​ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញ​សម្ពោធ​ដាក់​អោយ​ប្រើ​ ​ប្រាស់​ជា​ផ្លូវការ​អគារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​អូរយ៉ាដាវ

​ខេត្ត​រតនគិរី​: នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ ឯកឧត្តម ញ៉ែម សំអឿន ប្រធាន​គណៈ​កម្មា​ជិការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​រតនគិរី បាន​អញ្ជើញ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​អូរយ៉ាដាវ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈ​កិត្តិយស គណៈកម្មាធិការ​សាខា គណៈកម្មាធិការ​សាខា អនុសាខា មន្ត្រីរាជការ អង្គភាព​ជុំវិញ​ស្រុក យុវជន​កាកបាទក្រហម សប្បុរសជន និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​តាម​របាយការណ៍​ពី​លោក ម៉ា វិចិត្រ ប្រធាន​គណៈកម្មាធិការ​អនុសាខា​ស្រុក បានឲ្យដឹង​ថា​អគា​រស្នា​ក់​ការ អនុសាខា​នេះ មាន​ទំហំ ៦​ម៉ែត្រ × ១២.៥ ម៉ែត្រ មាន​បន្ទប់ធ្វើការ​១ សាលប្រជុំ​១ និង​បន្ទប់ទឹក​១​ខ្នង បាន​ដំណើរការ​សាងសង់ ជា​ដំណាក់កាល​បន្តបន្ទាប់​អស់​រយៈពេល​៨​ខែ -២៦​ថ្ងៃ រហូត​រួច​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ ដោយ​ចំណាយ​ថវិការ​អស់​ប្រមាណ ១៥,៨៦០.០០ ដុល្លារ ដែល​ទទួលបាន​ពី​សប្បុរសជន​គ្រប់ទិសទី ដែល​ជា​ទឹកចិត្ត​មនុស្សធម៌​។

​ក្នុងឱកាស​នោះ ឯកឧត្តម ញ៉ែម សំអឿន បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ក្នុង​អង្គពិធី និង​បាន​លើកឡើង​ថា ជា​ការពិត​ណាស់​ថា​ប្រទេស​ជាតិ​យើង មាន​សុខសន្តិភាព និង​កំពុង​ឈានឆ្ពោះ​ទៅរក​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​តាម​ចក្ខុវិស័យ ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទោះជា​យ៉ាងណា​យើង​ក៏​នៅ​មាន​ប្រជាជន​មួយចំនួន​នៅតែ​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត ដែល​ចាំបាច់​ត្រូវ​ការជួយ​សង្គ្រោះ​ភ្លាមៗ​ឲ្យទាន់​ពេលវេលា​។

​ជុំវិញ​បញ្ហា​នេះហើយ ទើប​កាកបាទក្រហមកម្ពុជា បាន​បង្កើតឲ្យមានរ​ចនាស​ម្ព័​ន្ធ​តាំងពី​ថ្នាក់​ខេត្ត រហូតដល់ ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ និង​អ្នកស្ម័គ្រចិត្ត​គ្រប់​ភូមិ ដើម្បី​ត្រៀម​ប្រមូល​ព័ត៌មាន​អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ សម្រាប់​ជួយ​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​ជាក់ស្តែង នៅ​ថ្ងៃនេះ​យើង​បាន​សម្ពោធ​អគារ​អនុសាខា​ស្រុក​អូរយ៉ាដាវ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក បាន​បម្រើ​ការងារ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ជាមួយ​នឹង​ការលើកឡើង​បែបនេះ ឯកឧត្តម​ក៏​បាន​បញ្ជាក់​ដែរ​ថា កាកបាទ​ក្រហម គឺ​មាន​ប្រភព​ចំណូល​ពី​សប្បុរសជន​តា​ម​រយៈ សមាជិកភាព​ប្រចាំឆ្នាំ និង​ការរៀបចំ​ព្រឹត្តិការណ៍ ៨ ឧសភា និង​រាត្រីសមោសរ​ជាដើម មានន័យ​ថា​សកម្មភាព ទាំងអស់​អាច​ប្រព្រឹត្តទៅបាន​លុះត្រា​ណា មាន​ការប្តេជ្ញាចិត្ត និង​លះបង់​យ៉ាងខ្ពស់ ដើម្បី​លើកស្ទួយ​ចលនា​មនុស្សធម៌ ពី​សំណាក់ មន្ត្រីរាជការ កងកម្លាំង ក្រុមហ៊ុន​ឯកជន អាជីវករ ប្រជាពលរដ្ឋ មាន​ការចែក​រលែក​ជាមួយ​កាកបាទ​ក្រហម ទើប​កាកបាទក្រហម អាច​ជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នានា​បាន​។

​ឯកឧត្តម​បាន​សង្ឃឹម​យ៉ាង​មុតមាំ ក៏ដូចជា​ជំរុញ​ដល់​សមាជិក សមាជិកា​អនុសាខា​កាកបាទ​ក្រហម​ស្រុក​ទាំងអស់ បន្ត​ចូលរួម​លើ​ការងារ​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ទ្វេ​ឡើង​ថែម​ទៀត បន្ទាប់​ពី​អគារ​យ៉ាង​ថ្មី​ប្រណិត​មួយ​ខ្នង​នេះ ត្រូវបាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នា​ថ្ងៃនេះ​។​

​បន្ទាប់ពី​មាន​ការ​សំណេះសំណាល​ក្នុង​ពិធី​នេះ សាខា​បាន​ចែក​ជូន​អំណោយ​មនុស្សធម៌ ដល់​ប្រជាពលរដ្ឋ ចាស់ជរា កុមារកំព្រា ជនពិការ​ងាយ​រងគ្រោះ​បំផុត​ចំនួន​៥០ គ្រួសារ មកពី​៤​ឃុំ (​ឃុំ ប៉ាតេ លំ​ជ័រ សោម​ធំ យ៉ាង​ទុង​) ក្នុង​ស្រុក​អូរយ៉ាដាវ ដែល​ក្នុង​១ គ្រួសារ​ទទួលបាន​៖ អង្ករ ២៥ គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ម៉ាស់​២ សាប៊ូ​២​ដុំ ជែល​លាងដៃ​១​ដប និង​ថវិកា​មួយចំនួនទៀត​៕