តំណាង​អគ្គស្នងការ​នគរបាល​ជាតិ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេលកន្លងមក​យ៉ាងសកម្ម​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន​ប៉ា ម៉ា​រី​លុច ក្នុងនាម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេលកន្លងមក​យ៉ាងសកម្ម ទទួលបាន​លទ្ធផល​ល្អ​។

​ទន្ទឹម​នោះ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​ត្រូវ​កែលំអ និង​ជា​បទពិសោធន៍​ផងដែរ​។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន​ប៉ា ម៉ា​រី​លុច និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​នគរបាលជាតិ តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ មានប្រសាសន៍​បែប​នេះ ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច ស្តី​ពី​ការប្រគល់​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក​-​លោកស្រី នាយករង​មន្ទីរ និង​នាយការិយាល័យ​ទាំង​១១ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤​។​បន្ទាប់ពី​លោក​វរសេនីយ៍ឯក គង់ សី​វឌ្ឍនា នាយ​ការិយាល័យ​រដ្ឋបាល​-​សរុប អាន​សេចក្តីសម្រេច ផ្សព្វផ្សាយ​ស្តី​ស្តី​ពី​ការប្រគល់​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រួចមក​,​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ការប្រគល់​ភារកិច្ច​ថ្មី​ជូន​ដល់ លោក​-​លោកស្រី នាយករង​មន្ទីរ​នៅពេលនេះ សំដៅ​ពង្រឹង​ពិសេស​ប្រសិទ្ធ​ការងារ និង​ការទទួលខុសត្រូវ​លើ​ការបញ្ជា​ដឹកនាំ​ផងដែរ​។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន​ប៉ា ម៉ា​រី​លុច ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​-​លោកស្រី នាយករង​មន្ទីរ និង​លោក​នាយការិយាល័យ​ជំនាញ និង​មន្ត្រី​ទាំងអស់ សូម​ពង្រឹង​របៀបរបប​ការងារ ជា​ពិសេស​ត្រូវ​ប្រកាន់​ឱ្យបាន​ភ្ជាប់​ភ្ជួន​នូវ​បទ​វិន័យកងក​ម្លាំង​នគរបាល​ជាតិ​កម្ពុជា​៕​