ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថ្លែងអំណរគុណ​ចំពោះ​សារព័ត៌មាន​ភាសា​ចិន បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អំពី​កម្ពុជា ដែល​ជួយ​លើកកម្ពស់​ឱ្យ​ពិភពលោក​បាន​យល់ដឹង​អំពី​វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍន៍ និង​សក្តានុពល​នានា​របស់​ប្រទេស​កម្ពុជា​

​សារព័ត៌មាន​ចិន ដែល​បំពេញការងារ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អំពី​សុខសន្តិភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ប្រជាជន​ចិន និង​ប្រជាពលរដ្ឋ​ដែល​និយាយ​ភាសា​ចិន នៅ​ទូទាំង​ពិភព​បានដឹង​ច្បាស់​បន្ថែមទៀត​

​នៅក្នុង​ឱកាស​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Sun Yinglong ប្រធាន​ក្រុមហ៊ុន PIONT BUSINESS SERVICE PTE.LTD និង​ជា​អគ្គនាយក​នៃ​អង្គភាព​សារព័ត៌មាន KHMERINDUSTRIAL ECONOMY ផ្សាយ​ជា​ភាសា​ចិន នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥ នា​ទីស្តីការក្រសួង ឯកឧត្តម នេ​ត្ត ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ការរីកចម្រើន​របស់ សារព័ត៌មាន ខ្មែរ​ថា​មស៍ ផ្សាយ​ជា​ភាសា​ចិន ហើយ​ពេលនេះ​ដោយ​ទទួលបាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​ព័ត័មាន មានឈ្មោះ​ថា​សារព័ត៌មាន KHMERINDUSTRIAL ECONOMY ដែល​មាន​គោលជំហរ និង​ការផ្សព្វផ្សាយ​ព័ត៌មាន ដូច​សារព័ត៌មាន​ខ្មែរ​ថា​មស៍ ផ្សាយ​ជា​ភាសា​ចិន​ដដែល បាន​ជួយ​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​បាន​កើតមានឡើង​នៅ​កម្ពុជា ពិត​ជាក់ស្តែង​ដើម្បី​ឲ្យ​ប្រជាជន ជា​អ្នកវិនិយោគ និង​អ្នកទេសចរ​ចិន​បាន​ដឹង​ច្បាស់​បន្ថែមទៀត​។​

​ដើម្បី​ពង្រឹង​ការផ្សព្វផ្សាយ​ឲ្យបាន​កាន់តែ​ល្អ និង​មាន​ព័ត៌មាន​ច្រើន​បន្ថែមទៀត​នោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជ​រុញឲ្យ​ថ្នាក់ដឹកនាំ​ពិនិត្យ​ក្នុង​ការធ្វើ​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា ដើម្បី​ដកស្រង់​ព័ត៌មាន​សំខាន់ៗ យក​ទៅ​បក​ប្រែជា​ភាសា​ចិន​ហើយ​ផ្សព្វផ្សាយ​ជា​ផ្លូវការ ព្រោះ​ស្ថាប័ន​សារព័ត៌មាន​ជាតិ AKP នេះ​គឺ​រាល់​ព័ត៌មាន​គឺ​ពិត​ត្រឹមត្រូវ មាន​ប្រភព​ច្បាស់លាស់ ហើយ​រាល់​គោលជំហរ និង​ការសម្រេច​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ផ្សព្វផ្សាយ​បាន​លឿន រួម​ជាមួយ​រូបភាព​ផងដែរ​។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់​ថា ជំហាន​ទៅ​មុខ​ទៀត AKP ក៏​នឹង​មាន​ការផ្សាយ​ព័ត៌មាន​ជា​ភាសា​ចិន​ផងដែរ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​ស្ថាប័ន​សារព័ត៌មាន​ចិន​ធំៗ​ជាច្រើន​។​

​ជាក់ស្តែង​កាលពី​កឡុង​ខែ​ខែវិច្ឆិកា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន CMG បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​
​ដើម្បី​ការអភិវឌ្ឍ​ថែម​មួយ​កម្រិត​ទៀត ជាពិសេស​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ អ្នកយក​ព័ត៌មាន អ្នកបច្ចេកទេស អ្នក​ផលិត​កម្មវិធី និង​បន្ថែម​លើ​នេះ​ទៀត គឺ​កិច្ចសហការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​អាណា​ឡូ​ក​ទៅ​ឌីជីថល និង​ការផ្សាយ​ព័ត៌មាន​អន្តរជាតិ ជា​ភាសា​ខ្មែរ​តាមរយ​: China Global Television Network -CGTN​។​
CMG គឺជា​ប្រពន្ធ័​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន ដែល​មាន​ទ្រង់ទ្រាយ​ធំជាងគេ និង​បាន​ផលិត​កម្មវិធី​ច្រើនជាងគេ​លើ​ពិភពលោក តាមរយៈ​ប្រពន្ធ័​ផ្សាយ CGTN និង CCTV ។ CGTN មាន​ទំហំ​នៃ​ការផ្សាយ​មាន​ចំនួន ៦៨ ភាសា ដើម្បី​ផ្សាយ​ទៅកាន់​ពិភពលោក ។​

​លោក Sun Yinglong បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង​ព័ត៌មាន ពិសេស​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP ដើម្បី​បន្ត​ចូលរួមចំណែក ក្នុង​ការផ្សព្វផ្សាយ និង​ចែករំលែក​នូវ​ព័ត៌មាន​ជា​ភាសា​ចិន ដល់​សាធារណជន​បាន​យល់ បាន​ដឹង​បាន​ជ្រាប ហើយ​ជាពិសេស​នោះ គឺ ជនជាតិ​ចិន​ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​