ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី​បិទ វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​កម្រិត​មូលដ្ឋាន ជូន​មន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ឱ្យ​កាន់តែ​មាន​គុណភាព ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​

​ភ្នំពេញ​៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ថ្នាក់មូលដ្ឋាន​លើកដំបូង ដល់​មន្ត្រីរាជការ​របស់​ក្រសួង​ព័ត៌មាន ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩ ដល់​៣០ ខែ​ឧសភា ឆ្នាំ​២០២៥ រៀបចំឡើង​ដោយ​គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​មូលធន​មនុស្ស​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ក្នុង​គោលបំណង ចែករំលែក​បទពិសោធ​ន៍ និង​ផ្តល់​ចំណេះដឹង ជំនាញ​បច្ចេកទេស និង​ការបណ្តុះ​ស្មារតី​មនសិការ​វិជ្ជាជីវៈ​ដល់​មន្ត្រីរាជការ ក្នុង​ការលើកកម្ពស់ ការងារ​ប្រកបដោយ​ប្រសិទ្ធ​ផល និង​បង្កើន​សមត្ថភាព មន្ត្រី​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ឱ្យ​កាន់តែ​មាន​គុណភាព ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​។

​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​បែងចែក​ជា ៣​វគ្គ ដោយ​ដំណើរការ​ព្រម​គ្នា​សម្រាប់​អគ្គនាយកដ្ឋាន​ទាំងបី គឺ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា អគ្គនាយកដ្ឋាន​សារព័ត៌មាន កម្ពុជា និង​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា​។​

​សិក្ខាកាម​ដែល​ជា​មន្ត្រីរាជការ​ចូល​រួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នាឱកាស​នេះ មក​ពី​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ចំនួន​៣២​នាក់​, អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា ចំនួន ៤០​នាក់ , អគ្គនាយកដ្ឋាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា ៣៥​នាក់​, ក្នុងនោះ​មាន ២៥​នាក់ មកពី​មន្ទីរ​ព័ត៌មាន រាជធានី​ខេត្ត ទាំង​២៥ បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ពី ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ៕​