ក្រសួងមហាផ្ទៃ ក្លាយ​ជា​ម្ចាស់​ជើងឯក ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័ន លើក​ទី​១០ ឆ្នាំ​២០២៥

ក្រុម​កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ពានរង្វាន់​បាល់ទាត់​មិត្តភាព យុវជន អន្ដរក្រសួង​-​ស្ថាប័ន លើក​ទី​១០ ឆ្នាំ​២០២៥ បន្ទាប់ពី​យក​ឈ្នះ ក្រុម​ក្រសួងការពារជាតិ ដោយ​បាល់​កាត់សេចក្ដី​១១​ម៉ែត្រ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៥ ក្នុង​កីឡដ្ឋាន កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) ។​

​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ “​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​” លើក​ទី​១០ ឆ្នាំ​២០២៥ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ​គណៈកម្មកា​រ​កីឡាបាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន ឯកឧត្តម លោកជំទាវ​អនុប្រធាន ស​.​ស​.​យ​.​ក​. តំណាង​មន្ទីរ​ជំនាញ តំណាង​ក្រុមហ៊ុន សហការ​ឧបត្ថម្ភ តំណាង​ក្រសួង​ស្ថាន​ប័ន រួម​ទាំង​បងប្អូន​សាធារណជន និង​សិស្ស និស្សិត​ប្រមាណ ១៥០០​នាក់​។​

​ថ្លែង​បិទ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ “​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​” លើក​ទី​១០ ឆ្នាំ​២០២៥ ឯកឧត្តម សុខ សប្បាយ​ណា ប្រធាន​គណៈកម្មការ​កីឡាបាល់ទាត់ មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន មានប្រសាសន៍ថា​៖ ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​» គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​គោលបំណង​បង្កើន​ស្មារតី​សាមគ្គីភាព មិត្តភាព និង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ជាពិសេស​បំផុសស្មារតី​មន្ត្រីរាជការ​មកពី​អង្គភាព​/​ស្ថាប័ន​ខុសៗ​គ្នា និង​វិជ្ជាជីវៈ​ផ្សេងៗ​គ្នា ឱ្យ​ស្រលាញ់ ចូលចិត្ត​លេង​កីឡា ដើម្បី​សុខភាព ស្រប​តាម​ពាក្យស្លោក «​កីឡា​សាង​មនុស្ស ហើយ​មនុស្ស​សាង​សង្គម​» ដែល​ជា​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម បាន​បន្តថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ “​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​” រៀបចំ​ឡើង​លើកដំបូង នៅ​ឆ្នាំ​២០១៣ មាន​ការចូលរួម​ចំនួន ០៩ ក្រុម ប៉ុណ្ណោះ ខណៈ​ដែល​ឆ្នាំ​២០២៥​នេះ គឺ​មាន​ការចូលរួមរ​ហូ​តដល់ ៣៥ ក្រុម ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​សម្រាប់​ការប្រកួត ក្រោម​ការណែនាំ និង​តម្រង់​ទិស​ដោ​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម​ប្រធាន​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មានប្រសាសន៍ថា​៖ នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ បើ​ទោះបី​ភាគី​ណាមួយ​ទទួលបាន​នូវ​លទ្ធផល​យ៉ាងណាក៏ដោយ សូម​កុំ​ភ្លេច​ថា​ពានរង្វាន់​នេះ​សុទ្ធតែ​ជា​ចំណែក​របស់​យើងទាំងអស់គ្នា​ស្មើៗ​គ្នា​។

​កីឡាករ​គ្រប់រូប សុទ្ធតែ​បាន​ទទួល​បាន​នូវ​សមិទ្ធិផល​សម្រាប់​ខ្លួនឯង នោះ​គឺ​សាមគ្គីភាព និង​មិត្តភាព​រវាង​គ្នា និង​គ្នា ដែល​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​សង្គម​កម្ពុជា​នាពេល​អនាគត​។​

​ឯកឧត្តម ក៏បាន​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​កីឡាបាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​រៀបចំ សម្របសម្រួល​ការប្រកួត ព្រមទាំង​ផ្ដល់​កិច្ចសហការ​គាំទ្រ​យ៉ាង​ជិតស្និទ្ធ​រហូតមក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​អបអរសាទរ​ដល់​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​តំណាងឱ្យ​កម្ពុជា បាន​ឡើង​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AFC Challenge League កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ ហើយ​ទទួលបាន​ជ័យលាភី​ជើងឯក​រង​ផងដែរ​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា នេះ​ជា​ការវិវត្ត​ខ្លួន​មួយ​ជំហាន​ទៀត របស់​ក្លឹប​បាល់ទាត់​កម្ពុជា​ក្នយង​វិស័យ​កីឡា​បាល់ទាត់​កម្រិ​ត​តំបន់ ហើយ​ចំណុច​នេះ​ជា​អ្វី​ដែល​យើង​គួរតែ​មាន​មោទនភាព​។​

​សូមបញ្ជាក់​ថា សម្រាប់​ចំណាត់ថ្នាក់​ក្រុម​ទទួលបាន​ជ័លា​ភី ក្នុង​ពានរង្វាន់ “​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​” លើក​ទី​១០ ឆ្នាំ​២០២៥ មាន ម្ចាស់​ជើងឯក បាន​ទៅ​លើ ក្រុម​ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ ក្រុម​ក្រសួងការពារជាតិ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រសួង​សុខាភិបាល ។​

​គួរ​រំលឹងថា ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​មិត្តភាព​យុវជន អន្ដរក្រសួង​-​ស្ថាប័ន លើក​ទី​៩ ក្រុម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក បន្ទាប់​ពី​ប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយ​:​ពេល ៧០​នាទី យកឈ្នះ​ក្រុម​ក្រសួងសុខាភិបាល នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) នា​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២៤៕