សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ នាយ​ឧត្ដមសេនីយ៍ ង្វៀន តិន គឿង​(Nguyen Tan Cuong) អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម ចូលជួប​សម្ដែង​ការគួរសម​

នៅ​វិមាន​៧​មករា ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែ​ជេស្ឋ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ នាយ​ឧត្ដមសេនីយ៍ ង្វៀន តិន គឿង​(Nguyen Tan Cuong) អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បានឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ​បាន​សម្ដែង​នូវ​ក្តីរីករាយ និង​ស្វាគមន៍​ចំពោះ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ Nguyen Tan Cuong ដែល​ជា​មិត្ត​ចាស់​របស់​កម្ពុជា ខណៈ​ដែល ឯកឧត្តម អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ​។ សម្ដេច​តេជោ​ពេញចិត្ត​ចំ​ពោះ​ទំនាក់ទំនង កម្ពុជា​-​វៀតណាម ដែល​បន្ត​កាន់តែ​រឹងមាំ និង​ស្អិតរ​មួ​ត​ផ្អែក​លើ​ស្មារតី​មិត្តភាព​ប្រពៃណី សាមគ្គីភាព ភាព​ជា​អ្នក​ជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ ឈ្នះ លើ​គ្រប់​វិស័យ​។ សម្ដេច​តេជោ​ជឿជាក់ថា ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា​នៅពេល​នេះ នឹង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត ពិសេស​នៅក្នុង​វិស័យ​កងទ័ព​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម Nguyen Tan Cuong បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឲ្យឯ​ក​ឧត្តម​បាន​ចូលជួប​សម្ដែង​ការគួរសម​នៅ​ពេល​នេះ​។ ឯកឧត្តម​ក៏បាន​នាំនូវ​ការ​ផ្ដាំ​សួរសុខទុក្ខ​ពី សំណាក់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម ចំពោះ​សម្ដេច​តេជោ​ផងដែរ​។

​ឯកឧត្តម​បាន​អរគុណ​ចំពោះ សម្ដេច​តេជោ​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​ទិវា​ថ្ងៃ​រំដោះ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​នា​ពេល​កន្លង​ទៅនេះ​។ ឯកឧត្តម​ក៏​បាន​សរសើរ​ពី​ការរីកចម្រើន​របស់​កម្ពុជា ជាពិសេស​ការថែរក្សា​បាន​នូវ​ស្ថិរភាព សន្តិភាព​នៅក្នុង​ប្រទេស និង​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​។ ឯកឧត្តម​ក៏បាន​លើកឡើង​អំពី​គម្រោង​នៃ​ការសាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​សារមន្ទីរ​នៃ​ប្រទេស​វៀតណាម ដោយ ឯកឧត្តម​បាន​បញ្ជាក់ថា គម្រោង​នៃ​ការសាងសង់​ស្តូប​នេះ នឹង​បង្ហាញ​ទៅកាន់​ប្រទេស​ជាតិ និង​អន្តរជាតិ​ឱ្យបាន​យល់​កាន់តែ​ស៊ីជម្រៅ អំពី​ទំនាក់ទំនង​ដ៏​ស្អិតរ​មួន​រវាង កម្ពុជា​និង​វៀតណាម​នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុង​វិស័យ​កងទ័ព ដែល​បាន​តវ៉ា​ងើប​ពី​អាណានិគម​នា​ពេលកន្លងមក​។

​ឯកឧត្តម​ក៏បាន​នាំនូវ​ការអញ្ជើញ​របស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម ចំពោះ​សម្ដេច​តេជោ អញ្ជើញ​ចូលរួម​ក្នុង​ទិវា​អបអរសាទរ​ថ្ងៃ​ជ័យជំនះ​៨០​ឆ្នាំ នៃ​ថ្ងៃ​ឯករាជ្យ​ជាតិ​វៀតណាម នៅពេល​ខាងមុខ ។​

​ជា​ការឆ្លើយតប សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​លើកឡើង ដោយ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ត្រឡប់​ទៅ​វិញ​ចំពោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម​ផងដែរ​។ សម្ដេច​បាន​អរគុណ​ដល់​ភាគី​វៀតណាម ដែល​កន្លង​ទៅ​បាន​ទទួល​ស្វាគមន៍​សម្ដេច និង​ប្រតិភូ ក្នុង​ឱកាស​សម្ដេច​ចូលរួម​ក្នុង​ថ្ងៃ ទិវា​ខួប​៥០ ថ្ងៃ​រំដោះ​វៀតណាម​ភាគខាងត្បូង​នា​ពេល​កន្លងទៅ​នេះ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ពី​ទំនាក់ទំនង រវាង​កម្ពុជា និង​វៀតណាម ជាពិសេស​រំលឹក​ព្រឹត្តិការណ៍​ថ្ងៃ​២០ មិថុនា ឆ្នាំ​២០២៥ ខាងមុខ ដែល​ជា​ខួប​ទី​៤៨ ឆ្នាំ នៃ​ដំណើរ​របស់​សម្ដេច​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ឈាន​ទៅរក​ការរំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ហើយ​នៅពេល​ខាងមុខ​នោះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ទៀត​ថា សម្រាប់​ខួប​ទី​៥០ (​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ) សម្ដេច​នឹង​អញ្ជើញ​ទៅ​ផ្ទាល់​តែម្ដង ដើម្បី​រំលឹក​នូវ​ប្រវត្តិសាស្ត្រ ក្នុងពេលដែល​សម្ដេច​ធ្វើដំណើរ​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម ដោយ​យក​អាយុជីវិត​ជា​ដើមទុន​ដើម្បី​មក​រំដោះ​ប្រទេស​ជាតិ​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​លើកឡើង​ផងដែរ​អំពី​កិច្ចសហប្រតិបត្តិការ ជាពិសេស​ក្នុង​វិស័យ​កងទ័ព ដោយ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ មាន​ភាព​ស្អិតរ​មួ​ត ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​បន្ថែមទៀត ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​សម្ដេច​តេជោក៏បាន​រំលេ​ច​ផងដែរ ទាក់ទង​ទៅនឹង​ការកសាង​ស្តូប​អនុស្សាវរីយ៍​កម្ពុជា​-​វៀតណាម ដែល​ស្តុប​នេះ​;​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេជោ​ដែល​ស្នើ​តាំងពី​មុន​ឆ្នាំ​២០២០ គឺ​មុនកូ​វីដ​១៩ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យមាន​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅក្នុង​ប្រទេស​វៀតណាម ដែល​នេះ​គឺជា​ការ​ឆ្លុះបញ្ចាំង​អំពី​ការដឹងគុណ​គ្នា​ទៅវិញទៅមក​។ ទាក់ទង​ទៅនឹង​ការអញ្ជើញ​របស់ ឯកឧត្តម​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម អញ្ជើញ​សម្ដេច​ចូលរួម​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ថ្ងៃ​ឯករាជ្យ​ជាតិ​វៀតណាម សម្ដេច​នឹង​អញ្ជើញ​ទៅ​ចូលរួម​នា​ពេលខាងមុខ​ផងដែរ​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្ដេច​តេជោក៏បាន​ប្រាប់​ទៅ​ដល់​ឯកឧត្តម អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម ពាក់ព័ន្ធ​ទៅនឹង​ព្រំដែន កម្ពុជា​-​វៀតណាម​ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការបោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់ ១៦%​ទៀត ដោយ​សម្ដេច​បាន​ជំរុញ​ឲ្យ មាន​ការព្រមព្រៀង​គ្នា និង​ជំរុញ​បន្ថែមទៀត​ក្នុង​ការបោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​ឲ្យបាន​ឆាប់​នា​ពេល​ខាង​មុខ​ផង​ដែរ​៕​