សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជា​ឲ្យ​បិទ​ច្រក​ព្រំដែន​ពីរ​ជាប់​ថៃ ខណៈ​កងទ័ព​ថៃ​បន្ត​ប្រើ​វិធានការ​ជា​ឯកតោភាគី​

កាលពី​យប់​ថ្ងៃ​ទី ២១ មិថុនា ២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ឲ្យ​បិទ​ច្រក​ព្រំដែន​ពីរ​កន្លែង​នៅ​ខេត្ត​ឧត្តរមានជ័យ ជា​ការឆ្លើយតប​ទៅនឹង​វិធានការ​ជា​ឯកតោភាគី​របស់​កងទ័ព​ថៃ ដែល​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី ៧ មិថុនា ។​

​សម្តេច​បាន​ថ្លែងថា ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​រាយការណ៍​ឱ្យដឹងថា កងទ័ព​ថៃ​ភូមិភាគ​ទី​២ បាន​ចេញ​លិខិត​ជូនដំណឹង​អំពី​ការបិទច្រក​សាយ​តា​គូ​-​ជប់​គគីរ ស្ថិតនៅ​ស្រុក​បន្ទាយ​អំពិល​។ សម្តេច​បាន​ឯកភាព​ឲ្យ​ភាគី​កម្ពុជា​បិទ​ច្រក​នេះ​ជា​អចិន្ត្រៃយ៍​ផងដែរ ហើយ​បន្ថែម​ឲ្យ​បិទ​ច្រក​ជាំ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ​ចាប់​ពី​ថ្ងៃនេះត​ទៅ និង​ជូនដំណឹង​ទៅ​ភាគី​ថៃ​ផង​ដែរ​។​

​សម្តេច​បាន​បញ្ជាក់ថា កងទ័ព​ថៃ​បាន​ប្រើ​វិធាន​ការបិទច្រក និង​កែប្រែ​ម៉ោង​បើ​កបិទ ដោយ​ស្ថិត​តែ​មួយ​ភាគី មិន​គិត​ដល់​ផលប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឡើយ​។ កម្ពុជា​មិន​មាន​បំណង​បង្ក​ការលំបាក​ដល់​ប្រជាជន​នោះ​ទេ ប៉ុន្តែ​បើ​កងទ័ព​ថៃ​បន្ត​ប្រើ​វិធី​នេះ​ដើម្បី​ដាក់​សម្ពាធ គឺ​កម្ពុជា​ក៏​ត្រៀម​ខ្លួន​ដែរ​។​

​សម្តេច​បាន​បញ្ជាក់ថា វា​ជា​រឿង​ចម្លែក​ដែល​ថ្នាក់ដឹកនាំ​នយោបាយ​ថៃ រួមទាំង​នាយក​រដ្ឋមន្ត្រី ស្នើសុំ​ឲ្យ​ចរចា​ដើម្បី​បើក​ច្រក​វិញ តែ​ពេល​តែមួយ កងទ័ព​ថៃ​វិញ​បន្ត​បិទ ឬ​កែសម្រួល​ម៉ោង​តាមចិត្ត​ដោយ​គ្មាន​ការសម្របសម្រួល​។ នេះ​បង្ហាញ​ពី​ភាពខ្វះ​ឯកភាព និង​គោលនយោបាយ​ច្បាស់លាស់​រវាង​ថ្នាក់ដឹកនាំ​និង​កងទ័ព​របស់​ថៃ​។​

​សម្តេច​បាន​បញ្ជាក់ថា នៅ​កម្ពុជា តាំងពី​ថ្នាក់​ដឹកនាំ​ជាតិ​រហូត​ដល់​កងទ័ព​ជួរមុខ មាន​ការអនុវត្ត​ច្បាស់លាស់​នៃ​បទបញ្ជា​។​

​ក្នុងករណីនេះ កម្ពុជា​មិន​ចាំបាច់​ចរចារ​ទ្វេភាគី​ឡើយ ព្រោះ​បើ​ថៃ​ចង់ឲ្យ​ស្ថានភាព​ប្រក្រតី​វិញ គ្រាន់​តែ​បើក​ច្រក​វិញ​ដូច​ស្ថានភាព​មុន​ថ្ងៃទី ៧ មិថុនា ជា​ឯកតោភាគី​។ កម្ពុជា​នឹង​បើក​ច្រក​វិញ​ក្នុង​រយៈពេល​យ៉ាងយូរ​ប្រាំ​ម៉ោង​ក្រោយ​នោះ​។​

​សម្តេច​បាន​បញ្ជាក់ថា​៖ នេះ​ជា​ដំណោះស្រាយ​សាមញ្ញ​សម្រាប់​ថៃ ប្រសិនបើ​មាន​ជំហរ​ពិតប្រាកដ​ចង់​ឲ្យ​បើក​ច្រក​ព្រំដែន​ឡើងវិញ ដោយ​មិន​ចាំបាច់​ចរចា​ឬ​ខាត​ពេលវេលា​ឡើយ​។​