ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំ​ឱ្យ​ក្រសួង​-​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ បន្ត​គាំទ្រ និង​រួម​គ្នា​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឆ្ពោះទៅ​រក​កម្ពុជា​មួយ​គ្មាន​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

ភ្នំពេញ​៖ នា​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ​លើ​វិស័យ​មីន ដែល​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមាជិក​នៃ​ក្រុម​ការងារ​បច្ចេកទេស​។​

​ក្នុង​កិច្ចប្រជុំ តាងនាម​ឱ្យ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្ដម​បណ្ឌិត លី ធុជ បាន​សម្តែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់ និង​រួមចំណែក​ប្រកបដោយ​ទឹកចិត្ត​សប្បុរស ក្នុង​បុព្វហេតុ​មនុស្សធម៌​ចូលរួម​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​លើកឡើង​ថា រយៈពេល​ជាង ៣០​ឆ្នាំនេះ វិស័យ​មីន​នៅ​កម្ពុជា បាន​ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​គាំទ្រ​យ៉ាង​មុតមាំ​ពី សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​សម្រាប់​ជាតិ​មាតុភូមិ ដែល​ភាពជោគជ័យ​នេះ ក៏​បាន​មក​ពី​រួបរួមគ្នា​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ផងដែរ​។

​ប៉ុន្តែ​ទោះបី​យ៉ាងណា កម្ពុជា​នៅ​បន្តដំណើរ​យ៉ាង​វែងឆ្ងាយ​ទៀត​ក្នុង​ការដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​នៅ​សេសសល់​ប្រមាណ​ជា ១.៦៥៧ គីឡូម៉ែត្រ​ក្រឡា ក្នុងនោះ​ផ្ទៃដី​មាន​មីន​មាន​ទំហំ ៤៦៩ គីឡូម៉ែត្រ​ក្រឡា ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​គាំទ្រ​បន្ថែម និង​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​អះអាង​ជា​ថ្មី​ថា អាជ្ញាធរ​មីន ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ខិតខំ​សហការ​យ៉ាង​ជិតស្និទ្ធ និង​ព្យាយាម​សម្របសម្រួល​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជំរុញ​អនុវត្តន៍​នូវ​ចក្ខុវិស័យ​របស់ សម្តេច​ធិបតី ឆ្ពោះទៅ​រក​កម្ពុជា​មួយ​គ្មាន​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក៏ដូចជា​ធានាថា​រាល់​ធនធាន​បោសសម្អាត​មីន​ទាំងអស់ នឹងត្រូវ​ប្រើប្រាស់​ឲ្យចំ​គោលដៅ​ជា​អាទិភាព​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ស្នើសុំ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​គាំទ្រ និង​រួម​គ្នា​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឆ្ពោះទៅ​រក​កម្ពុជា​មួយ​គ្មាន​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​ជាមួយនឹង​ភាពជោគជ័យ​ក្នុងប្រទេស ឯកឧត្តម​ទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា កម្ពុជា មាន​មោទនភាព​បាន​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមប្រាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) យ៉ាងសកម្ម និង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​លើ​ឆាក​អន្តរជាតិ ជាមួយនឹង​ការ​ដាក់​ចេញ​នូវ​គោលដៅ​ច្បាស់លាស់ និង​ម៉ឺងម៉ាត់​របស់​សម្តេច​ធិបតី គោរព​នូវ​គោលការណ៍​នៃ​អនុសញ្ញា​ឱ្យបាន​ខ្ជាប់ខ្ជួន និង​មាន​ការប្តេជ្ញាចិត្ត ដើម្បី​រួមចំណែក​លុបបំចាត់​ទុក្ខវេទនា​បង្ក​ដោយ​មីន​ប្រឆាំង​មនុស្ស និង​នាំមក​នូវ​សេចក្តីថ្លៃថ្នូរ​ជូន​មនុស្សជាតិ​។

​ជាមួយគ្នា​នោះ វិស័យ​សកម្មភាព​មីន ក៏​បាន​រួមចំណែក​ផងដែរ ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ពង្រឹង​ភាព​ជា​ដៃគូ បាន​យ៉ាង​ទូលំទូលាយ​៕​