ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​

​ស្ទឹងត្រែង​: នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង ក្រោម​វត្តមាន​ជា​គណៈអធិបតី​ពី​សំណាក់ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង និង​ឯកឧត្តម ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​ពិធី​ប្រកាស​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម​អគ្គនាយក អគ្គនាយករង ប្រធាន នាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​គណៈប្រតិភូ​អមដំណើរ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ប្រធាន មន្ទីរ​អង្គភាព​មួយចំនួន រដ្ឋបាល​ក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​មហាផ្ទៃ​លេខ​៤៨៨.​ប្រ​.​ក ចុះ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តី​ពី​ការប្រគល់​ភារកិច្ច និង​តែងតាំង​មន្ត្រី​ពន្ធនាគារ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​៣ ប្រាជ្ញ សុ​ភី អត្តលេខ ០៣៨៥ ឱ្យ​កាន់​មុខតំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង ដោយ​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​២ ឈុន ដា​រ៉ា អត្តលេខ ០៣៣៣ អតីត​ប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​៕