សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជទាន​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ប្រតិភូ​អម​ដំណើ​រ ចូលជួប​សវនាការ នៅ​ព្រះរាជដំណាក់​គន្ធបុប្ផា​ក្នុង​ព្រះបរមរាជវាំង​

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជទាន​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ប្រតិភូ​អម​ដំណេី​រ ចូលជួប​សវនាការ ដើម្បី​ទូលថ្វាយ​អំពី​វឌ្ឍនភាព​វិស័យ​កសិកម្ម ការងារ​អភិរក្ស​ធនធានធម្មជាតិ និង​សត្វ​ផ្សោត​ទន្លេមេគង្គ នៅ​ព្រះរាជដំណាក់​គន្ធបុប្ផា​ក្នុង​ព្រះបរមរាជវាំង​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​ទូលថ្វាយ ព្រះវររាជ​មាតា​ជាតិខ្មែរ អំពី​ការងារ​អភិរក្ស​ធនធានធម្មជាតិ និង​វឌ្ឍនភាព​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់បំផុត ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​តាម​រយៈ​ការបង្កើត​ក្រុម​ឆ្មាំ​ទន្លេ​៧២​រូប សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ក្រចេះ​និង​ស្ទឹងត្រែង និង​ដៃគូ​នានា ដើម្បី​ចុះ​ល្បាត​ជាប្រចាំ ស្រាវជ្រាវ​និង​តាមដាន​ពី​ស្ថានភាព​សត្វ​ផ្សោត ជា​ពិសេស​បាន​ផ្តល់​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​ប្រជា​នេសាទ​ជៀសវាង​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​និង​ឧបករណ៍​នេសាទ​ផ្សេងៗ​ទៀត​ដែល​បង្ក​ហានិភ័យ​ដល់​សត្វ​ផ្សោត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ទូលថ្វាយ​បន្ថែមថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​អភិរក្ស​នេះ និង​បាន​ចំណាយ​ថវិកា​ក្នុង​សកម្មភាព​គ្រប់គ្រង​និង​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​នេះ​ផងដែរ​។​

​ជា​លទ្ធផល​ចំនួន​សត្វ​ផ្សោត​មាន​ភាពប្រសើរ​ឡើង​ជា​បន្តបន្ទាប់ កាត់បន្ថយ​អត្រា​ស្លាប់​ឱ្យនៅ​ទាប​បំផុត ជាក់ស្តែង​ដើមឆ្នាំ​២០២៥​នេះ កូន​ផ្សោត​កើត​ថ្មី​មាន​៧​ក្បាល​និង​ពុំទាន់​មាន​ផ្សោត​ស្លាប់​នៅឡើយ​ទេ ដែល​ធ្វើ​ឱ្យ​ចំនួន​ផ្សោត​កើន​រហូត​ដល់​១១១​ក្បាល​។​

​ប្រជាពលរដ្ឋ​មូលដ្ឋាន​កំពុង​ទទួលបាន​ចំណូល​ពី​ការផ្តល់​សេវា​ដល់​ភ្ញៀវ​ទេសចរណ៍ ដូចជា​ការនាំ​ទេសចរណ៍​ជិះទូក​មើល​ផ្សោត ការលក់​វត្ថុ​អនុស្សាវរីយ៍ ការ​ស្នាក់នៅ និង​ការបម្រើ​ម្ហូបអាហារ​ផ្សេងៗ​។​

​តាង​នាម​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​ប្តេជ្ញា​បន្ត​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ក្នុង​កិច្ច​ការពារ​ធនធាន​ដ៏​មាន​តម្លៃ​នេះ​សម្រាប់​កិត្តិយស​ជាតិ ជួយ​ដល់​ប្រជាពលរដ្ឋ​និង​សហគមន៍​មូលដ្ឋាន​ទទួលបាន​ប្រាក់ចំណូល លេីក​កម្ពស់​ជីវភាព​ឱ្យ​បាន​ល្អប្រសើរ ជាពិសេស​ការការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​កម្ពុជា ដែល​ជា​រតនសម្បត្តិ​ធម្មជាតិ​មាន​ជីវិត​ដ៏​ពិសិដ្ឋ និង​ជា​កេរិ៍្តដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕​