តុលាការខេត្ត​កណ្តាល ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន អតីត​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​

ខេត្ត​កណ្តាល​: ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល លោក រស់ ផុន​ចាន់​និមល បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ជនជាប់ចោទ​ឈ្មោះ ស្រេង សុខា (​ទ្រី​) អតីត​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​។​

​យោង​តាម​ដី​ការបង្គាប់​ឱ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ បាន​បញ្ចាក់​ថា ជនជាប់ចោទ​ឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ជា នគរបាល កម្រិត​វប្បធម៌ បរិញ្ញាបត្រ​ជាន់ខ្ពស់ ទីកន្លែង​កំណើត​នៅ​ភូមិ​ត្រើយ​ត្រឹង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ជនជាប់ចោទ​រូប​នេះ ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ និង​៦​ខែ ពី​បទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង និង​ផ្តន្ទាទោស​ស្រប​តាម​បញ្ញត្តិ​មាត្រា ២៥៣ នៃ​ច្បាប់​ភូមិបាល​។​

​សូមបញ្ជាក់​ថា អតីត​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​រូបនេះ កាលពីពេល​កន្លង​មក មានការ​សំ​ញ៉ែង​ទ្រព្យសម្បត្តិ​នៅ​ពេល​ចូល​ដណ្តឹងប្រពន្ធ​នៅ​អ្នក​លឿង រហូត​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កោះហៅ​មក​សួរនាំ​។​

​ក្រៅពីនេះ ជនជាប់ចោទ​រូប​នេះ ក៏​បាន​បំពាន​ច្បាប់​ទៅ​ហែក​ដីកា ដែល​តុលាការ​បិទ​ផ្អាក​មិន​ឱ្យ​ដំណើរការ​ផ្ទះសំណាក់ ខណៈ​បាន​រកឃើញថា បាន​ផ្តល់​ឱ្យ​ក្រុម​ក្មេងស្ទាវ​ប្រើប្រាស់​សារធាតុ​ញៀន និង​បាន​យកឈ្មោះ លោក ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល បញ្ជា​ឱ្យ​ចៅសង្កាត់​ស៊ីញ៉េ​ដី​មិន​ស្រប​ច្បាប់​ជាដើម​៕