មន្ត្រី​ការពារ​អ្នកប្រើប្រាស់​កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ​ផ្សារ​ប៉ា​ហ៊ី

ខេត្ត​ប៉ៃលិន​: ដើម្បី​ទប់ស្កាត់​ចំណីអាហារ​ខូចគុណភាព មាន​ផ្ទុក​សារធាតុ​គីមី ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព និង​ដើម្បី​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ​ក្នុង​កំឡុង​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម​ខាងមុខនេះ នៅ​ព្រឹក​ថ្ងៃ​២២ ខែ​មករា ឆ្នាំ​២០២២​នេះ មន្ត្រី​ជំនាញ សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បន្ត​ចុះ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​បឋម (Test Kit) លើ​ម្ហូបអាហារ ព្រមទាំង​ណែនាំ​ដល់​អាជីវករ ដែល​ដាក់​តាំង​លក់​ម្ហូបអាហារ និង​ទំនិញ​ផ្សេងៗ​ទៀត នៅ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។​

​លោក ឈឹម វាសនា ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ដោយ​មាន​ការណែនាំ​ពី​ឯកឧត្តម​ប្រតិភូ សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត​ប៉ៃលិន ក្នុង​កំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម ខាងមុខនេះ បាន​ធ្វើ​ការចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ នៅតាម​ផ្ទះ​ជុំវិញ​ផ្សារ និង​នៅក្នុង​ផ្សារ​ពិនិត្យ​រក សារធាតុ​គីមី គឺ​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ឲ្យបាន​កាន់តែ​ខ្ពស់ ចំពោះ​ការ​ចរាចរណ៍​ទំនិញ​ខូច​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​នៅលើ​ទីផ្សារ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​លោក​ប្រធាន​សាខា​បាន​បន្តថា​៖ ទំនិញ​ដែល​មន្ត្រី​របស់​លោក​តែងតែ​ធ្វើ​សកម្មភាព​ពិនិត្យ​ជាប្រចាំ គឺ​ពិនិត្យ​ទៅ​កាលបរិច្ឆេទ លើ​សំបក​វេច​ខ្ចប់ រួម​ទាំង​ធ្វើតេស្ត​បឋម (Test Kit) ពិនិត្យ​រកសារ​ជាតិគីមី​នៅលើ​គ្រឿង​សមុទ្រ ប្រហិត​សរសៃ​មី គុយទាវ បន្លែ ត្រី​សាច់ ជាដើម ដើម្បី​ចូល​រួមចំណែក​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ដែល​ខូច​គុណភាព និង​មាន​សារធាតុ​គីមី ជា​ពិសេស​បាន​ធ្វើ​ការពន្យល់​ណែនាំ​ដល់ ពលរដ្ឋ និង​អាជីវករ​ទាំងអស់ ឲ្យបាន​យល់ដឹង​ពី​ប្រភេទ​ទំនិញ ដែល​គ្មាន​គុណភាព​ផងដែរ​។​

​លោក​ប្រធាន​សាខា បាន​បញ្ជាក់ទៀតថា​៖ នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា (​ក​.​ប​.​ប​) បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការទប់ស្កាត់ និង​បង្រា្ក​បការ​លប​លួច​នាំ​ចូល ការផលិត ការ​ចែកចាយ ម្ហូបអាហារ​ពុំមាន​សុវត្ថិភាព ដែល​ជនខិលខូច បាន​ក្លែងបន្លំ​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ និង​ម្ហូបអាហារ​ដែល​ខូច​គុណភាព​មាន​សារធាតុ​គីមី ហើយ​យើង​ក៏​បាន​អប់រំ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​សុវត្ថិភាព​ម្ហូបអាហារ​។

​ជាមួយគ្នានេះដែរ បងប្អូន​ដែល​ជា​អាជីវករ លក់ដូរ​នៅ​តាម​បណ្តា​តូប​នានា មេត្តា​សហការ​ជាមួយ​សមត្ថកិច្ច កុំ​គិតតែ​ពី​ផលចំណេញ ភ្លេច​គិត​ពី​សុខភាព​ជា​ធំ សូម​ចូលរួម និង​គោរព​បទដ្ឋាន​បច្ចេកទេស ក្នុង​ការផ្គត់ផ្គង់​ម្ហូបអាហារ​លើ​ទីផ្សារ​។​

​សូមជម្រាបថា ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នាឱកាស​នោះ មន្ត្រី (​ក​.​ប​.​ប​)​ខេត្ត បាន​ធ្វើតេស្ត​ឃី​ត ត្រួតពិនិត្យ​លើ​ចំណីអាហារ​សំខាន់ៗ​រួមមាន គ្រឿង​សមុទ្រ ពពុះ​សណ្តែក បាញ់​កាញ់ គុយទាវ ប្រហិត គ្រឿងទេស ជាដើម​៕