ជា​លើក​ទី​១៧ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចុះ​សួរសុខទុក្ខ កុមារកំព្រា​-​ក្រីក្រ នៅ​អង្គការ​ការអភិវឌ្ឍ​កុមារ​កម្ពុជា​

​ខេត្ត​កណ្ដាល​៖ នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ជា​លើក​ទី​១៧ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ គ​.​ស​.​ម​.​ក​. បាន​ចុះ​ទៅ​សួរសុខទុក្ខ សំណេះសំណាល និង​នាំយក​ថវិកា គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ព្រមទាំង​នាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​១៥​នាក់ ដើម្បី​មក​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជូន​ដល់​កុមារ​ចំនួន ៤៧​នាក់ ស្រី​ចំនួន ២០​នាក់ ដែល​កំពុង​ស្នាក់នៅ​អង្គការ​ការអភិវឌ្ឍ​កុមារ​កម្ពុជា ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ ថវិកា​យកទៅ​ប្រគល់ជូន​នេះ បានមកពី​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ការងារ​មនុស្សធម៌​របស់ គ​.​ស​.​ម​.​ក​.​។

​សូមបញ្ជាក់​ថា ក្នុងចំណោម​កុមារ​ដែល​រស់នៅ​ក្នុង​អង្គការ​នេះ មាន​កុមារ​មួយចំនួន ដែល គ​.​ស​.​ម​.​ក​. បាន​សម្របសម្រួល​យក​ចេញពី​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ដោយ​មាន​ការឯកភាព​ពី​ម្ដាយ​របស់​ពួកគេ​ដែល​ជា​ជន​ជាប់ឃុំ ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ដូច​កុមារ​ផ្សេងៗ​ទៀត​ដែរ​។​

​ការចុះ​មក​សួរសុខទុក្ខ​នេះ គឺជា​ការរួមចំណែក​មួ​យ​ក្នុង​ការជួយ​សម្រាល​បន្ទុក​របស់​អង្គការ និង​ជួយ​ធានា​កុមារ ដែល​រស់នៅ​ទីនោះ​មាន​ឱកាស​កាន់តែ​ល្អប្រសើរ​ឡើង​ក្នុង​ការទទួលបាន​នូវ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ប្រកប​ដោយ​សមភាព និង​សមធម៌ ជាពិសេស សិទ្ធិ​សុខភាព និង​សិទ្ធិ​ទទួលបាន​ការអប់រំ ព្រមទាំង​ជៀសផុត​ពី​អំពើ​បៀតបៀន និង​អំពើ​ហិង្សា​នានា​គ្រប់​ទម្រង់ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​តែងតែ​បើក​និង​ផ្ដល់​ឱកាស​ឱ្យ​ប្រជាជន​ទាំងអស់ ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​ខ្លួន​ដោយ​ស្មើៗ​គ្នា​និង​ដោយ​គ្មាន​ការរើសអើង ដែល​សកម្មភាព​នេះ​គឺជា​ការបំពេញ​នូវ​ក្ដីសង្ឃឹម និង​បំណងប្រថ្នា​របស់​រាជរ​ដ្ឋា​ភិបាល ដែល​ដឹកនាំ​តាំងពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​បន្ត​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​ទុក​នរណា​ម្នាក់​ឱ្យ​នៅ​ឯកា​នោះទេ​។

​កុមារ​គឺជា​ធនធាន​ដ៏​មាន​តម្លៃ​បំផុត​របស់​សង្គមជាតិ និង​ពិភពលោក ព្រមទាំង​ជា​ក្តីសង្ឃឹម​ធំ​បំផុត និង​ជា​ពន្លឺ​ដ៏​សំខាន់​សម្រាប់​អនាគត និង​មនុស្សជាតិ​។​

​លោកស្រី ឈូក សីហា ប្រធាន​អង្គការ​ការអភិវឌ្ឍ​កុមារ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី កែវ រ៉េមី គឺជា​កុលបុត្រ និង​ជា​ថ្នាក់ដឹកនាំ​គំរូ​មួយរូប​ដែល​តែងតែ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ សិស្ស និស្សិត ខ្វះខាត​ជួប​ការលំបាក ពិសេស​ដល់​កុមារ​កំព្រា​-​ក្រីក្រ ដែល​នៅ​ចំពោះ​មុខ​នេះ កុមារ​ក្នុង​អង្គការ​កំពុង​ត្រូវការ​ការជួយឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក៏​ដូចជា​ការជួយ​ឧបត្ថម្ភ​ពី​សំណាក់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​។

​នេះ​គឺជា​កាយវិកា​ដ៏​ល្អ​ប្រពៃ​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ដែល​បាន​ធ្វើ​កន្លងមក បាន​គូសបញ្ជាក់​ឱ្យឃើញ​ពី​សន្តាន​ចិត្ត​អាណិតអាសូរ ស្រឡាញ់ និង​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ដែរ ក្រៅពី​ការសួរសុខទុក្ខ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​កូនៗ​ទាំងអស់​ត្រូវ​ចេះ​ស្ដាប់​ដំបូន្មាន ចេះ​ថែទាំ​សុខភាព និង​ខិតខំ​សិក្សា​រៀនសូត្រ ដើម្បី​រៀបចំ​ដំណើរ​ជីវិត​របស់​ខ្លួន​ឱ្យបាន​ល្អ​ប្រសើរ និង​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​។

​បន្ថែម​លើ​នេះ ឯកឧត្តម ក៏​បាន​ស្នើ​ឱ្យ​គណៈ​គ្រប់គ្រង​និង​បុគ្គលិក​នៅក្នុង​អង្គការ​បន្ដ​យកចិត្តទុកដាក់​ថែទាំ​កុមារ​ទាំង​អស់​ឱ្យបាន​ល្អ និង​ត្រូវ​ជៀសវាង​ដាច់ខាត​នូវ​ការប្រព្រឹត្ត​អំពើ​បំពាន​ណាមួយ​ទៅលើ​សិទ្ធិ​របស់​ពួកគេ ដើម្បី​ជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​មូលធន​មនុស្ស ដែល​ជា​សសរស្ដម្ភ​នៃ​ការកសាង​និង​អភិវឌ្ឍន៍​ជាតិ​។​

​ជា​ចុងក្រោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​ជា​ថ្មី​ថា នឹង​បន្ដ​ខិតខំ​ស្វះស្វែង​កៀរគរ​ប្រមូល​មូលនិធិ​ពី​សប្បុរសជន​នានា ដើម្បី​បន្ត​ជួយ​ដល់​អង្គការ និង​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​អស់​ឱ្យ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​អង្គការ ដែល​ជា​កាយវិការ​មួយ​បង្ហាញ​នូវ​វប្បធម៌​ចែករំលែក ស្មារតី​មនុស្សធម៌ និង​ការលើកកម្ពស់​សិទ្ធិ​កុមារ​។

​ទន្ទឹមនឹងនេះ ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថា្នក់​ដឹកនាំ និង​សប្បុរសជន​ទាំងអស់ និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ថា្នក់​ដឹកនាំ និង​សប្បុរសជន​ទាំងអស់ នឹង​បន្ដ​គាំទ្រ​និង​គាំទ្រ​កាន់តែខ្លាំង​ឡើង ក្នុងករណី គ​.​ស​.​ម​.​ក​. រៀបចំ​កម្មវិធី​សប្បុរសធម៌​ផ្សេងៗ​ទៀត​នាពេលខាងមុខ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់ សមាគម​ស្នាមញញឹម​ថ្មី​នៃ​ក្តីសង្ឃឹម​របស់​កុមារ មន្ទីរពេទ្យ​គន្ធបុប្ផា អង្គការ​មនុស្ស​ចាស់ និង​អង្គការ​កុមារកំព្រា​-​ក្រីក្រ ជាដើម​៕​