ឯកឧត្តម ទេសរដ្ឋមន្ត្រី បណ្ឌិត​លី ធុជ ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា ឆ្នាំ​២០២៤ បាន​អញ្ជើញ​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន

​ខេត្តសៀមរាប​៖ ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី បណ្ឌិត លី ធុជ ប្រធាន​អនុញ្ញាអូ​តា​វ៉ា ឆ្នាំ​២០២៤ អញ្ជើញ​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​ដែល​ជា​ថ្ងៃ​ចុងក្រោយ នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។​

​កិច្ចប្រជុំ​បាន​ពិភាក្សា​គ្នា​លើ​ការជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយសារ​គ្រាប់មីន តាម​បណ្ដា​ប្រទេស​ទាំងឡាយ និង​អង្គការ​ធំៗ ព្រមទាំង​បាន​ផ្ដល់​នូវ​បទ​អន្តរាគមន៍ និង​អនុសាសន៍​សំខាន់ៗ ផ្ដោត​លើ​ការ​គាំពារ ជន​មាន​ពិការភាព​នៅក្នុង​ពិភពលោក និង​ជំរុញ​ឲ្យមាន​ការគាំទ្រ​ថែមទៀ​តទាំង​ថវិកា មធ្យោបាយ និង​សម្ភារៈ​សម្រាប់ ប្រជាជន​ដែល​មាន​ពិការភាព​ទូទាំង​ពិភពលោក ដែល​គ្រោះថ្នាក់​ដោយសារ​មីន ។

​កិច្ចប្រជុំ បាន​ជជែក​ពិភាក្សា​គ្នា​លើ​ដំណើរការ នៃ​ការ​បោសសម្អាត​មីន នៅលើ​ពិភពលោក​យើង​នេះ ឱ្យបាន​ល្អ​ប្រសើរ ។​

​កិច្ចប្រជុំពេញអង្គ​ថ្ងៃនេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ ២០២៤ ហើយក៏​ជា​ថ្ងៃ​សំខាន់ ដែល​កម្ពុជា​បាន​ពិភាក្សា​និង​សម្របសម្រួល​មតិយោបល់ សំណូមពរ គ្រប់​រដ្ឋ​ភាគី និង​អង្គការ​សំខាន់ៗ​ទាំងអស់​នៅក្នុង​កិច្ចប្រជុំ ពិសេស​បាន​ប្រមូល​ចងក្រង​នូវ​ឯកសារ​ស្នូល​មួយ ដែល​ទទួលបាន​ពី​គ្រប់ភាគី ។​

​សូម​រំលឹក​ថា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្ដេជ្ញាចិត្ត​ការពារ​សន្តិភាព និង​ស្ថេរភាព​ជូន​ជាតិ​របស់​យើង និង​ដឹកនាំ​យើង​ឆ្ពោះទៅ​រក​កម្ពុជា​ដែល​គ្មាន​មីន​។

​ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​នេះ កម្ពុជា​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន (NMAS) ២០១៨-២០២៥ ដែល​បង្ហាញ​ពី​វិធីសាស្ត្រ​ដែល​កម្ពុជា​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ ផែនការ​យុទ្ធសាស្ត្រ​នេះ ក៏​បង្ហាញ​ផងដែរ​អំពី​ការត្រៀមខ្លួន​សម្រាប់​ដោះស្រាយ​បញ្ហា​គំរាមកំហែង​ទាំងឡាយ​ដែល​នៅ​សេសសល់​៕​