អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​(ACU)​រកឃើញថា​ស្នងការរង​ខេត្ត​កំពង់ឆ្នាំង​លោក​ស៊ុ​សុជា​តិលក់​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​បាន​លុយ​ជាង​៥១​ម៉ឺន​លាន​ដុល្លារ​

ភ្នំពេញ ៖ អង្គភាព​ប្រឆាំ​អំពើពុករលួយ (ACU) បាន​រក​ឃើញ​លោក​ឧត្តមសេនីយ៍ ស៊ុ សុជាតិ ស្នងការរង​នរគ​បាល​ខេត្ត​កំពង់ឆ្នាំង ជាប់​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន់​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប រកឃើញថា បាន​កាន់កាប់​និង​ទន្ទ្រាន​ដី​ចំនួន ៣៨ ទីតាំង មាន​ទំហំ​ជិត​១​ពាន់​ហិកតា និង​លក់ដូរ​បាន​ប្រាក់​ចំនួន​ជាង ៥១ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។​

​ក្នុង​របាយការណ៍​នៃ​កិច្ចប្រជុំ​លើក​ទី ៧ អាណត្តិ​ទី ៣ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ បានឲ្យដឹងថា ករណី​ប៉ះពាល់​លើ​ដី​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប នៅ​ខេត្ត​ទាំង​៦​នោះ វរៈសេនីយ៍ឯក កែវ ណា​រុន ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នគរបាល​ខេត្ត​កំពង់ឆ្នាំង និង​ឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ជាប់​ពាក់ព័ន្ធ​បទល្មើស​ធំៗ ចំនួន ៣ ក្នុងនោះ រួមមាន ៖
១-​បំផ្លាញ​ដោយ​ចេតនា​និង​គៃ​បំបា​ក់ដោយ​ទុច្ចរិត​,
២-​ឈូសឆាយ​និង​ហ៊ុព័​ន្ធ​ដីព្រៃ​លិច​ទឹក​
៣-​បទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​។​

​លើសពីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា ឈ្មោះ ស៊ុ សុជាតិ នៅ​ត្រូវ​រង​នូវ​បទល្មើស​ថែម​មួយ​ទៀត គឺ​បទ​សម្អាត​ប្រាក់ ។​

​ក្នុង​របាយការណ៍​ខាងលើ​នេះ​បានឲ្យដឹង​ទៀត​ថា ឧត្តមសេនីយ៍​ស្នងការ​រង ស៊ុ សុជាតិ ត្រូវ​បាន​អង្គភាព​ប្រឆាំ​អំពើពុករលួយ​រកឃើញថា បាន​កាន់កាប់​និង​ទន្ទ្រាន​ដី​ចំនួន ៣៨ ទីតាំង​មាន​ទំហំ​ជិត​១០០០​ហិកតា “៩៥២,០២​ហិកតា​” ដោយ​ឈ្មោះ​នេះ​បាន​ធ្វើលិខិត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន​ត្រឹមតែ ៦៧៨ ហិកតា​ប៉ុណ្ណោះ​។​

​របាយការណ៍​បញ្ជាក់​ថា «​លោក ស៊ុ សុជាតិ បាន​លក់​ដី​ព្រៃ​លិច​ទឹក​តំបន់ ៣ ចំនួន ៨ លើក បាន​លុយ​ជាង ៥១ ម៉ឺន​ដុល្លារ​»​។​

​សូមជម្រាបថា អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ បាន​នាំ​ខ្លួន​លោក​ឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង និង​លោក កែវ ណា​រុន ប្រធាន​ការិយាល័យ​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង មក​សាកសួរ ពាក់ព័ន្ធ​ករណី​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​តំបន់ ៣ នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ៕