រដ្ឋមន្ត្រី សុខាភិបាល​ថា សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ទៅ​លើ​ការផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​ស្ត្រី និង​កុមារ អ្នក​ប្រើប្រាស់​មូលនិធិ​សមធម៌​,​ប​.​ស​.​ស​

​រាជធានី​ភ្នំពេញ​៖ នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ឈាង រ៉ា នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល ប្រធាន​មន្ទីរ​សុខាភិបាល នា​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ បាន​ធ្វើ​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត សូម​បង្កើន​ការយកចិត្ត​ទុក​បន្ថែមទៀត ក្នុង​ការពង្រឹង​សេវា​សុខាភិបាល​សាធារណៈ ជា​ពិសេស​សេវា​ឯកជន ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

​ថ្នាក់​ដឹកនាំ​អង្គភាព​ទាំងអស់ ត្រូវធ្វើ​ការចុះពិនិត្យ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ថ្ងៃ ស្វែងយល់​ពី​ការបំពេញ​ភារកិច្ច​របស់​បុគ្គលិក​គ្រប់​ស្ថានភាព​ទាំង​ពេល​ថ្ងៃ និង​ពេល​ប្រចាំការ​ពេលយប់​។

​ករណី​នេះ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ទៅ​លើ​ការផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​ស្ត្រី និង កុមារ ជា​ពិសេស​អ្នក​ខ្វះខាត និង​អ្នក​ដាច់​ស្រ​យោល និង​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​អ្នក​ប្រើប្រាស់​មូលនិធិ​សមធម៌ និង ប​.​ស​.​ស​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​គន្លឹះ​សំខាន់ៗ មួយចំនួន ដោយ​ត្រូវ​ផ្តោត​សំខាន់​លើ​គុណភាព​សេវា​បឋម គុណភាព​សេវា​ផ្តល់ជូន ដោយ​ត្រូវ​បង្កើន​គុណភាព​សេវា​បន្ថែមទៀត ដើម្បី​ទាញ​ឱ្យ​មាន​ការជឿ​ទុកចិត្ត​ពី​ប្រជា​ពលរដ្ឋ​នឹង​ការព្យាបាល ជាពិសេស​ណែនាំ​ដល់​ផ្នែក​ថែទាំ ត្រូវ​ផ្តល់​ការថែទាំ​អ្នកជំងឺ​លាង​សម្អាតខ្លួន​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​ក្នុងនោះ​ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ នូវ​ការបែងចែក​ឱសថ ដល់​មូលដ្ឋាន​សុខាភិបាល ដើម្បី​ធានា​សមស្រប​តាម​តម្រូវ​d​ការ​ការប្រើប្រាស់​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មានប្រសាសន៍​ខាងលើនេះ​ក្នុងខណៈ​ឯកឧត្តម​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​ថ្នាក់​ដឹកនាំ​លើក​ទី​២ នៃ​ខែ​ធ្នូ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​លើក​ទិសដៅ​ការងារ​បន្ត ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា​ក្រសួង អគ្គនាយក អគ្គនាយករង និង​គ្រប់​ប្រធាន​អង្គភាព​ថ្នាក់​កណ្តាល​ក្រោម​ឱវាទ​ក្រសួង​សុខាភិបាល ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​តាម​ប្រព័ន្ធ Zoom ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​៕​