រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន ណែនាំ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច ត្រូវ​បន្ត​យកចិត្តទុកដាក់​ជំរុញ​កិច្ច​គាំពារ​បរិស្ថាន និង​អភិរក្ស​ជីវៈចម្រុះ​ឲ្យមាន​គុណភាព និង​ប្រសិទ្ធភាព​

ខេត្ត​មណ្ឌលគិរី​៖ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ កិច្ច​គាំពារ​បរិស្ថាន និង​អភិរក្ស​ជីវៈចម្រុះ​ឲ្យ​កាន់តែ​មាន​និរន្តរភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព នា​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២​នេះ ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន បាន​ណែនាំ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្តទុកដាក់​ជំរុញ​កិច្ច​គាំពារ​បរិស្ថាន និង​អភិរក្ស​ជីវៈចម្រុះ​ឲ្យមាន​គុណភាព និង​ប្រសិទ្ធភាព ឯកឧត្តម បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដែល​
​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​។​

​ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់​មន្ទី​របរិ​ស្ថាន​ខេត្ត​មណ្ឌលគិរី រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​របស់​ខ្លួន បាន​យ៉ាង​ល្អប្រសើរ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​បាន​ដាក់ចេញ​។

​ទទឹម​នឹង​នេះ ឯកឧត្តម ផៃ ប៊ុន​ឈឿន បាន​ផ្តល់​អនុសាសន៍​មួយចំនួន ដល់​មន្ត្រី​ក្រោម​ឳ​វាទ ត្រូវ​ខិតខំ​អនុវត្ត​នូវ​ការងារ​រួមមាន​៖ ទី​១. ត្រូវ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​និរន្តរភាព​លើ​លិខិត​បទ​ក​ដ្ឋា​នគតិ​យុទ្ធនានា ក្នុង​ការគោរព​ឋានានុក្រម​ការងារ ធ្វើយ៉ាងណា ឲ្យមាន​គណនេយ្យភាព តម្លាភាព ជាមួយ​រដ្ឋបាល​ខេត្ត និង​ក្រសួង​បរិស្ថាន ទី​២. ត្រូវ​ពង្រឹង​រក្សា​នូវ​និរន្តរភាព នៃ​ការ​កិច្ច​គាំពារ​បរិស្ថាន ទី​៣. ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ទី​៤ ការកសាង​សមត្ថភាព​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ឧទ្យានុ​រក្ស ដើម្បី​ធានា​ឲ្យមាន​គុណភាព និង​ប្រសិទ្ធ​។​

​លោក ឈឹម កាន អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ត្រូវ​បន្ត​ផ្សព្វផ្សាយ​បន្ថែម ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ជាពិសេស ពលរដ្ឋ​រស់នៅក្នុង​តំបន់​ដែន​ជម្រក​នានា របស់​ក្រសួង​បរិស្ថាន ឲ្យ​យល់ដឹង និង​ចូលរួម​សហការ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ – ស្នើ​ដល់​មន្ត្រី​ជំនាញ ត្រូវ​ចុះបញ្ជី​ដី​រដ្ឋ និង​ការចុះបញ្ជី​ដី ដែន​ជម្រក​របស់​ក្រសួង​បរិស្ថាន ដែល​នៅ​សេសសល់ ដើម្បី​កំណត់​ឲ្យបាន​ច្បាស់លាស់ ក្នុង​ការធានា​នូវ​ការការពារ ចៀសវាង​មាន​ការកាប់​ទន្ទ្រាន់​ពី​ជន​ខិត​ខូច – ត្រូវ​ចូលរួម​អនាម័យ​បរិស្ថាន ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឲ្យមាន​ការយល់ដឹង និង​ការរៀបចំ​ទុកដាក់​សំរាម ឲ្យបាន​ត្រឹមត្រូវ ជាពិសេស ត្រូវ​ពិនិត្យ​ទៅ​រមណីយដ្ឋាន និង​រី​ស៊ត នៅក្នុង​ក្រុង ឲ្យមាន​ការរៀបចំ​ទុកដាក់​សំ​រាម​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោល​ការណែនាំ​របស់​មន្ទីរ ក៏ដូចជា​ក្រសួង​បរិស្ថាន​។​

​លោក កែវ សុភ៌គ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឲ្យដឹងថា ខេត្ត​មណ្ឌលគិរី មាន​ដែនជម្រកសត្វព្រៃ​ចំនួន ០៥ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន ០១ រួមមាន​៖ ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀរ ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ព្រៃ​លំផាត់ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ឦសាន​។

​ក្រៅពី​នោះ​មន្ទីរ បាន​បញ្ចូន​សំណុំរឿង​បទល្មើ​សធន​ធាន​ធម្មជាតិ​ចំនួន ១៦០​ករណី ក្នុងនោះ​ពិន័យ​អន្តរ​ការណ៍ ១៩​ករណី និង​បញ្ចូនទៅ​តុលាការ ១៤១​ករណី ការងារ​ចុះបញ្ជី​ដី​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ទាំង​០៥ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ឦសាន រួមមាន​៖ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ភូមិ​ពូ​ហ្យា​ម ភូមិ​ពូ​ឆ​ប ភូមិ​ពូ​រ៉ា​ង ភូមិ​ពូ​ទ្រូ ភូមិ​ឡៅ​កា និង​ភូមិ​ស្រែ​អ៊ី ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មាន​ភូមិ​ស្រែ​អ៊ី និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ឦសាន មាន​ភូមិ​ពូ​ឆប ភូមិ​ពូ​លូ​ង និង​ភូមិ​ឡៅ​កា​៕