ឯកឧត្តម​ទេសរដ្ខមន្ត្រី លី ធុជ ស្វែងរក​ការគាំទ្រ​សកម្មភាព​មីន​នៅ​កម្ពុជា ពី​អង្គទូត តំណាង​ស្ថាន​បេសកកម្ម អង្គការ​ជាតិ​-​អន្តរជាតិ និង​ស្ថាប័ន​អង្គការសហប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​

បាងកក​៖ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥ នា​ស្ថាតទូត​ស្វីស​ប្រចាំ​ទីក្រុង​បាងកក ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ថ្លែង​អំពី​សមិទ្ធផល​សកម្មភាព​មីន​នៅ​កម្ពុជា ទៅកាន់​អង្គទូត តំណាង​ស្ថាន​បេសកកម្ម អង្គការ​ជាតិ​-​អន្តរជាតិ ស្ថាប័ន​អង្គការសហប្រជាជាតិ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​សកម្មភាព​មីន​កម្ពុជា ការ​ដោះ​ស្រាប​យ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ការរៀបចំ​គោលនយោបាយ​ជាតិ​សកម្មភាព​មីន​ឆ្នាំ ២០២៦-២០៣៥ និង​កៀរគរ​ការគាំទ្រ​បន្ថែម​សម្រាប់​សកម្មភាព​មីន​នៅ​កម្ពុជា ក៏ដូចជា​ការចែករំលែក​ជំនាញ និង​បទពិសោធន៍​របស់​កម្ពុ​ជា ទៅកាន់​ប្រទេស​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នានា ទូទាំង​ពិភពលោក​។​

​នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត លី ធុជ បាន សម្តែង​នូវ​កតញ្ញូតា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្តេជ្ញា និង​ដើរតួ​យ៉ាង​សំខាន់​ជា​មគ្គទេសក៍ ដឹកនាំ​កម្ពុជា​សម្រេច​បាន​សន្តិភាព ស្ថិរភាព និង​ការ​អភិឌ្ឍ​លើ​គ្រប់​វិស័យ និង​បានប្រែក្លាយ​ដី​មាន​មីន ទៅ​ជា​ដី​មាន​សុវត្ថិភាព​សម្រាប់​ការ​រស់នៅ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​នានា​។ ឯកឧត្តម គូសបញ្ជាក់ថា បើ​មិន​មាន​ការចង្អុលបង្ហាញ និង​ការដឹកនាំ​ប្រកប​ដោយ​ថាមវន្ត និង​ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្តេច​ទាំង​ពីរ​នោះទេ សមិទ្ធផល​ដ៏​ធំធេង​ទាំងនេះ នឹង​មិន​អាន​កើតមាន​នោះ​ទេ​។

​ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ជា​មិត្ត ដៃគូ​អភិឌ្ឍ អង្គការ​ជាតិ​-​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​នានា ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ នៅក្នុង​បេស​សក​កម្ម​មនុស្សធម៌រ​បស់​កម្ពុជា និង​បាន​អំពាវនាវ​ប្រទស​ជា​មិត្ត​ទាំងអស់ នៅ​បន្ត​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុ​ជា ក្នុង​ការផ្តល់​ជា​ថ្មី​នូវ សុខ​សុវត្ថិភាព ស្នាមញញឹម និង​សេចក្តីថ្លៃថ្នូរ ដល់​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

​ឯកឧត្តម បាន​ថ្លែងថា ចាប់តាំងពី​ឆ្នាំ​១៩៩២ មក ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​មាន​ការគាំទ្រ​ពី​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ​នានា កម្ពុជា បាន​រំដោះ​ផ្ទៃដី​សរុប​ប្រមាណ​ជាង ៣ ០០០ គីឡូ​ម៉ែត​ក្រឡា ដោយ​ផ្ទៃដី​ដែល​បាន​បោសសម្អាត​រួច បាន​ប្រគល់​ជូន​សហគម​ន៍ សម្រាប់​ការរស់នៅ និង​អភិវឌ្ឍ ដែល​បាន​ចូលរួម​យ៉ាង​សំខាន់​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​កម្ពុជា​។

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កម្ពុជា​ប្រែក្លាយ​ពី​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្តុះ​ពី​សង្គ្រាម ទៅ​ជា​ប្រទេស​ឈាន​មុខ​មួយ​ក្នុង​សកម្មភាព​មីន​សាកល និង​បាន​ដើរតួ​សំខាន់ ក្នុង​ការចែករំលែក​ចំណេះដឹង និង​ជំនាញ​ទៅកាន់​ប្រទេស​រងគ្រោះ​ផ្សេងទៀត ហើយ​ជាពិសេស ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​ជោគជ័យ​ធំធេង ក្នុងនាម​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើ​ក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា ឬ «​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្ករ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​»​។

​ឯកឧត្តម បាន​លើកឡើង​ថា ទោះបីជា​សម្រេច​បាន​សមិទ្ធ​ផល​ដ៏​ធំធេង​ដូចនេះ​ក្តី កម្ពុជា នឹង​ត្រូវ​បន្ត​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ជា​ពិសេស​តំបន់​ចម្ការមីន​ដែល​មាន​ភាពស្មុគស្មាញ​ខ្លាំង ដើម្បី​ធានា​ថា ប្រជាជន​កម្ពុជា​គ្រប់​រូប និង​គ្រប់​ទីកន្លែង មិន​រស់​នៅក្នុង​ភាពភ័យក្លាច ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

​ជា​ចុងក្រោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់​ថា ភាពជោគជ័យ​របស់​កម្ពុជា ជា​ភាពជោគជ័យ​របស់​ទាំង​អស់​គ្នា ជា​ជោគជ័យ​របស់​មនុស្សជាតិ​ទាំងមូល និង​បាន​អំពាវនាវ​ជា​ថ្មី ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់ និង​ស្ថាប័ន​អន្តរជាតិ​នានា ចូលរួម​ជាមួយ​កម្ពុជា លុបបំបាត់​ទុក្ខវេទនា​បង្ក​ដោយ​គ្រាប់​មីន នៅ​ទូទាំង​ពិភពលោក​។​