ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ លើកឡើងថា ចក្ខុវិស័យ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺ សកម្មភាព​មីន មិនមែន​ផ្តោតលើ​តែ​គ្រាប់មីន​នោះទេ តែ​ត្រូវ​ផ្តោត​សំខាន់​លើ​ជីវិត ភាពថ្លៃថ្នូរ និង​អនាគត​របស់​មនុស្ស​

នៅ​សណ្ឋាគារ Raffles Hotel Le Royal តាង​នាម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ការលើកក​ម្ព​ស់​កិច្ចសហប្រតិបត្តិការ និង​កិច្ចសហការ​នៃ​បណ្តាញ​កិច្ចសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន​តាម​រយៈ​ការគ្រប់គ្រង​ទិន្នន័យ​ជនរងគ្រោះ​នៅ​តាម​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​។​

​សិក្ខាសាលា​ថ្នាក់​តំបន់ នេះ រៀបចំឡេីង​ក្រោម​កិច្ច​សហការរវា​ង​អាជ្ញា​ធរមីន ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ និង​មជ្ឈមណ្ឌល ARMAC និង​មាន​ការ ចូលរួម ពី តំណាង ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ តំណាង រដ្ឋ​សមាជិក អាស៊ាន ប្រទេស ទីម័​រលេស , សាធារណរដ្ឋ​កូរ៉េ​, មជ្ឈមណ្ឌល ARMAC, ប្រតិបត្តិ​ករ សកម្មភាព មីន​, និង អង្គការ -​ស្ថាប័ន​ពាក់ព័ន្ធ​នឹង កិច្ច ការ ជនរងគ្រោះ​។​

​តាង នាម រាជរដ្ឋាភិបាល កម្ពុជា ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​កោតសរសើរ​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​មជ្ឈមណ្ឌល ARMAC ក្នុង​ការជំរុញ​ភាព​ជា​ដៃគូ​ក្នុង​តំបន់ និង​ការជំរុញ​កិច្ចសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន នៅក្នុង​តំបន់​អាស៊ាន ហើយ ឯកឧត្តម បាន​គូសបញ្ជាក់​ដែរ​ថា សិក្ខាសាលា​នេះ ជា​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជនរងគ្រោះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ និង​មូលនិធិ​សហប្រតិបត្តិការ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​គាំទ្រ​យ៉ាង​សំខាន់ ក្នុង​កិច្ចសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន ការ​បោសសម្អាត​មីន និង​ការកសាង​សមត្ថភាព​នៅ​កម្ពុជា​។​
​ឯកឧត្តម​បណ្ឌិត បាន​សង្កត់ធ្ងន់​លើ​ភាព​បន្ទាន់ ក្នុង​ការគាំទ្រ និង​បំពេញ​តម្រូវការ របស់​ជនរងគ្រោះ ដើម្បី​ឱ្យ​ពួកគេ​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្លួន និង​អាច​រស់នៅ​ប្រកបដោយ​ភាពថ្លៃថ្នូរ​។

​ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ដោយ​ការដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ក្តីមេត្តា​ករុណា របស់​សម្តេច បាន​ជំរុញ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​សកម្មភាព​បោសសម្អាត​មីន និង​កិច្ចសង្គ្រោះ​ជនរងគ្រោះ​នៅ​កម្ពុជា ហើយ​ក្រោម​ការដឹកនាំ​របស់​សម្តេច កម្ពុជា បាន​ឈាន​មុខ​នៅក្នុង​វិស័យ​សកម្មភាព​មីន​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក ដោយ​បាន​ប្រែក្លាយ​ផ្ទៃ​ដី​រងគ្រោះ​ដោយសារ​មីន ទៅ​ជា​សហគមន៍​ដែល​មាន​សុខ​សុវត្ថិភាព និង​មាន​ការអភិវឌ្ឍ​ជាទី​កត់សម្គាល់​។​

​ឯកឧត្តម បាន​លើកឡើង​ជា​ពិសេស នូវ​ចក្ខុវិស័យ​របស់​សម្តេច​ធិបតី គឺ «​សកម្មភាព​មីន មិនមែន​ផ្តោតលើ​តែ​គ្រាប់មីន​នោះទេ តែ​ត្រូវ​ផ្តោត​សំខាន់​លើ ជីវិត ភាព ថ្លៃថ្នូរ និង​អនាគត​របស់​មនុស្ស​»​។​

​បន្ថែម​លើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​ថា កម្ពុជា ក៏​បាន​ដើរតួរ​យ៉ាង​សំខាន់ នៅក្នុង​វិស័យ​សកម្មភាព​មីន​សាកល ដោយ​ថ្មីៗ​នេះ ក​ម្ពជា​បានបញ្ចប់​ភាព​ជា​ប្រធាន​អនុសញ្ញា​ហាមប្រាម​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​សកម្មភាព​មីន​សាកល និង​បាន​ដាក់ចេញ​នូវ​ផែនការ និង​សេចក្តីថ្លែងការណ៍​សៀមរាប​-​អង្គរ ដែល​ជា​ឯកសារ​ប្រវត្តិសាស្ត្រ និង​ជា​ត្រីវិស័យ​ដ៏​សំខាន់​របស់​ពិភពលោក សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បាន​គោលដៅ​រួម គឺ ការលុបបំបាត់​ការ​រងគ្រោះ និង​ទុក្ខវេទនា បង្កឡើង​ដោយសារ​មីន​៕​