ឯកអគ្គរាជទូត​អង់គ្លេស ចាត់ទុក​កំណើន​ទេសចរណ៍​អង់គ្លេស​នៅ​កម្ពុជា ជា​សមិទ្ធផល​រួមចំណែក​ពី​កត្តា​សន្តិសុខ​ល្អ​

​កត្តា​សន្តិភាព និង​សន្តិសុខ​ល្អ​ប្រសើរ​នៅ​កម្ពុជា ត្រូវបាន​ឯកឧត្តម ដូ​មីនិ​ច វិល​លៀម (Dominic Williams) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ពោល​សរសើរ​ថា ជា​ចំណែក​យ៉ាង​សំខាន់​នៃ​ការ​ផ្ដល់​ទំនុកចិត្ត​ទៅកាន់​ភ្ញៀវ​ទេសចរណ៍​អង់គ្លេស ឱ្យ​ធ្វើ​ដំណើរ​មក​កំសាន្ត​កាន់តែ​ច្រើន​ជាង​មុន​នៅ​កម្ពុជា​។

​ក្នុងជំនួប​សម្ដែង​ការគួរសម​ជាមួយ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម Dominic Williams បាន​ថ្លែង​សាទរ​ចំពោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ដែល​បាន​បំពេញ​តួនាទី​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​កម្ពុជា​បាន​យ៉ាង​ល្អ ដោយ​អះអាង​ថា ជាក់ស្តែង​លទ្ធផល​នេះ​បាន​នាំឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​អង់គ្លេស មក​កាន់​កម្ពុជា​ច្រើន​លើសលប់​។​

​ក្រៅពី​ថ្លែង​កោតសរសើ​រលើ​ការរក្សាសន្តិសុខ ឯកឧត្តម​ឯកអគ្គរាជទូត​អង់គ្លេស ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​តាមរយៈ​ក្រសួងមហាផ្ទៃ ជា​សេនាធិការ បាន​ការខិតខំ​ប្រឹងប្រែង​បង្កើត និង​ដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ Cambodia E-Visa ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​ធ្វើដំណើរ​មក​កាន់​កម្ពុជា​។

​ជាមួយគ្នានេះ ឯកឧត្តម ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ចក្រភព​អង់គ្លេស ផងដែរ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម​ឯកអគ្គរាជទូត​អង់គ្លេស ដែល​បាន​បំពេញ​តួនាទី​យ៉ាងសកម្ម ព្រមទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ចក្រភព​អង់គ្លេស ដោយ​បាន​នាំមក​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានកត់សម្គាល់​ឃើញ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​រយៈពេល​ជាង​៧​ទសវត្សរ៍​មក​នេះ ប្រកបដោយ​មិត្តភាព​ល្អ និង​មាន​ភាព​ជា​ដៃគូ​ស្ទើ​គ្រប់​វិស័យ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ចំពោះ​ការប្តេជ្ញាចិត្ត និង​ការ​សហការ​យ៉ាង​ជិតស្និត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​អប់រំ ដែល​រាជរដ្ឋាភិបាល នៃ​ចក្រភព​អង់គ្លេស តែងតែ​ផ្តល់ឱកាស​ឱ្យ​និស្សិត​កម្ពុជា បន្ត​ការសិក្សា​ជាន់ខ្ពស់​នៅ​ចក្រភព​អង់គ្លេស តាមរយៈ​កម្មវិធី​អាហារូបករណ៍ Chevening រួមចំណែក​យ៉ាង​ធំធេង​ដល់​ការកសាង​មូលធន​មនុស្ស សម្រាប់​កម្ពុជា ក្នុង​ដំណើរការ​អភិវឌ្ឍ​សង្គមជាតិ សម្រាប់​រយៈពេល​យូរអង្វែង​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​សម្តែង​ការជឿជាក់​យ៉ាង​មុតមាំ​ថា​កម្ពុជា និង​អង់គ្លេស នឹង​ខិតខំ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យមាន​ភាព​រីកចម្រើន​កាន់តែខ្លាំង​៕​