ប្រធាន​ក្រុមហ៊ុន​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចល័ត​បច្ចេកវិទ្យា​ឌីជីថល​អេក្រង់ 3D AI ចង់​ធ្វើ​ការវិនិយោគទុន​នៅ​កម្ពុជា លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល អេក្រង់​3D AI ដោយ​គ្មាន​វ៉ែនតា និង​វិស័យ​បច្ចេកវិទ្យា​ជាច្រើន​ផ្សេងទៀត​

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ នា​ទីស្តីការ​ក្រសួង​ព័ត៌មាន គណៈប្រតិភូ​វិនិយោគិន​នៃ​ប្រទេស​ចិន​មួយក្រុម​ដឹកនាំ​ដោយ លោក Ye Shaogan ប្រធាន​ក្រុមហ៊ុន​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចល័ត​បច្ចេកវិទ្យា​ឌីជីថល​អេក្រង់​3D AI ដោយ​គ្មានវែ​នតា បាន​ជម្រាបជូន​ពី​គម្រោង​ចង់​មក​ធ្វើ​ការវិនិយោគទុន​នៅក្នុង​ប្រទេស​កម្ពុជា លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល អេក្រង់​3D AI ដោយ​គ្មាន​វ៉ែនតា និង​វិស័យ​បច្ចេកវិទ្យា​ជាច្រើន​ផ្សេងទៀត​។​

​ឯកឧត្តម សុខ ប្រសិទ្ធិ បាន​ថ្លែង​នូវ​ការគាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​របស់ លោក Ye Shaogan ប្រធាន​ក្រុមហ៊ុន​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចល័ត​បច្ចេកវិទ្យា​ឌីជីថល ប្រទេស​ចិន ហើយ​តាមរយៈ​នេះ ឯកឧត្តម រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ជម្រាបជូន​អំពី​សក្តានុពល និង​ភាព​រីកចម្រើន​របស់​កម្ពុជា ក្រោម​ការដឹកនាំ​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​ដោយ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពិតជា​មាន​សុខសន្តិភាព​យ៉ាង​ល្អ​រឹងមាំ ។

​ឯកឧត្តម ក៏បាន​លើកឡើង​ពី​ទំនាក់ទំនង​របស់​ចិន និង​កម្ពុជា ដោយ​ផ្តោត​លើ​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដើម្បី​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ចិន និង​សម្រេចបាន​នូវ​ការអភិវឌ្ឍ​រួម​ប្រកបដោយ​ចីរភាព និង​គុណភាព​ខ្ពស់​។

​ជាមួយ​នេះ​ក៏​បាន​ជម្រាបជូន អំពី​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល កំណត់​យក​អាទិភាព​គន្លឹះ ៥ គឺ​: “​មនុស្ស​, ផ្លូវ​, ទឹក​, ភ្លើង និង បច្ចេកវិទ្យា​” ជាពិសេស គឺ “​បច្ចេកវិទ្យា​ឌីជីថល​” ឧស្សាហកម្ម​ទី​៤ សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ព្រម​ទាំង​តម្រូវការ​ក្នុង​ការលើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ច​ដែល​ជា​គ្រឹះ និង​មធ្យោបាយ​ដ៏​សំខាន់ នៃ​ការសម្រេច​បាន ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០​។​

​លោក Ye shaogan បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​ចិន និង​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដែល​បាន​អនុញ្ញាត​អោយ​ក្រុមហ៊ុន ចូលជួប ពិភាក្សា​ការងារ និង​ស្វែងយល់​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ។

​លោក​ប្រធាន បាន​បង្ហាញ​នូវ​ចំណាប់​អារម្ឦណ៍​ដោយ​បាន​ឃើញ​ប្រទេស​កម្ពុជា​មាន​ការអ​ភិ​វ​ឌ្ឍ​ន៍​បាន​យ៉ាង​លឿន ហើយក៏​ជា​ប្រទេស​មាន​អំណោយផល​ដល់​ក្រុមហ៊ុន ក្នុង​ការវិនិយោគ​ផងដែរ​។​

​លោក Ye shaogan បាន​បញ្ជាក់​ជូន​ថា គោលដៅ​របស់​ក្រុមហ៊ុន គឺ​ស្រាវជ្រាវ​បច្ចេកទេស​ថ្មីៗ អេក្រង់​ថ្មីៗ ផលិត 2D 3D រហូតមកដល់​បច្ចុប្បន្ន និង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត 5G ដោយ​ក្រុមហ៊ុន​បាន​ធ្វើ​ការបញ្ចូល​ប្រព័ន្ធ​3D ជាមួយ​អ៊ី​ន​ធឺ​ណេត 5G ជា​បច្ចេកវិទ្យា​តែមួយ​។

​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​មើលឃើញ​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​ក៏​ចង់​នាំយក​បច្ចេកវិទ្យា 3D ត​ភ្ជាប់​អេក្រង់​តាម​ទីសាធារណៈ ឡាន​ក្រុង សាលារៀន បន្ថែម​ពី​នេះ​ទៅទៀត​ប្រព័ន្ធ 3D​ក៏​ជា​កម្មវិធី​សម្រាប់​ដាក់​តាម​សាលា​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ឱ្យ​សិស្ស​ស្វែងយល់​អំពី​ការប្រព្រឹត្ត​ទៅ​នានា នៅ​ក្នុង​ប្រវត្តិសាស្ដ្រ វិទ្យាសាស្ដ្រ និង​ការសិក្សា​ផ្សេងៗ​ទៀត​ដោយ​ប្រើប្រាស់​បង្ហាញ​តាម​ប្រព័ន្ធ​3D​។​

​ប្រព័ន្ធ 3D មាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ហើយ​ក៏​អាច​ព្យាបាល​ភ្នែក​ម្ញូប​របស់​កុមារពី​អាយុ ៦​ឆ្នាំ ដល់​១៨​ឆ្នាំ និង​បាន​សិក្សា​នៅ​ប្រទេស​ចិន គឺ​មាន​អ្នក​ម្ញូប​ភ្នែក​ប្រហែល ៥១% នៃ​ប្រជាជន​ចិន​ទាំងមូល ចំណែក​នៅ​ប៉ែក​ខាង​អាស៊ី​គឺ​មាន​ពី​៣០% ទៅ​៤០% ដែល​មាន​ភ្នែក​ម្ញូប​។​

​លោក​ប្រធាន សង្ឃឹម​ថា​ប្រទេស​កម្ពុជា នឹង​អនុញ្ញាត​ដល់​ក្រុមហ៊ុន នាំ​យក​ប្រព័ន្ធ​បច្ចេកវិទ្យា​អេក្រង់​3D AI ដាក់អោយ​ដំណើរការ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​សិស្ស​ដែល​កំពុង​សិក្សា​នៅ​តាម​សាលា​រដ្ឋ និង​ឯកជន​។​

​ជា​ការឆ្លើយតប ឯកឧត្តម សុខ ប្រសិទ្ធិ បាន​គាំទ្រ​ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន​ដែល​បាន​លើកមកបង្ហាញ ដែល​ជា​ការចូលរួម​យ៉ាង​សំខាន់​របស់​វិស័យ​ឯកជន​ក្នុង​ការកសាង​បច្ចេកវិទ្យា​ឌីជីថល 3D AI នៅ​ប្រទេស​កម្ពុជា​។

​ឯកឧត្តម បាន​ណែនាំ​ដល់​ក្រុមហ៊ុន​បន្ត​សិក្សា​ស្រាវជ្រាវ និង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ស្វែងយល់​កាន់តែច្បាស់​អំពី​ទិដ្ឋភាព​ច្បាប់ និង​នីតិវិធី​នៃ​ការវិនិយោគ​ដែល​ទាក់ទង​នឹង​គម្រោង​វិនិយោគ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​៕​