​ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​

នា​ព្រឹក​ថ្ងៃ​ចន្ទ ៩​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​ភ្នំពេញ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.)​បានរៀបចំ “​ពិធី​ប្រគល់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ​.​ល​.​ក​. និង ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សៀង សេន អគ្គលេខាធិការរង គ​.​ល​.​ក​. ព្រមទាំង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ គ​.​ល​.​ក​., តំណាង​កម្មសិទ្ធិករ និង​/​ឬ​ប្រតិបត្តិ​ករ​កាស៊ីណូ និង តំណាង​បុគ្គលិក​ពិសេស​កាស៊ីណូ សរុប​ចំនួន ៥៥០ រូប​។​

​ពិធី​ប្រគល់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ ត្រូវបាន​រៀបចំឡើង​ដើម្បី​បើក​ទំព័រ​ថ្មី​មួយទៀត​បង្ហាញឱ្យឃើញ​ពី​ការចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ របស់​កម្មសិទ្ធិករ និង​/​ឬ​ប្រតិបត្តិ​ករ​កាស៊ីណូ និង​បុគ្គលិក​ពិសេស​កាស៊ីណូ​ដែល​បាននិងកំពុង​បម្រើ​ការងារ​ក្នុង​កាស៊ីណូ និង​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​បុគ្គលិក​ពិសេស​កាស៊ីណូ​។​
​ឯកឧត្តម រស់ ភីរុណ បាន​គូស​រំលេច​នូវ​ខ្លឹមសារ​ច្បាប់​ពាក់ព័ន្ធ​សំខាន់ៗ​ដូចខាងក្រោម​៖

​ទី​១. អនុលោម​តាម​មាត្រា​៤៦ កថាខណ្ឌ​ទី​១ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ចែងថា “​រូបវន្តបុគ្គល​មិន​ត្រូវ​អនុវត្ត ឬ​បំពេញ​មុខងារ​ណាមួយ​នៃ​មុខងារ​បុគ្គលិក​ពិសេស​ឡើយ លើកលែងតែ​មាន​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​។

​អ្នកកាន់កាប់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​ម្នាក់ៗ​ត្រូវ​អនុវត្ត​តែ​មុខងារ​ដែល​បាន​បញ្ជាក់​នៅក្នុង​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​របស់​ខ្លួន​ផ្ទាល់​ប៉ុណ្ណោះ​”​។​

​ទី​២. មាត្រា​៥៣ កថាខណ្ឌ​ទី​២ ចែងថា “​បុគ្គលិក​ពិសេស​របស់​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម​មួយ មិនអាច​ជា​ភាគហ៊ុ​និកមាន​គុណវុឌ្ឍិឬ​ជា​បុគ្គលិក​ពិសេស​របស់​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម​ផ្សេងទៀត ឬ​របស់​កម្មសិទ្ធិករ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហរ័​ណ​ឬ​កម្មសិទ្ធិករ​កាស៊ីណូ ឬ​របស់​អ្នកគ្រប់គ្រង​កាស៊ីណូ ឬ​របស់​ភាគី​ពាក់ព័ន្ធ​ណាមួយ​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ឡើយ​”​។​

​ទី​៣. មាត្រា​៧៤ កថាខណ្ឌ​ទី​២ ចំណុច គ ចែងថា “​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម មិន​ត្រូវ​ដំណើរការ​ល្បែង​ណាមួយ​នៅក្នុង​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម​ឡើយ លុះត្រាតែ​ល្បែង​នោះ​ត្រូវ​ដំណើរការ​ដោយ​បុគ្គលិក​ពិសេស​ដែល​មាន​អាជ្ញា​បណ្ណ​”​។​

​ទី​៤. អ្នកកាន់កាប់​អាជ្ញា​បណ្ណ​កាស៊ីណូ និង​/​ឬ​ប្រតិបត្តិ​ករ​កាស៊ីណូ ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​ស្របតាម​ប្រកាស​លេខ ០០៦ គ​.​ល​.​ក​.​ប្រក ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្តីពី​នីតិវិធី បែបបទ និង​លក្ខខណ្ឌ​នៃ​ការផ្តល់ និង​ការបន្ត​សុពលភាព​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ និង​ប្រកាស​លេខ ០០៤ គ​.​ល​.​ក​.​ប្រក ចុះ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ ស្តីពី​ការកែសម្រួល​ប្រការ​៦ នៃ​ប្រកាស​លេខ ០០៦ គ​.​ល​.​ក​.​ប្រក​។​

​គិត​ត្រឹម​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ អគ្គលេខាធិការដ្ឋាន​នៃ គ​.​ល​.​ក​. បាន​ទទួល​ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស មាន​បុគ្គលិក​សរុប​ចំនួន ១១.៨១៦ រូប ក្នុងនោះ បុគ្គលិក​ចំនួន ៩.០៦៦ រូប ត្រូវ​បាន​សម្រេច​ផ្តល់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ (៩៤% ជា​ពលរដ្ឋ​ខ្មែរ​)​។ ប៉ុន្តែ​ទន្ទឹម​នេះ អគ្គលេខាធិការដ្ឋាន​នៃ គ​.​ល​.​ក​. ក៏បាន​សម្រេច​លុបឈ្មោះ​បុគ្គលិក​ពិសេស​កាស៊ីណូ​ចំនួន ៦៦៧ រូប វិញ​ផង​ដែរ​។

​ចំពោះ​បុគ្គលិក​ពិសេស​កាស៊ីណូ​ដែល​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​វិញ សុទ្ធតែ​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ទិន្នន័យ​របស់​អគ្គលេខាធិកា​រដ្ឋា​ន​នៃ គ​.​ល​.​ក​. សម្រាប់​ការពិចារណា​បដិសេធ​លើ​ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​របស់​បុគ្គ​ល​នោះ​នា​ពេល​ក្រោយ​ទៀត​។​

​ដូចនេះ ការប្រគល់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ​ជូន​ដល់​បុគ្គលិក​ពិសេស​កាស៊ីណូ​ទាំង ៩.០៦៦ រូប ជា​លើកដំបូង​នា​ថ្ងៃនេះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំដ៏​ស្វាហាប់ និង​ភ្លឺស្វាង ប្រកប​ដោយ​ថាមពល​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

​អគ្គលេខា​ធិ​-​ការដ្ឋាន​នៃ គ​.​ល​.​ក​. វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​អនុវត្ត​ច្បាប់​របស់​កម្មសិទ្ធិករ និង​/​ឬ​ប្រតិបត្តិ​ករ​កាស៊ីណូ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​បំពេញ​កាតព្វកិច្ច​ស្នើសុំ​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស ដល់​បុគ្គលិក​របស់​ខ្លួន​បាន​ត្រឹមត្រូវ​។

​ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាន​នៃ គ​.​ល​.​ក​. មាន​ជំនឿ​ជាក់​ថា​កម្មសិទ្ធិករ និង​/​ឬ​ប្រតិបត្តិ​ករ​កាស៊ីណូ ដែល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​នេះ នឹង​រួសរាន់​ចូលរួម​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​។

​ពិធី ប្រគល់​អាជ្ញា​បណ្ណ​បុគ្គលិក​ពិសេស​កាស៊ីណូ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​យ៉ាង​ល្អ​គាប់ប្រសើរ តាម​ការរំពឹងទុក​៕