ក្រសួង​មុខងារសាធារណៈ​បាន​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ វិញ្ញាសាសរសេរ​លើក​ទី​១

នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ឆ្នាំ​២០២៤ បេក្ខជន​ចំនួន ៥,៦៩៤​នាក់ (​ស្រី ៣,៣៧៤​នាក់​) ចូលរួម​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (​វិញ្ញាសាសរសេរ​លើក​ទី​១)​។

​ដើម្បី​ជា​សក្ខីភាព​នៃ​ការចាប់ផ្តើម​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រឡងប្រជែង បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វិញ្ញាសា​ជា​និមិត្តរូប ដោយ​មាន​ការចូលរួម​ពី តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ តំណាង​សាកលវិទ្យាល័យ​នានា រួមទាំង​អ្នក​សង្កេត ការណ៍​មហាជន និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​បេក្ខជន​ទាំងអស់​ត្រូវ​ចូលរួម​ការប្រឡងប្រជែង​លើ​វិញ្ញាសាសរសេរ​លើក​ទី​១ សម្រាប់​មុខតំណែង​មាន​ដូចតទៅ​៖ មុខ​តំណែង​ក្នុង​ឧបសម្ព័ន្ធ​ទី​១៖ បេក្ខជន​ត្រូវ​ប្រឡង​លើ​មុខវិជ្ជា ១.​ភាសា​អង់គ្លេស និង ២.​សំណួរ​ពហុ​ចម្លើយ​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​នឹង (១)​មុខងារសាធារណៈ ក្រមសីលធម៌​វិជ្ជាជីវៈ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល រដ្ឋបាល​សាធារណៈ​  ​វប្បធម៌​ទូទៅ ពលរដ្ឋ​វិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​កម្ពុជា អាស៊ាន និង​សេដ្ឋ​កដិ​ច្ច និង (២)​ជំនាញ​ពន្ធដា​និង​ឯកទេស​។ សម្រាប់​មុខតំណែង​ក្នុង​ឧបសម្ព័ន្ធ​ទី​២៖ បេក្ខជន​ត្រូវ​ប្រឡង​លើ​មុខវិជ្ជា ១.​ភាសា​អង់គ្លេស និង ២.​សំណួរ​ពហុ​ចម្លើយ​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​នឹង (១)​មុខងារសាធារណៈ ក្រមសីលធម៌​វិជ្ជាជីវៈ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល រដ្ឋបាល​សាធារណៈ​  ​វប្បធម៌​ទូទៅ ពលរដ្ឋ​វិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​កម្ពុជា អាស៊ាន និង​សេដ្ឋ​កដិ​ច្ច និង (២)​ជំនាញ​ពន្ធដា​និង​គណនេយ្យ​។​

​ជាមួយគ្នានេះ សម្រាប់​ការប្រឡង​នេះ ក្រសួង​មុខងារសាធារណៈ បាន​រៀបចំ​តាក់តែង​វិញ្ញាសា​នៅ​ពេល​ព្រឹក​នៃ​ថ្ងៃ​ប្រឡង​  ​ហើយ​ការប្រឡង​នឹង​ចាប់ផ្ដើម​ពេល​រសៀល សំដៅ​ធ្វើ​យ៉ាងណា​ធានា​មិន​ឱ្យ​មាន​ការ បែកធ្លាយ​វិញ្ញាសា​។​

​រាល់​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ ដែល​ក្រសួង​មុខងារសាធារណៈ ជា​អ្នករៀបចំ​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិ​យាប​ន្ន និង​ប្រសិទ្ធភាព ព្រមទាំង​អនុវត្តតាម​និយាម​នីតិវិធី​ប្រតិបត្តិ ស្តី​ពី​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​។​

​សូមបញ្ជាក់ថា​ក្នុង​ដំណើ​ការប្រឡង និង​ដំណាក់កាល​កំណែ ក្រោយ​ការប្រឡង​គឺ​មាន​ការចូលរួម​សង្កេតការណ៍​ជាប្រចាំ​ពី អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង​សាកលវិទ្យាល័យ តំណាង​មហាជន អ្នកសារព័ត៌មាន និង​យន្តការ​ផ្ទៃក្នុង​របស់​គណៈកម្មកា​រ​ប្រឡង គឺ​អនុគណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​។​

​សូម​ជម្រាប​ជូន​ថា ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រព្រឹត្ត​ទៅ​មាន​ចំនួន ៣​ដំណាក់កាល​។

​ចំពោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​លើ​វិញ្ញាសាសរសេរ​លើក​ទី​១ នឹង​ត្រូវ​បន្ត​ចូលរួម​ប្រឡងប្រជែង​លើ​វិញ្ញាសាសរសេរ​លើក​ទី​២៕​