ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​បញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​ការកោតសរសើ​រ​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​

​ខេត្ត​កំពត​៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានបញ្ជាក់​ថា ពី​ធី​បុណ្យ​សមុទ្រ​លើក​ទី​១១ ជុំ​ទី​៣ នៅ​ខេត្ត​កំពត ដែល​ដំណើរការ​អស់​រយៈពេល​៣​ថ្ងៃ បាន​បញ្ចប់​ដោយ​ជោគជ័យ និង​ជា​គំរូ​សម្រាប់​ការរៀបចំ​នា​ពេល​បន្តបន្ទាប់​ទៀត​។

​ខណៈ​ដែល​អាជីវករ អ្នកផ្តល់​សេវា​ទេសចរណ៍ ទេសចរ​ជាតិ និង​អន្តរជាតិ បាន​កោតសរសើរ ថា​ការរៀបចំ​បានល្អ មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ អនាម័យ​បរិស្ថាន​ស្អាត និង​មាន​ភាព​ទាក់ទាញ​ចំណាប់អារម្មណ៍​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ឱ្យ​ចង​ចាំ​ខេត្ត​កំពត​។​

​ថ្លែង​ក្នុង​ឱកាស​បិទ​បញ្ចប់​ពិធីបុណ្យ​សមុទ្រ​នា​រាត្រី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍ថា ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ បាន​បញ្ចប់​ដោយ​ជោគជ័យ​គួរ​ឱ្យ​មោទកៈ​បំផុត​។

​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​នេះ មាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ សរុប​ចំនួន ៣៨៩.១៦៨​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៣៨៥.៥៥៣​នាក់ និង​ទេសចរ​បរទេស ៣.៦១៥​នាក់ បាន​អញ្ជើញ​ចូលរួម​ដោយ​ទទួល​ភាពសប្បាយ​រីករាយ តាមរយ​:​កម្មវិធី​កម្សាន្ត​ជាច្រើន ដូចជា ពិធី​តាំងពិព័រណ៍ ការសម្តែង​សិល្ប​: កីឡា​ច្រើន​ប្រភេទ ការប្រគំ​តន្ត្រី សកម្មភាព​បាញ់​កាំជ្រួច​ជាដើម​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត មាន​ការចូលរួម​ពី​ផ្នែក​រដ្ឋ និង​វិស័យ​ឯកជន ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ជាតិ អន្តរជាតិ​យ៉ាង​មហោឡា​រឹក​បំផុត ហើយ​ដំណើរការ​រៀបចំ​ប្រកប​ដោយ​ភាព​ល្អ​ប្រពៃ​ទាំង​សោភ័ណភាព សន្តិសុខ​សណ្តាប់ធ្នាប់ គុណភាព​ផលិតផល ដែល​បាន​នាំយក​មក​តាំង​បង្ហាញ​ភ្ញៀវ​ជាដើម ដែល​នេះ​ជា​គំរូ​ល្អ​សម្រាប់​ការរៀបចំ​ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​ក្រុមអាជីវករ អ្នកផ្តល់​សេវា​ទេសចរណ៍ ទេសចរ​ជាតិ និង​អន្តរជាតិ​កោតសរសើរ​ថា បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​រៀបចំ​បានល្អ ទាំង​សន្តិសុខ​សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន​ស្អាត​គួរឱ្យ​ទាក់ទាញ និង​ធ្វើឱ្យ​មាន​ចំណាប់អារម្មណ៍​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ឱ្យ​ចង​ចាំ​ខេត្ត​កំពត​។ ក្រុមអាជីវករ​ក៏បាន​សំដែង​ការសប្បាយ​រីករាយ​នៅពេល​ដែល​ឃើញ​ការរៀបចំ​ពិធី​បុណ្យ​សមុទ្រ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កំពត​បាន​ស្អាត ទាក់ភ្នែក​ទាំង​អាជីវករ និង​អ្នកទេសចរ ហើយ​ការលក់ដូរ​ក៏​លក់ដាច់​ច្រើន​។

​ចំណែកឯ​អ្នក​ទេសចរណ៍​ក៏​បាន​បង្ហាញ​ពី​ការពេញចិត្ត នៅពេលដែល​បាន​មក​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ ពិសេស​បាន​មកលេង​ខេត្ត​កំពត​ដែល​មាន​ការអភិវឌ្ឍ​ឆាប់រហ័ស ហើយ​ស្អាត​ខ្លាំង​គួរឱ្យ​ចង់​មក​លេង​កម្សាន្ត​ម្តងទៀត​។​

​ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ក្រោយ​ពី​ស្ថាបនា​បាន​នូវ​សមិទ្ធិផល​ទេសចរណ៍​ថ្មីៗ រួមមាន​៖ រូបសំណាក​ត្រី​សេះ​សមុទ្រ​បាញ់​ទឹក ឆ្នេរ​ខ្សាច់​កម្សាន្ត​តាម​ដងព្រែក​កំពង់បាយ និង​នាឡិកា​ខ្នាត​ធំ ព្រម​ទាំង​សមិទ្ធផល​បម្រើ​វិស័យ​ទេសចរណ៍​ដទៃៗ​ទៀត បាន​ធ្វើឱ្យ​ខេត្ត​កំពត​មាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​ច្រើន ដោយ​ក្នុង​មួយ​សប្តាហ៍ៗ​មាន​ភ្ញៀវ​ទេសចរ​ចន្លោះ​ពី ៣​ម៉ឺន ៥​ពាន់​នាក់ ទៅ​៥​ម៉ឺន​នាក់​មក​សម្រាក​កម្សាន្ត​។​

​សូមបញ្ជាក់​ថា ជាមួយ​ពិធី​បិទ​នេះដែរ​  ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បាន​ប្រកាស​អំពី​ការប្រគល់សិទ្ធិ​ជូន​រដ្ឋបាល​ខេត្ត​កោះកុង ដើម្បី​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​១២ សម្រាប់​ឆ្នាំ​២០២៥​ខាងមុខ​នេះ​ផង​ដែរ​៕​