ឯកឧត្តម នេត្រ ភ​ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម និមន្ត​មកពី​ខេត្ត​ត្រា​វិញ​

បន្ទាប់​ពី​និមន្ត​ទស្សនកិច្ច​ទស្សនា វិមាន​ឈ្នះ​-​ឈ្នះ ដែល​ជា​និមត្តរូប​នៃ​ការយល់​ដឹង​អំពី​សន្តិភាព និង​ការឯកភាព​ទឹកដី ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រួចមក នា​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​ដដែល​នេះ គណៈប្រតិភូ​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម បាន​បន្ត​និមន្ត​ចូល​ជួប​សំណេះសំណាល​ជាមួយ ឯកឧត្តម នេត្រ ភ​ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ទីស្តីការក្រសួង​។​

​គណៈប្រតិភូ​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម បាន​មាន​ព្រះ​ថេរ​ដីកា​ប្រគេន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពី​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ថា ព្រះអង្គ​បាន​ចូល​ក្រាប​បង្គំ​គាល់​សម្តេច​ព្រះ​មហាសង្ឃរាជ​ទាំង​២​គណៈ សម្តេច​សង្ឃ​នាយ​ស្តីទី នៃ​គណៈ​មហានិកាយ និង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ដោយផ្ទាល់​ដល់​សម្តេច​ព្រះ​មន្ត្រី​សង្ឃ និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មហា​ពុទ្ធបរិស័ទ​គ្រប់ទិសទី ដែល​មាន​សទ្ធា​ជ្រះថ្លា លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​កម្លាំង​ទ្រព្យ រៀបចំ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ទៅ​កាន់​វត្ត ស្វាយ​សៀម​ថ្មី ខេត្ត​ត្រា​វិញ កាលពី​ថ្ងៃ​ទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងទៅ​។​

​ក្នុងនោះ គណៈប្រតិភូ​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម ខេត្ត​ត្រា​វិញ បាន​និមន្ត​មក​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម នេត្រ ភ​ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ចាត់ចែង​ផ្សព្វផ្សាយ​តាមរយៈ ទូរទស្សន៍​ជាតិ​កម្ពុជា , វិទ្យុជាតិ​កម្ពុជា , ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ផ្សេងៗ អំពី អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ បាន​យ៉ាង​ល្អ​ប្រសើរ​និង​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បានឃើញ​ពី​ដំណើរការ​ប្រារព្ធ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ។​

​ឯកឧត្តម រដ្ឋមន្ត្រី សូម​ថ្វាយបង្គំ​ស្វាគមន៍​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម និង​បាន​មានប្រសាសន៍​ថ្វាយបង្គំ​ទូល​ព្រះ​គុណ​ម្ចាស់​គ្រប់​ព្រះអង្គ​ថា ក្នុងនាម​ជា​សេនាធិការ​របស់ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់ និង​ផ្តល់​អនុសាសន៍​ដល់​ក្រសួង​ព័ត៌មាន ក្នុង​ការចូលរួម​ផ្សព្វផ្សាយ ដើម្បី​ជា​លើ​ការលើកកម្ពស់​ជាពិសេស​លើ​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យបាន​ទូ​លំ​ទូលាយ ។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម នេត្រ ភ​ត្រា សូម​ថ្វាយបង្គំ​ផ្តាំផ្ញើរ​សេចក្តី​នឹករលឹក​ជូន​ចំពោះ​ព្រះ​មន្ត្រី​សង្ឃ ខេត្ត​ត្រា​វិញ និង​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ទាំងអស់ និង​សូម​ថ្វាយបង្គំ​ប្រគេន​ពរជ័យ មង្គល វិបុល​សុខ​គ្រប់ប្រការ ប្រគេន​គណៈប្រតិភូ​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរ និមន្ត​មកពី​ខេត្ត​ត្រា​វិញ និង​និមន្ត​ជួយ​តែ​សុខ សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​៕​