អង្គទូតបរទេសប្រចាំកម្ពុជា អញ្ជើញទស្សនៈកិច្ចសិក្សា តំបន់សេដ្ឋកិច្ចពិសេសនិងកំពង់ផែពហុបំណងកំពត និងរមណីយដ្ឋានឋានសួគ៌បូកគោ
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំអង្គទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ទស្សនៈកិច្ចសិក្សា តំបន់សេដ្ឋកិច្ចពិសេសនិងកំពង់ផែពហុបំណងកំពត និងរមណីយដ្ឋានឋានសួគ៌បូកគោ នាឱកាសថ្ងៃទី៣ វគ្គបណ្តុះបណ្តាលការទូតអាហារកម្ពុជា ក្រោមប្រធានបទ«លើកកម្ពស់មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈម្ហូបអាហារ»។
តំបន់សេដ្ឋកិច្ចពិសេសនិងកំពង់ផែពហុបំណងកំពត ជាឯកជនភាពរបស់អ្នកឧញ៉ា វីង ហួត ដែលមានសក្តានុពលផ្នែកដឹកជញ្ជូនសម្ភារៈ ដែក និងឧបករណ៍ផ្សេងៗ។
ជាពិសេស កំពង់ផែពហុបំណងកំពត បានរួមប្រតិបត្តិការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងអាចទទួលកប៉ាល់ដឹកជញ្ជូន ១មុឺនតោន ចំនួន៣ ក្នុងពេលតែមួយ ដែលមានជម្រៅទឺក ចន្លោះពី ១២-១៣ ម៉ែត្រ។
តំបន់សេដ្ឋកិច្ចពិសេស និកំពង់ផែពហុបំណងកំពត បានរួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ច និងការងារនៅកម្ពុជា ដោយបានផ្តល់អាទិភាពខ្ពស់ដល់អ្នករស់នៅក្នុងខេត្តកំពត អាចមកដាក់ពាក្យធ្វើការបាន។
ជាពិសេស កំពង់ផែពហុបំណងកំពត មានទីតាំងជិតព្រែកជីកហ្វូណនតជោ ដែលធ្វើឱ្យសមត្ថភាពដឹកជញ្ជូននាពេលអនាគត កាន់តែប្រសើរឡើង។
បន្ទាប់ពីទស្សនៈកិច្ចសិក្សាកំពង់ផែពហុបំណងកំពត ឯកឧត្តម ចឺយ វិចិត្ត បានដឹកនាំ អង្គទូតបរទេស បន្តឆ្ពោះទៅរមណីយដ្ឋានឋានសួគ៌បូកគោ គយគន់សម្រស់ធម្មជាតិ ទស្សនាវត្តសំពៅ៥ ស្វែងយល់ពីពិធីបិណ្ឌភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ និងទទួលទានអាហារ ដែលជាតំបន់សក្តានុពលមួយមានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តលេងក្នុងខេត្តកំពត។
វគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជាក្រោមប្រធានបទ «លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈម្ហូបអាហារ» ជាការផ្តួចផ្តើមរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាចំណែកមួយផ្សព្វផ្សាយពីវប្បធម៌ម្ហូបអាហារប្រពៃណីខ្មែរ តំបន់សក្តានុពលទេសចរណ៍កម្ពុជា ដល់ឆាកអន្តរជាតិ និងជួយដល់សេដ្ឋកិច្ចជាតិឱ្យរីកចម្រើននៅពេលខាងមុខ៕