ,​សិង្ហ​បុរី​,​ហ្វីលីពីន​, មជ្ឍមណ្ឌល​កិច្ចសហប្រតិបត្តិកា​រ​បរិស្ថាន​អន្តរជាតិ​នៃ​ក្រសួង​បរិស្ថាន និង​អេកូឡូស៊ី​ចិន​, ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​អាស៊ាន នៃ​ប្រទេស​ចិន និង​ការិយាល័យ​កិច្ចសហប្រតិបត្តិកា​របរិ​ស្ថាន និង​អេកូឡូស៊ី​ខេត្ត​យូ​ណាន​, មជ្ឍមណ្ឌល​អាស៊ាន នៃ​ក្រសួង​ធនធានធម្មជាតិ​ឡាវ មជ្ឍមណ្ឌល​ជីវចម្រុះ​ឡាវ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​ថៃ និង​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀត​ណា​ម ផងដែរ​៕​