សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា អនុញ្ញាត​ឲ្យ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម សែ​ប៊ី អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកស្រី JOVANA MAJSTOROVIC ប្រធាន​មជ្ឈមណ្ឌល​ទទួលបន្ទុក​សម្រាប់​តំបន់​អាស៊ី សហព័ន្ធ​រុស្សី និង​បណ្តា​ប្រទេស ឯករាជ្យ​នៃ Commonwealth នៃ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សែ​ប៊ី (Chamber of Commerce and Industry of Serbia) ព្រមទាំង​គណៈប្រតិភូ​ធុរជន និង​វិនិយោគិន​មកពី​ប្រទេស​សែ​ប៊ី អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ជា​កិច្ច​ចាប់ផ្តើម ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា បាន​ទទួល​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា ក្នុងឱកាស​ដែល​លោកស្រី និង​គណៈប្រតិភូ បាន​អញ្ជើញ​មក​បំពេញ​ទស្ស​កិច្ចការងារ​នៅ​កម្ពុជា រយៈពេល​៨​ថ្ងៃ ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

​ឧកញ៉ា តែ តាំង​ប៉ បាន​មានប្រសាសន៍​ជម្រាបជូន​អំពី​កិច្ចការងារ​ចម្បង​របស់​សម្ព័ន្ធ​សមាគម​សហគ្រាស ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​សហគ្រាស ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ឲ្យមាន​ការរីកចម្រើន​ជា​លំដាប់​។​

​តាង​នាម​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ឧកញ៉ា តែ តាំង​ប៉ បាន​មាន ប្រសាសន៍​អំពី​សក្កា​នុព​ល​របស់​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម ការនាំចេញ​ផលិតផល​របស់​កម្ពុជា ទៅកាន់ ទីផ្សារ​អន្តរជាតិ ដូចជា​ប្រទេស​ចិន ព្រម​ទាំង​គម្រោង​ក្នុង​ការនាំចេញ​ផលិតផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អ៊ឺរ៉ុប​ផង ដែរ​។

​ឧកញ៉ា​ប្រធាន​សម្ព័ន្ធ​សមាគម បាន​មាន​លើកឡើង​អំពី​ការរក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និត ព្រមទាំង​ពង្រីក និង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ស៊ែ​ប៊ី​។

​ជា​ការឆ្លើយតប លោកស្រី ប្រធាន​មជ្ឈមណ្ឌល​ទទួលបន្ទុក​សម្រាប់​តំបន់​អាស៊ី សហព័ន្ធ​រុស្សី និង​បណ្តា​ប្រទេស​ឯករាជ្យ​នៃ Commonwealth នៃ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សែ​ប៊ី បាន​ជម្រាបជូន​អំពី​ការ​ពិនិត្យ​ឃើញ​ពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ក្នុង​វិស័យ​ធ​រុកិច្ច ទេសចរណ៍ កសិកម្ម និង​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត ក្នុងឱកាស​ដែល​លោកស្រី និង​គណៈប្រតិភូ បាន​អញ្ជើញ​មក​បំពេញ​ទស្ស​កិច្ចការងារ​នៅ​កម្ពុជា​។​

​លោកស្រី បាន​ជម្រាបជូន​អំពី​គោលបំណង​របស់​ធុរជន​ស៊ែ​ប៊ី ក្នុង​ការអញ្ជើញ​ជួប​សម្តែង​ការគួរសម​នាឱកាស​នេះ ដើម្បី​ស្វែងយល់​អំពី​សក្តានុពល​របស់​កម្ពុជា ដូចជា​វិស័យ​សេដ្ឋកិច្ច សហគ្រាស​ធុន​តូច និង​មធ្យម និង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​លោកស្រី ក៏បាន​លើកឡើង​ផង​ដែរ​អំពី​កិច្ចការងារ​របស់​សភា​ពាណិជ្ជកម្ម​ស៊ែ​ប៊ី ដែល​បាន​អនុវត្ត​ការងារ​កន្លងមក ដូចជា​វិស័យ​សេដ្ឋកិច្ច សហគ្រាស​ធុន​តូច និង​មធ្យម អចលនទ្រព្យ​, អប់រំ​, កសិកម្ម​, ទេសចរណ៍ និង​វិស័យ​មួយចំនួនទៀត ក្នុង​វិស័យ​ឯកជន ព្រមទាំង​បាន​ជម្រាបជូន​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ចិន ហ្វីលីពីន តួ​ក​គី អេ​ហ្ស៊ី​ប រុស្ស៊ី និង​សហភាព​អ៉ឺរ៉ុប​ផង​ដែរ​។​

​លោកស្រី បាន​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​ក្នុង​ស្វែងរក​ឱកាស​ក្នុង​ការវិនិយោគ ការនាំយក​ផលិតផល​ក្នុងប្រទេស​កម្ពុជា នាំចេញ​ទៅ​ប្រទេស​ស៊ែ​ប៊ី និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ​ស៊ែ​ប៊ី​-​កម្ពុជា​។

​សូម​ជម្រាប​ជូន​ថា មជ្ឈមណ្ឌល​ទទួលបន្ទុក​សម្រាប់​តំបន់​អាស៊ី សហព័ន្ធ​រុស្សី និង​បណ្តា​ប្រទេស ឯករាជ្យ​នៃ Commonwealth នៃ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សែ​ប៊ី ព្រមទាំង​គណៈប្រតិភូ​ធុរជន និង​វិនិយោគិន​មកពី​ប្រទេស​សែ​ប៊ី បាន​អញ្ជើញ​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​ការងា​រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​៨​ថ្ងៃ ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ដើម្បី​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ និង​សក្តានុពល​នៅ​កម្ពុជា​៕