អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមន្ត្រីរបស់ខ្លួនម្នាក់ទៅតុលាការរាជធានីភ្នំពេញ

ភ្នំពេញ​: អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនខ្លួនជនសង្ស័យជាមន្ត្រីរបស់ខ្លួនម្នាក់​ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រោយ​រកឃើញថា គេបានប្រព្រឹត្តិល្មើស ប្បញ្ញាតក្នុងមាត្រា ៥៩២ (បទវីតិក្រម) នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមស៊ើបអង្កេតផ្ទៃក្នុងនៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាង ជាបន្តបន្ទាប់ ព្រមទាំងស្ដាប់ចម្លើយ របស់ ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ រួចមក អង្គភាពប្រឆាំង អំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តិល្មើសដែលប្បញ្ញាតក្នុងមាត្រា ៥៩២ (បទវីតិក្រម) ក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យប្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្ដី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្ដឹងដែលខ្លួនមិនទទួលបន្ទុកទៀតផង។

អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំង អំពើពុករលួយជាបន្ទាន់ ក្នុងករណីដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួនអាចប្រើប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ៕