ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានកិត្តិយស​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរា​វត្តា (Airavata) ដើម្បី​ចូលរួម​ក្នុង​កិច្ចការងារ​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី​ក្នុងប្រទេស​កម្ពុជា​

​ការជ្រើសតាំង ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជា​ប្រធានកិត្តិយស​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរា​វត្តា ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៤ នា​សណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុង​កម្មវិធី​រាត្រី​សមោលសរ​សប្បុរសធ​ម៌​រៃអង្គាសថ​វិកា​លើកទី​៦ ដើម្បី​បន្ត​កិច្ចការងារ​អភិរក្ស​ដំរី​ខ្មែរ​បាន​ស្ថិតស្ថេរ រៀបចំ ឡើង​ដោយ សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា ក្រោម​អធិបតីភាព ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ ជា​តំណាង​ថ្នាក់ដឹកនាំ​តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា និង​សប្បុរសជន​ជាតិ អន្តរជាតិ​ចូលរួម​ប្រមាណ ៤០០​នាក់​។​

​នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក្នុងនាម​ជា​ប្រធានកិត្តិយស​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរា​វត្តា បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា​បន្ត​ចូលរួម​គាំទ្រ​ថវិកា​ដើម្បី​ភ្ជាប់​និស្ស័យ​ជា​មួយ​សមាគម​អោយ​មាន​លទ្ធភាព​ពង្រឹង​នឹង​ពង្រីក​ហើយ​ផ្តល់​សេចក្តីសុខ​ដល់​សត្វ​ដំរី​ស្រុក ក៏​ដូចជា​ព្យាយាម​បង្កាត់​ពូជ​អោយ​បាន​កូន​ច្រើន​ជា​ប្រភេទ​ដំរី​ស្រុក ដើម្បី​ផ្តល់​ជា​ការកំសាន្ត និង​ការអភិរក្ស​សត្វ​ដំរី​ស្រុក​នៅក្នុង​ប្រទេស​កម្ពុជា​បាន​គង់វង្ស ។

​ការចូលរួម​ពី​គ្រប់ភាគី​ក្នុង​ការចូលរួម​ការពា​រ​និង​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​នៃ​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ ។​

​លើ​បញ្ហា​នេះ​ការអំពាវនាវ​អោយមាន​ការចូលរួម​ជា​ថវិកា ដើម្បី​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា អភិរក្ស​ដំរី​ស្រុក​ដែល​កំពុង​រស់នៅ​ក្នុងភូមិ​កា​ទៀង ឃុំ​ល្បាំង​ពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី ។

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ដើម្បី​អោយ​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរា​វត្តា (Airavata) បន្ត​និរន្តរភាព បាន​យូរអង្វែង​ទៅមុខទៀត ក្រៅ​ពី​ការរៀបចំ​កម្មវិធី​រាត្រី​សមោលសរ​សប្បុរសធ​ម៌​រៃអង្គាស​ថវិកាក្នុង ១​ឆ្នាំ​ម្តង សមាគម​គួរ​បង្កើត​អោយមាន​ជា​សមាជិក​របស់​សមាគម Airavata តែម្តង ដែល​រួមមាន សមាជិក​កា​តមាស សមាជិក​កាត​ប្រាក់ និង​សមាជិក​កាត​សំរិទ្ធិ សម្រាប់​ចូលរួម​បង់​វិភាគទាន​ប្រចាំឆ្នាំ​ដើម្បី​ការអភិរក្ស​សត្វ​ដំរី​ស្រុក​អោយបាន​គង់វង្ស ។​  ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា បើ​និយាយ​ពី​ជំនឿ សត្វ​ដំរី គឺជា​សត្វ​ដែល​នាំមក​នូវ​ភាពត្រជាក់ត្រជុំ នាំមក​នូវ​សេចក្តីសុខ សេចក្តីចម្រើន ។​

​ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរា​វត្តា (Airavata) បន្ត​បេសកកម្ម​របស់​ខ្លួន និង​ខិតខំ​ចងក្រង​រឿងរ៉ាវ​ល្អៗ​និង​កម្រ ទាក់ទង​នឹង​សត្វ​ដំរី​ក្នុង​សមាគម​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​សាធារណជន ឱ្យបាន​យល់​កាន់តែ​ស៊ីជម្រៅ​ពី​សារៈសំខាន់​របស់​សត្វ​ដំរី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​បុគ្គលិកលក្ខណៈ​របស់​សត្វ​ដំរី​។

​ក្នុង​រយៈពេល​ចុងក្រោយ​នេះ សន្ទុះ​វិជ្ជមាន​នៃ​ការស្រឡាញ់ និង​អភិរក្ស​សត្វព្រៃ​ពី​ប្រជាជន​កម្ពុជា​គឺ​មាន​ចំនួន​កាន់តែ​ច្រើនឡើង​។

​លោកស្រី ខៃ ចិន្តា ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា (AIRAVATA) បាន​ជម្រាបជូន​ពី​ប្រវត្តិ​នៃ​ការ​ស្រា​លាញ់ និង​ចិញ្ចឹមសត្វ​ដំរី នៅ​ក្នុង​ជុំរំ អភិរក្ស​ដំរី ស្ថិតនៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំង​ពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី បច្ចុប្បន្ន​នេះ​មាន​ចំនួន ៤​ក្បាល ឈ្មោល​ពីរ ញី មួយ និង​កូនដំរី​ញី​មួយ ហើយ​ការថែរក្សា និង​អភិរក្ស​សត្វ​ដំរី​ស្រុក​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​គឺ​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ ការពារ​បរិស្ថាន លើកតម្កើង​ប្រពៃណី​វប្បធម៌​នៃ​បង្កាត់​ពូជ​ដំរី​ស្រុក ដើម្បី​ឱ្យមាន​កំណើន​កូនដំរី បន្ត​និរន្តរភាព​នៃ​ដំរី​ខ្មែរ ៕​